២ កូរិនថូស ១២
និមិត្ដរបស់លោកប៉ូល និងបន្លាក្នុងសាច់របស់គាត់
១២ខ្ញុំត្រូវតែអួត ទោះបីគ្មានប្រយោជន៍ក៏ដោយ ប៉ុន្ដែខ្ញុំនឹងបន្ដអួតអំពីនិមិត្ដ និងការបើកសំដែងរបស់ព្រះអម្ចាស់ ២ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រិស្ដ ដែលកាលពីដប់បួនឆ្នាំមុន ត្រូវបានឆក់យកទៅស្ថានសួគ៌ទីបី (ទោះបីគាត់ទៅទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប) ៣ហើយខ្ញុំដឹងទៀតថា មនុស្សបែបនេះ (ទោះបីគាត់ទៅ ទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយនោះ ខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប) ៤ត្រូវបានឆក់យកទៅស្ថានសួគ៌ ហើយបានឮពាក្យ ដែលមិនអាចបរិយាយ បាន ក៏មិនអនុញ្ញាតឲ្យមនុស្សនិយាយឡើយ។ ៥ខ្ញុំនឹងអួតអំពីមនុស្សបែបនេះ ប៉ុន្ដែចំពោះខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែអំពីភាពកម្សោយរបស់ខ្ញុំ ៦ព្រោះទោះបីខ្ញុំចង់អួត ក៏ខ្ញុំមិនមែនជាមនុស្សល្ងង់ដែរ ដ្បិតខ្ញុំនិយាយសេចក្ដីពិត ប៉ុន្ដែខ្ញុំចៀសទៅចុះ ក្រែងលោមានអ្នកណាម្នាក់វាយតម្លៃខ្ញុំ លើសពីអ្វីដែលគេបានឃើញ ឬបានឮអំពីខ្ញុំ ៧និងដោយព្រោះភាពឧត្ដុង្គឧត្ដមនៃការបើកសំដែងនេះ។ ដូច្នេះហើយ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក ទើបខ្ញុំទទួលបានបន្លាមួយនៅក្នុងសាច់របស់ខ្ញុំ ជាទេវតារបស់អារក្សសាតាំងដែលវាយខ្ញុំ គឺដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក។ ៨ចំពោះសេចក្ដីនេះ ខ្ញុំបានសូមអង្វរព្រះអម្ចាស់បីដងមកហើយ ដើម្បីដកវាចេញពីខ្ញុំ ៩ប៉ុន្ដែព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើង នឹងសម្រេចនៅក្នុងភាពកម្សោយ»។ ដូច្នេះហើយ ខ្ញុំនឹងអួតអំពីភាពកម្សោយរបស់ខ្ញុំ ដោយអំណរបំផុត ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រិស្ដបានសណ្ឋិតលើខ្ញុំ ១០ហេតុនេះហើយ ដោយព្រោះព្រះគ្រិស្ដ ខ្ញុំពេញចិត្ដនឹងភាពកម្សោយ ការត្មះតិះដៀល ការលំបាក ការបៀតបៀន ព្រមទាំងសេចក្ដីទុក្ខព្រួយ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះខ្ញុំរឹងមាំ។
ការព្រួយបារម្ភរបស់លោកប៉ូលចំពោះអ្នកក្រុងកូរិនថូស
១១ខ្ញុំបានត្រលប់ជាមនុស្សល្ងង់ដោយសារអ្នករាល់គ្នាបង្ខំខ្ញុំ តាមពិតខ្ញុំគួរទទួលបានការលើកតម្កើង ពីអ្នករាល់គ្នា ព្រោះទោះបីខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំគ្មានអ្វីចាញ់ពួកកំពូលសាវក ទាំងនោះដែរ។ ១២មានទីសំគាល់ច្បាស់អំពីមុខងារជាសាវករបស់ខ្ញុំ ដែលបានបង្ហាញនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈការអត់ធ្មត់គ្រប់បែបយ៉ាង តាមរយៈទីសំគាល់ ព្រមទាំងការអស្ចារ្យ និងកិច្ចការដ៏មានអំណាចទាំងឡាយ។ ១៣តើអ្នករាល់គ្នា មានអ្វីអន់ជាងក្រុមជំនុំផ្សេងទៀត ក្រៅពីការដែលខ្លួនខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមលើកលែងទោសឲ្យខ្ញុំ ចំពោះកំហុសនេះផង។ ១៤មើល៍ ខ្ញុំត្រៀមមកជួបអ្នករាល់គ្នាជាលើកទីបីហើយ ប៉ុន្ដែខ្ញុំក៏មិនធ្វើជាបន្ទុកដែរ ដ្បិតខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នាឡើយ គឺចង់បានអ្នករាល់គ្នាវិញ ព្រោះមិនមែនកូនៗទេ ដែលត្រូវសន្សំអ្វីទុកឲ្យឪពុកម្ដាយ គឺឪពុកម្តាយទេ ដែលត្រូវសន្សំទុកឲ្យកូនៗវិញ។ ១៥រីឯខ្ញុំវិញ ដើម្បីព្រលឹងរបស់អ្នករាល់គ្នា ខ្ញុំនឹងចំណាយទ្រព្យដោយអំណរបំផុត សូម្បីតែត្រូវចំណាយខ្លួនខ្ញុំឲ្យអស់ក្ដី បើខ្ញុំស្រឡាញ់អ្នករាល់គ្នា កាន់តែខ្លាំងឡើងៗ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ កាន់តែតិចទៅៗឬ? ១៦ខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នាទេក៏ដោយ ប៉ុន្ដែគេថា ខ្ញុំជាមនុស្សមានល្បិចបោកប្រាស់ យកពីអ្នករាល់គ្នា ១៧តើខ្ញុំបានបោកប្រាស់អ្នករាល់គ្នា តាមរយៈអ្នកណាម្នាក់ ដែលខ្ញុំបានចាត់ឲ្យមកឯអ្នករាល់គ្នា ដែរឬអត់? ១៨ខ្ញុំបានលើកទឹកចិត្ដលោកទីតុស និងបានចាត់បងប្អូនម្នាក់ ឲ្យមកជាមួយគ្នា តើលោកទីតុស បានបោកប្រាស់អ្នករាល់គ្នាដែរឬអត់? តើយើងមិនបានដើរតាមវិញ្ញាណតែមួយ និងតាមលំអានតែមួយទេឬ? ១៩អ្នករាល់គ្នាស្មានជារហូតមកថា យើងដោះសានឹងអ្នករាល់គ្នា ប៉ុន្ដែយើងនិយាយនៅក្នុងព្រះគ្រិស្ដ នៅចំពោះព្រះជាម្ចាស់វិញ បងប្អូនជាទីស្រឡាញ់អើយ! សេចក្ដីទាំងអស់នោះ គឺ សម្រាប់ស្អាងចិត្តអ្នករាល់គ្នាទេ។ ២០ដ្បិត ខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំឃើញថា អ្នករាល់គ្នាមិនដូចជាអ្វីដែលខ្ញុំប៉ង រីឯអ្នករាល់គ្នាក៏ឃើញថា ខ្ញុំមិនដូចជាអ្វី ដែលអ្នករាល់គ្នាប៉ងដែរ ឬក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស កំហឹង ការប្រជែង ការនិយាយបង្ខូច ការបរិហារកេរ្ដិ៍ ការក្រអឺតក្រទម និងសេចក្ដីវឹកវរ ២១ឬក្រែងលោពេលខ្ញុំមកម្តងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំ នៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខ ចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្តពីសេចក្ដីស្មោកគ្រោក អំពើ អសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ត។