KCB - ១ ធីម៉ូថេ ៤


១ ធីម៉ូថេ ៤

ពាក្យ​ដាស់​តឿន​ឲ្យប្រយ័ត្ន​នឹង​គ្រូ ​ក្លែង​ក្លាយ

ប៉ុន្ដែ​ ព្រះវិញ្ញាណ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ​នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ជំនឿ ហើយ​ចាប់អារម្មណ៍​នឹង​ វិញ្ញាណ​បោក​បញ្ឆោត និង​ សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស​ ដោយសារ​ពាក្យ​ពុតត្បុត ​របស់​ពួក​កុហក​ ដែល​មនសិការ​របស់​ពួកគេ​បាន​ស្ពឹក​អស់​ហើយ ​ពួកគេ​ហាម​ឃាត់​មិន​ឲ្យរៀបការ ហើយឲ្យតម​អាហារ​ដែល​ព្រះជាម្ចាស់​ បាន​បង្កើត​មក​សម្រាប់ពួក​អ្នក​ជឿ និង​ពួក​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​បាន​បរិភោគ​ទាំង​អរ​ព្រះគុណ​ ដ្បិត​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់ ​បាន​បង្កើត​មក​សុទ្ធតែ​ល្អ​ ដូច្នេះ​មិន​ត្រូវ​ចោល​អ្វី​​ឡើយ នៅ​ពេល​ទទួល​ដោយ​អរ​ព្រះគុណ​ហើយ​​ ព្រោះ​​អាហារ​ទាំងនោះ​ បាន​ញែក​ជា​បរិសុទ្ធ​ តាមរយៈ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ និង​ពាក្យ​ទូល​អង្វរ។

អ្នកបម្រើដ៏ល្អរបស់ព្រះជាម្ចាស់

បើ​អ្នក​បង្ហាញ​ សេចក្ដី​ទាំង​នេះ​ដល់​ពួក​បងប្អូន​ឲ្យស្គាល់ នោះ​អ្នក​នឹង​ត្រលប់​ជា​អ្នក​បម្រើ​ដ៏​ល្អ ​របស់​ព្រះ​គ្រិស្ដ​យេស៊ូ ហើយ​ជា​អ្នក​ ដែល​ត្រូវ​បាន​​ចិញ្ចឹមដោយ​ព្រះបន្ទូល​នៃ​ជំនឿ និង​សេចក្តី​បង្រៀន​ដ៏​ប្រសើរ​ដែល​អ្នក​បាន​កាន់​តាម។​ ចូរ​បដិសេធ​ រឿង​ព្រេង​ខាង​លោកិយ​របស់​ស្រី​ចាស់ៗ ផ្ទុយ​ទៅ​វិញ​ ចូរ​បង្វឹក​ខ្លួន​ខាងឯការ​គោរព​ កោត​ខ្លាច​ព្រះ​ជាម្ចាស់​ចុះ​ ព្រោះ​ការ​បង្វឹក​​​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្ដួច​ទេ ប៉ុន្ដែ​​ការ​បង្វឹក​​​ខាងឯការ​គោរព ​កោត​ខ្លាច​ព្រះ​ជាម្ចាស់​មាន​ប្រយោជន៍​​សព្វបែបយ៉ាង ​ដ្បិត​មាន​ទាំង​សេចក្ដី​សន្យា​ សម្រាប់​ជីវិត​បច្ចុប្បន្ន និង​ជីវិត​អនាគត​ផង។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង។​ ១០ដោយ​ហេតុ​នេះ​​ហើយ​បាន​ជា​យើង​ធ្វើ​ការនឿយ​ហ​ត់​ ទាំង​​តយុទ្ធ​ ព្រោះ​យើង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ទាំង​អស់ ជា​ពិសេស​របស់​ពួក​អ្នក​ជឿ។

១១​ចូរ​បង្គាប់​ និង​​បង្រៀន​​សេចក្ដី​ទាំងនេះ​ចុះ។ ១២កុំឲ្យអ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​ឡើយ ផ្ទុយ​ទៅ​វិញ ​ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿខាងឯ​ពាក្យ​សំដី​ ការប្រព្រឹត្តិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ និង​សេចក្ដី​បរិសុទ្ធ។ ១៣​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​អាន​គម្ពីរ​ ការ​លើក​ទឹកចិត្ត និង​សេចក្តី​បង្រៀន​ទម្រាំ​ខ្ញុំ​មក​ដល់។

១៤កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ឡើយ ជា​អំណោយ​ទាន ​ដែល​បាន​ប្រទាន​មក​អ្នក​តាមរយៈ​ការ​ថ្លែង​ព្រះ​បន្ទូល​ដោយ​មាន​ក្រុម​ចាស់​ទុំ​​ បាន​ដាក់​ដៃ​លើ​​អ្នក​ទៀត​ផង ១៥​ចូរ​រិះគិតអំពីសេចក្ដី​ទាំងនេះ ហើយ​ប្រព្រឹត្តដោយ​ឧស្សាហ៍​​ចុះ ដើម្បី​ឲ្យគ្រប់​គ្នា​បាន​ឃើញ​ការ​រីកចម្រើន​​របស់​អ្នក។ ១៦​ចូរ​ប្រយ័ត្ន​​ខ្លួន​អ្នក និង​សេចក្ដី​បង្រៀន​របស់​អ្នក ចូរ​កាន់​ខ្ជាប់​សេចក្តី​ទាំងនេះ ដ្បិត​ធ្វើ​ដូច្នេះអ្នក​នឹង​សង្គ្រោះ​ខ្លួន​ឯង​ផង និង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។

១ ធីម៉ូថេ ៤