១ ធីម៉ូថេ ៥
ដំបូន្មានឲ្យមើលការខុសត្រូវស្ដ្រីមេម៉ាយ ចាស់ទុំ និងបាវបម្រើ
៥មិនត្រូវ ស្តីបន្ទោសប្រុសចាស់ៗ ឡើយ ផ្ទុយទៅវិញ ដាស់តឿនគាត់ដូចជាឪពុក ហើយប្រុសក្មេងៗដូចជាបងប្អូនប្រុស ២ស្រីចាស់ៗដូចជាម្តាយ ហើយស្រីក្មេងៗដូចជាបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធទាំងស្រុង។ ៣ចូរគោរពស្រ្តីមេម៉ាយ ដែលពិតជាស្រ្តីមេម៉ាយមែន។ ៤ប៉ុន្ដែបើស្រ្តីមេម៉ាយណាមានកូនមានចៅ ចូរឲ្យកូនចៅទាំងនោះរៀនបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបសព្វព្រះហឫទ័យព្រះជាម្ចាស់។
៥រីឯស្រ្តីមេម៉ាយពិតប្រាកដ ហើយរស់នៅឯកោ ស្រ្ដីនោះនឹងសង្ឃឹមលើព្រះជាម្ចាស់ ទាំងព្យាយាមទូលអង្វរ ហើយអធិស្ឋានទាំងយប់ ទាំងថ្ងៃ ៦ប៉ុន្ដែស្រ្តីមេម៉ាយណា ដែលរស់នៅក្នុងសេចក្ដីស្រើបស្រាល ទោះបីនៅរស់ក៏ដោយ ក៏ឈ្មោះថា ស្លាប់ហើយដែរ។
៧ចូរទូន្មានពួកគេអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យពួកគេឥតបន្ទោសបាន ៨ប៉ុន្ដែបើអ្នកណា មិនផ្គត់ផ្គង់សាច់ញាតិរបស់ខ្លួន ជាពិសេស ក្រុមគ្រួសាររបស់ខ្លួននោះឈ្មោះថា បានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
៩ស្រ្តីមេម៉ាយ ដែលត្រូវរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពីហុកសិបឆ្នាំឡើងទៅ និងធ្លាប់មានប្តីតែមួយប៉ុណ្ណោះ ១០ហើយគាត់មានកេរ្តិ៍ឈ្មោះល្អដោយព្រោះអំពើល្អទាំងឡាយ គឺបានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យពួកបរិសុទ្ធ បានជួយអ្នករងទុក្ខលំបាក និងបានខំប្រព្រឹត្ដល្អគ្រប់បែបយ៉ាង។
១១រីឯស្រ្តីមេម៉ាយក្មេងៗវិញ មិនត្រូវចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងឃ្លាតចេញពីព្រះគ្រិស្ដ ដោយមានចិត្ដស្រើបស្រាល ពួកនាងចង់រៀបការទៀត ១២ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយព្រោះបំពានសេចក្ដីដែលខ្លួនបានសច្ចាពីមុន។ ១៣ម្យ៉ាងទៀតពួកនាងចេះតែដើរចុះឡើង ពីផ្ទះមួយទៅផ្ទះមួយ មិនធ្វើការអ្វីទេ ហើយមិនគ្រាន់តែមិនធ្វើការប៉ុណ្ណោះទេ ថែមទាំងនិយាយបេះបួយ និងជ្រៀតជ្រែតកិច្ចការអ្នកដទៃ ព្រមទាំងនិយាយពីការផ្សេងៗ ដែលមិនគួរនិយាយទៀតផង។ ១៤ដូច្នេះខ្ញុំចង់ឲ្យស្រ្តីមេម៉ាយក្មេងៗរៀបការ បង្កើតកូន និងគ្រប់គ្រងផ្ទះសម្បែងទៅ ដើម្បីកុំឲ្យអ្នកប្រឆាំង មានឱកាសនិយាយបង្ខូចបានឡើយ។ ១៥ដ្បិតមានស្រ្ដីមេម៉ាយមួយចំនួន បានបែរទៅតាមអារក្សសាតាំងហើយ។
១៦បើមានស្រ្ដីអ្នកជឿម្នាក់ មានសាច់ញាតិជាស្រ្តីមេម៉ាយ ចូរឲ្យស្ដ្រីនោះជួយស្ដ្រីមេម៉ាយនោះចុះ មិនត្រូវដាក់បន្ទុកលើក្រុមជំនុំទេ ដើម្បីឲ្យក្រុមជំនុំជួយពួកស្រ្តីមេម៉ាយពិតប្រាកដ។ ១៧ចាស់ទុំទាំងឡាយណាដែលដឹកនាំបានល្អ នោះត្រូវរាប់ជា ស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេស ពួកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។ ១៨ដ្បិតបទគម្ពីរចែងទុកថា មិនត្រូវឃ្លុំមាត់គោ ពេលបញ្ជាន់ស្រូវឡើយ ហើយចែងទុកទៀតថា អ្នកធ្វើការស័ក្ដិសម នឹងទទួលបានឈ្នួលរបស់ខ្លួន។
១៩មិនត្រូវទទួលយក ពាក្យចោទប្រកាន់ទាស់នឹង ចាស់ទុំណាម្នាក់ឡើយ លើកលែងតែមានសាក្សីពីរ ឬបីនាក់។ ២០រីឯអ្នកដែលប្រព្រឹត្ដបាប ចូរស្តីបន្ទោសអ្នកនោះ នៅចំពោះមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកផ្សេងទៀតខ្លាចដែរ។
២១នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកទេវតាដែលព្រះអង្គបានជ្រើសរើស ខ្ញុំសូមដាស់តឿនយ៉ាងម៉ឹងម៉ាត់ថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយមិនរើសមុខអ្នកណា ឬធ្វើអ្វីដោយលំអៀងឡើយ។ ២២កុំប្រញាប់ដាក់ដៃលើអ្នកណាម្នាក់ ហើយមិនត្រូវរួមចំណែក ក្នុងបាបរបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។
២៣កុំផឹកតែទឹកឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្តិចបន្ដួចផង ដោយព្រោះក្រពះ និងជំងឺដែលអ្នកមានជារឿយៗ។
២៤បាបរបស់មនុស្សខ្លះ បង្ហាញឲ្យឃើញច្បាស់នៅមុនការជំនុំជម្រះ ប៉ុន្តែបាបរបស់មនុស្សខ្លះនឹងបង្ហាញឲ្យឃើញតាមក្រោយ ២៥រីឯការល្អវិញ ក៏ឃើញច្បាស់ដូច្នោះដែរ ហើយទោះបីមិនឃើញច្បាស់ ក៏មិនអាចលាក់បាំងបានដែរ។