២ កូរិនថូស ១១
លោកប៉ូលប្រឆាំងនឹងពួកសាវកក្លែងក្លាយ
១១ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំ នឹងសេចក្ដីចម្កួតបន្ដិច បន្ដួចរបស់ខ្ញុំនេះ គឺអ្នករាល់គ្នាកំពុងទ្រាំនឹងខ្ញុំស្រាប់ហើយ ២ដ្បិតខ្ញុំប្រច័ណ្ឌនឹងអ្នករាល់គ្នា ដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាភ្ជាប់ពាក្យនឹងបុរសតែម្នាក់គត់ ទុកជាក្រមុំបរិសុទ្ធសម្រាប់ថ្វាយដល់ព្រះគ្រិស្ដ ៣ប៉ុន្ដែ ខ្ញុំខ្លាចក្រែងលោ គំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដ ដូចជាសត្វពស់បញ្ឆោតនាងអេវ៉ា ដោយល្បិចកលរបស់វា។ ៤ដ្បិតបើមានអ្នកណាម្នាក់មកប្រកាស អំពីព្រះយេស៊ូមួយទៀតដែលយើងមិនបានប្រកាស ឬឲ្យអ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ដែលអ្នករាល់គ្នាមិនបានទទួល ឬឲ្យទទួលដំណឹងល្អផ្សេងទៀត ដែលអ្នករាល់គ្នាមិនបានទទួល នោះអ្នករាល់គ្នាទ្រាំបានយ៉ាងងាយ។ ៥ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីអន់ជាង ពួកកំពូលសាវកទាំងនោះទេ ៦ដ្បិត ទោះបីខ្ញុំមិនពូកែខាងសំដីមែន ប៉ុន្ដែ មិនមែនខាងចំណេះដឹងទេ ផ្ទុយទៅវិញ យើងបានបង្ហាញឲ្យអ្នករាល់គ្នាឃើញគ្រប់បែបយ៉ាង នៅក្នុងគ្រប់ការទាំងអស់ ៧ឬមួយការដែលខ្ញុំបន្ទាបខ្លួន ដើម្បីឲ្យអ្នករាល់គ្នា ត្រូវបានលើកតម្កើង ដោយការប្រកាសដំណឹងល្អ របស់ព្រះ ជាម្ចាស់ដល់អ្នករាល់គ្នា ដោយឥតគិត ថ្លៃនោះ តើខ្ញុំប្រព្រឹត្តបាបឬ? ៨ខ្ញុំបានប្លន់ក្រុមជំនុំផ្សេងៗ ដោយយកថ្លៃឈ្នួលដើម្បីឧបត្ថម្ភអ្នករាល់គ្នា ៩ពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានភាពខ្វះខាត នោះខ្ញុំមិនបានធ្វើជាបន្ទុកដល់ អ្នកណាម្នាក់ទេ ព្រោះពួកបងប្អូនដែលមកពីស្រុកម៉ាសេដូន បានបំពេញភាពខ្វះខាតរបស់ខ្ញុំ នៅក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនខ្ញុំ មិនឲ្យត្រលប់ជាបន្ទុកដល់អ្នករាល់គ្នាទេ ហើយខ្ញុំនឹងធ្វើដូច្នេះទៀត។ ១០ដោយសេចក្ដីពិតរបស់ព្រះគ្រិស្ដដែលនៅក្នុងខ្ញុំ មោទនភាពរបស់ខ្ញុំនេះ នឹងមិនត្រូវស្ងប់នៅក្នុងតំបន់នៃស្រុកអាខៃឡើយ។ ១១ហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជាម្ចាស់ជ្រាបហើយ ១២ដូច្នេះខ្ញុំនឹងបន្ដធ្វើអ្វី ដែលខ្ញុំកំពុងធ្វើនេះទៀត ដើម្បី ដកឱកាសចេញ ពីពួកអ្នកដែលចង់បានឱកាស ឲ្យគេគិតថា ខ្លួនស្មើនឹងយើង នៅក្នុងចំណុច ដែលពួកគេអួតនោះ។ ១៣ដ្បិតពួកមនុស្សបែបនេះ ជាពួក សាវកក្លែងក្លាយ ជាពួកអ្នកធ្វើការឆបោក ដែលក្លែងខ្លួនជាសាវករបស់ព្រះគ្រិស្ដ ១៤ប៉ុន្ដែកុំឆ្ងល់ឡើយ ព្រោះអារក្សសាតាំង ក៏ក្លែងខ្លួនជាទេវតានៃពន្លឺដែរ ១៥ដូច្នេះ មិនមែនជារឿងធំអ្វីទេ បើអ្នកបម្រើរបស់វា ក្លែងខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិតនោះ ឯទីបញ្ចប់របស់ពួកវានឹងទៅតាមកិច្ចការរបស់ពួកវា។
