២ កូរិនថូស ១០
លោកប៉ូលការពារសិទ្ធិអំណាច របស់គាត់
១០ខ្ញុំប៉ូល ដែលតាមសំបកក្រៅ ជាមនុស្សសុភាពពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្ដែមោះមុតចំពោះអ្នករាល់គ្នា ពេលមិននៅជាមួយ ខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាដោយចិត្ដស្លូតបូត និងសេចក្ដីប្រណីរបស់ព្រះគ្រិស្ដ ២គឺខ្ញុំសូមអង្វរថា ពេលខ្ញុំមកដល់ កុំឲ្យខ្ញុំមោះមុតដោយការទុកចិត្ដ ដែលខ្ញុំបានគិតថាខ្ញុំមិនខ្លាចពួកអ្នកខ្លះដែលគិតថា យើងរស់នៅតាមសាច់ឈាមនោះឡើយ ៣ដ្បិតទោះបីយើងរស់នៅ ខាងសាច់ឈាមក៏ដោយ ក៏យើងមិនតយុទ្ធតាមសាច់ឈាមដែរ ៤ព្រោះគ្រឿងសឹកសង្រ្គាមរបស់យើង មិនមែនខាងសាច់ឈាមទេ ផ្ទុយទៅវិញ ជាអំណាចមកពីព្រះជាម្ចាស់ សម្រាប់បំផ្លាញបន្ទាយទាំងឡាយហើយក៏បំផ្លាញអស់ទាំងគំនិត ៥និងអស់ទាំងកម្ពស់ ដែលងើបប្រឆាំងនឹងចំណេះដឹងរបស់ព្រះជាម្ចាស់ ព្រមទាំងនាំគ្រប់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រិស្ដ ៦ហើយត្រៀមជាស្រេច ដាក់ទោសការមិនស្តាប់បង្គាប់ទាំងឡាយ នៅពេលដែលការស្តាប់បង្គាប់របស់អ្នករាល់គ្នាបានពោរពេញ។
៧អ្នករាល់គ្នាមើលអ្វីៗ តាមសំបកក្រៅប៉ុណ្ណោះ បើអ្នកណាជឿជាក់ថាខ្លួនជារបស់ព្រះគ្រិស្ដ ចូរឲ្យអ្នកនោះគិតពីសេចក្ដីនេះដោយខ្លួនឯងម្ដងទៀតចុះថា យើងក៏ជារបស់ព្រះគ្រិស្ដ ដូចគេដែរ។ ៨ទោះបីខ្ញុំអួតជ្រុល អំពីសិទ្ធិអំណាច របស់យើង ដែលព្រះអម្ចាស់បានប្រទានឲ្យសម្រាប់ស្អាងចិត្ត មិនមែនសម្រាប់បំផ្លាញអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនខ្មាសដែរ ៩ដើម្បីកុំឲ្យមើលទៅហាក់ដូចជាខ្ញុំបំភ័យអ្នករាល់គ្នា តាមរយៈសំបុត្ររបស់ខ្ញុំ ១០ដ្បិតមានគេនិយាយថា សំបុត្ររបស់គាត់ធ្ងន់ៗ និងមានអំណាចណាស់ ប៉ុន្ដែពេលជួប រូបកាយរបស់គាត់ខ្សោយ ហើយការនិយាយស្ដី គួរឲ្យមើលងាយទៀតផង។ ១១ចូរឲ្យមនុស្សបែបនេះដឹងការនេះចុះថា ពេលយើងមិននៅជាមួយ សំដីនៅក្នុងសំបុត្រយ៉ាងណា នោះពេលយើងនៅជាមួយ ការប្រព្រឹត្ដិក៏យ៉ាងនោះដែរ ១២យើងមិនហ៊ានរាប់ ឬប្រៀបផ្ទឹមខ្លួននឹងអ្នកខ្លះ ដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្ដែការដែលពួកគេវាស់ស្ទង់ខ្លួននៅក្នុងចំណោមពួកគេ ហើយប្រៀបផ្ទឹមខ្លួននឹងខ្លួនឯង នោះពួកគេគ្មានការយល់ដឹងសោះ ១៣រីឯយើងវិញ យើងនឹងមិនអួតឲ្យហួសខ្នាតឡើយ ផ្ទុយទៅវិញ គឺ តាមខ្នាតនៃដែនកំណត់ ដែលព្រះ ជាម្ចាស់ បានបែងចែកដល់យើងទុកជាខ្នាតមួយ ដែលយើងបានមកដល់អ្នករាល់គ្នា ១៤ដ្បិតយើងមិនបានទៅឲ្យហួសខ្នាត ហាក់បីដូចជាយើងមិនបានមកឯអ្នករាល់គ្នានោះឡើយ ព្រោះយើងបានមកដល់អ្នករាល់គ្នាជាមួយនឹងដំណឹងល្អរបស់ព្រះគ្រិស្ដ ១៥ហើយយើងមិនអួតហួសខ្នាត អំពីការនឿយហត់របស់អ្នកដទៃឡើយ ប៉ុន្ដែយើងមានសង្ឃឹមថា នៅពេលជំនឿ របស់អ្នករាល់គ្នាចម្រើនឡើង នោះដែនកំណត់របស់យើងក្នុងចំណោមអ្នករាល់គ្នា នឹងរីកចម្រើនឡើងយ៉ាងធំ ១៦ដើម្បីប្រកាសដំណឹងល្អដល់តំបន់ដែលនៅហួសអ្នករាល់គ្នា ដោយមិនមែនអួតអំពីអ្វី ដែលបានធ្វើរួចរាល់ នៅក្នុងដែនកំណត់របស់អ្នកដទៃឡើយ។ ១៧ដូច្នេះ អ្នកណាដែលអួត ចូរអួតនៅក្នុងព្រះអម្ចាស់ចុះ ១៨ដ្បិតមិនមែនអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលត្រូវបានទទួលស្គាល់ ប៉ុន្ដែជាអ្នកដែលព្រះជាម្ចាស់លើកតម្កើងវិញ។