KCB - ១ ធីម៉ូថេ ៣


១ ធីម៉ូថេ ៣

អ្នក​ដឹកនាំ​ក្រុម​ជំនុំ​

ពាក្យនេះ​គួរ​ឲ្យ​ជឿ​​​ គឺ​ថា ​បើ​ អ្នក​ណា​ចង់​ធ្វើ​ជា​ អ្នក​មើល​ការខុស​ត្រូវ អ្នក​នោះ​ចង់​​​ធ្វើ​ការ​ល្អ​ហើយ។ ​ដូច្នេះអ្នក​មើល​ការ​ខុស​ត្រូវ​ ត្រូវ​តែ​ជាអ្នក​ដែល​ឥត​បន្ទោស​បាន គឺ​មាន​ប្រពន្ធ​តែ​ម្នាក់​ ចេះ​ទប់​ចិត្ដ ដឹង​ខុស​ត្រូវ មាន​កិរិយា​មាយាទ​ល្អ ចេះ​រាក់​ទាក់ ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន មិន​ចំណូល​ស្រា មិនឆេវឆាវ ប៉ុន្ដែ​មាន​ចិត្ត​ស្លូត​បូត មិន​រករឿងឈ្លោះប្រកែក​ មិន​​ស្រឡាញ់​លុយ ចេះ​គ្រប់​គ្រង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ ទាំង​ឲ្យកូនៗ​​ចុះ​ចូល​​ដោយការ​គោរព​ទាំង​ស្រុង​​ (​បើ​អ្នក​ណា​ម្នាក់​ មិន​ចេះ​គ្រប់​គ្រង​គ្រួសារ​របស់​ខ្លួន​ផង តើ​ឲ្យ​គាត់​មើល​ថែក្រុម​ជំនុំ​របស់​ព្រះជាម្ចាស់​បាន​យ៉ាង​ដូច​ម្តេច?​​)​

ហើយ​អ្នក​មើល​ខុស​ត្រូវ​នោះ​ មិន​មែន​ជា​អ្នក ​ដែល​ទើប​នឹង​ជឿ​​ឡើយ ក្រែង​លោ​អ្នក​នោះ​កើត​មាន​ចិត្ត​ធំ ហើយ​ជាប់​ទោស​ដូច​អារក្ស​សាតាំង​ដែរ ​អ្នក​នោះ​ ក៏​ត្រូវមាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ដែរ​ ក្រែង​លោ​គាត់​ត្រូវ​គេ​​ដៀលត្មះ​ ហើយ​ធ្លាក់​ទៅ​ក្នុង ​អន្ទាក់​របស់​អារក្ស​សាតាំង។​

រីឯ‍​អ្នក​ជំនួយ​វិញក៏​ដូច្នោះ​ដែរ ត្រូវ​តែ​ជា​អ្នកដែល​គួរ​គោរព មិន​និយាយ​សំដី​ពីរ មិន​ចំណូល​ស្រា​​ពេក​ ឬ​លោភ​លន់​ចង់​បានដោយ​ថោកទាប​ឡើយ​ គាត់​ត្រូវ​កាន់​តាម​​អាថ៌កំបាំងរបស់​​ជំនឿ​ ដោយ​មនសិការ​បរិសុទ្ធ។ ១០​ត្រូវ​ពិសោធ​​អ្នក​ទាំង​នោះ​ជា​មុន​សិន កាល​បើ​ឃើញ​ថា​ ជា​អ្នក​ដែល​ឥត​​បន្ទោស​បាន​ ​សឹម​ឲ្យអ្នក​ទាំង​នោះ​ធ្វើ​ជា​អ្នក​ជំនួយ​​ចុះ។​

១១រីឯស្រីៗ​វិញ ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព មិន​និយាយ​មួល​បង្កាច់ ផ្ទុយ​ទៅ​វិញ​ ចេះ​ទប់​ចិត្ដ ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។​

១២អ្នក​ជំនួយ​ត្រូវ​តែ​ជា​អ្នក​មាន​ប្រពន្ធ​តែ​ម្នាក់​ ហើយ​គ្រប់​គ្រង​កូន​ៗ​ និង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ​ ១៣​ដ្បិត​​អ្នក​​ដែល​បំពេញ​មុខ​ងារ​ជា​អ្នក​ជំនួយបាន​ល្អ​​នោះ​ នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន ព្រមទាំង​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ខ្លាំង​ នៅក្នុង​​ជំនឿ​លើ​​ព្រះគ្រិស្ដ​យេស៊ូ។​

សេចក្ដី​ពិត​នៃ​​ជំនឿ​របស់​យើង​

១៤ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​ មក​អ្នក ទាំង​សង្ឃឹមថា ​នឹង​បាន​មក​ជួប​អ្នក​នៅ​ពេល​ឆាប់ៗ​នេះ ១៥​ប៉ុន្ដែ​បើ​ខ្ញុំ​ក្រ​មក ក៏​អ្នក​នឹង​​ដឹង​អំពី​របៀប ​ដែល​ត្រូវ​ប្រព្រឹត្ត​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ ដែល​ជា​ក្រុម​ជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ជា​សសរ​ទ្រូង និង​ជា​គ្រឹះ​នៃ​សេចក្ដី​ពិត‍។​

១៦ពិត​ណាស់​ អាថ៌កំបាំង​នៃ​ការ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់​អស្ចារ្យ​ណាស់ គឺ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន ​ឲ្យគេ​ឃើញនៅក្នុង​​​​សាច់​ឈាម ព្រះអង្គ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​​ព្រះវិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ មាន​គេ​ប្រកាស​អំពី​ព្រះអង្គ ​នៅក្នុង​ចំណោម​សាសន៍​ដទៃ មនុស្ស​នៅ​ក្នុង​ពិភពលោក ​​ជឿ​លើ​​ព្រះអង្គ ហើយ​ព្រះអង្គ​ត្រូវ​បាន​លើក​ឡើង​ទៅ​ក្នុង​សិរី​រុងរឿង។

១ ធីម៉ូថេ ៣