លោកប៉ូលអួតអំពីការរងទុក្ខវេទនារបស់គាត់
១៦ខ្ញុំប្រាប់ម្តងទៀតថា កុំឲ្យអ្នកណាម្នាក់គិតថា ខ្ញុំជាមនុស្សល្ងង់ឡើយ ប៉ុន្ដែបើដូច្នោះមែន ចូរទទួលខ្ញុំដូចជាមនុស្សល្ងង់ចុះ ដើម្បីឲ្យខ្ញុំបានអួតបន្តិច ១៧អ្វីដែលខ្ញុំនិយាយនេះ មិនមែននិយាយ ស្របតាមព្រះអម្ចាស់ទេ គឺតាមសេចក្ដីចម្កួត ដែលទុកចិត្តលើការអួតអាង ១៨ដ្បិតមានមនុស្សជាច្រើន អួតខ្លួនទៅតាមសាច់ឈាម ដូច្នេះ ខ្ញុំនឹងអួតដែរ ១៩ព្រោះអ្នករាល់គ្នាឆ្លាតដែលទ្រាំនឹងពួកមនុស្សល្ងង់ដោយពេញចិត្ដ ២០ទោះបីមានអ្នកណាម្នាក់ យកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬមានអ្នកណាម្នាក់ បំផ្លាញអ្នករាល់គ្នា ឬមានអ្នកណាម្នាក់ រឹបអូសអ្នករាល់គ្នា ឬមានអ្នកណាម្នាក់ លើកតម្កើងខ្លួន ឬមានអ្នកណាម្នាក់ វាយមុខអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាទ្រាំ ដែរ ២១ខ្ញុំនិយាយដោយសេចក្ដីអាម៉ាស់ថា យើងខ្សោយណាស់ ចំពោះសេចក្ដីទាំងនេះ បើអ្នកណាហ៊ានអួតអំពីអ្វីមួយ នោះខ្ញុំនិយាយដោយសេចក្ដីចម្កួតថា ខ្ញុំក៏ហ៊ានដែរ។ ២២តើពួកគេជាជនជាតិ ហេព្រើរឬ? ខ្ញុំក៏ជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ជនជាតិអ៊ីស្រាអែលដែរ។ តើពួកគេជាពូជពង្សលោកអ័ប្រាហាំឬ? ខ្ញុំក៏ពូជពង្សលោកអ័ប្រាហាំដែរ។ ២៣តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា ២៤ជនជាតិយូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដងហើយ ២៥ខ្ញុំត្រូវគេវាយនឹងដំបងបីដង ត្រូវគេគប់នឹងដុំថ្មមួយដង លិចសំពៅបីដង រសាត់នៅមហាសមុទ្រអស់មួយថ្ងៃមួយយប់ ២៦ខ្ញុំបានធ្វើដំណើរជាញឹកញាប់ ប្រថុយនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយសារចោរប្លន់ គ្រោះថ្នាក់ដោយ សារជនជាតិឯង គ្រោះថ្នាក់ដោយសារ សាសន៍ដទៃ គ្រោះថ្នាក់នៅតាមក្រុង គ្រោះថ្នាក់នៅតាមទីរហោឋាន គ្រោះថ្នាក់នៅតាមសមុទ្រ និងគ្រោះថ្នាក់ ដោយសារបងប្អូនក្លែងក្លាយ ២៧ទាំងមានការនឿយហត់ និងលំបាក អត់ងងុយជាញឹកញាប់ ស្រេកឃ្លាន តមអាហារជាញឹកញាប់ រងា និងនៅអាក្រាតទៀតផង។ ២៨ក្រៅពីសេចក្ដីទាំងនេះ ខ្ញុំមានបន្ទុកជារៀងរាល់ថ្ងៃ ដែលជាការខ្វល់ខ្វាយ ចំពោះក្រុមជំនុំទាំងអស់ ២៩បើមានអ្នកណាម្នាក់ខ្សោយ តើខ្ញុំមិនខ្សោយទេឬ? បើមានអ្នកណាម្នាក់ ត្រូវគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឆេះឆួលទេឬ? ៣០បើខ្ញុំត្រូវអួត ខ្ញុំនឹងអួតពីភាពកម្សោយរបស់ខ្ញុំ ៣១ហើយព្រះជាម្ចាស់ និងព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច ព្រះអង្គជ្រាបថា ខ្ញុំមិនកុហកទេ។ ៣២នៅក្រុងដាម៉ាស់ចៅហ្វាយក្រុង របស់ស្តេចអើរេតាសបានយាមនៅទ្វារក្រុងដាម៉ាស់ ដើម្បីចាប់ខ្ញុំ ៣៣ប៉ុន្ដែមានគេដាក់ខ្ញុំនៅក្នុងកញ្ជើ រួចសម្រូតចុះតាមបង្អួចកំផែង ហើយខ្ញុំក៏បានរួចផុតពីដៃរបស់គាត់។