KCB - ១ ថែស្សាឡូនីច ៥


១ ថែស្សាឡូនីច ៥

បងប្អូន​អើយ! ចំពោះ​ពេល​ វេលា និង​ពេល​កំណត់​ ខ្ញុំ​មិន​ចាំ​បាច់​សរសេរ​​ប្រាប់​អ្នករាល់គ្នា​ទេ ​ដ្បិត​អ្នករាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះអម្ចាស់​ នឹង​មក​​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។​ កាល​ណា​គេ​និយាយ​ថា មាន​សន្ដិភាពហើយ​ មាន​សន្ដិសុខហើយ​ ពេលនោះ​សេចក្តីវិនាស​​នឹង​កើត​ឡើង​ចំពោះ​គេ​មួយ​រំពេច ​ប្រៀប​ដូច​ជា​​ស្រ្តីមាន​ផ្ទៃ​ពោះ​ ឈឺ​ចាប់​​ហៀប​នឹង​សម្រាល​កូន ហើយ​​​គេច​មិនរួច​​ឡើយ‍។

រីឯ​អ្នករាល់គ្នា​វិញ បង​ប្អូន​អើយ!​ អ្នករាល់គ្នា​ មិន​មែន​នៅ​ក្នុង​សេចក្ដី​ងងឹត​ដែល​ឲ្យ​​ថ្ងៃ​នោះ​មក​ដល់​អ្នករាល់គ្នា ​ដូច​ជា​ចោរឡើយ ព្រោះ​អ្នករាល់គ្នា​​ជា​កូន​នៃ​ពន្លឺ និង​ជា​​កូន​នៃ​ថ្ងៃ។​ យើង​មិន​មែន​ជា​ពួកនៃ​សេចក្ដី​ងងឹត ​ ឬយប់​ឡើយ ​ដូច្នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​ជា​អ្នក‍ឯ​ទៀត​ឡើយ គឺ​​យើង​ត្រូវ​ប្រុង​ស្មារតី ហើយដឹងខ្លួន​​ជានិច្ច‍។ ​ដ្បិត​អ្នក​ដេក គេ​ដេក​នៅ​ពេល​យប់ ហើយ​អ្នក​​ស្រវឹង​ ក៏​ស្រវឹង​នៅ​ពេល​យប់​ដែរ​ ប៉ុន្ដែ​យើង​ជា​ពួក​នៃ​​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ​ទាំង​ពាក់​ជំនឿ និង​សេចក្ដី​ស្រឡាញ់​​​ជា​អាវក្រោះ​ ព្រម​ទាំង ​យក​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្រ្គោះ​​ជា​មួក ​ពីព្រោះ​​ព្រះជាម្ចាស់​មិន​បាន​តម្រូវ​យើង​ ទុក​សម្រាប់​សេចក្ដី​ក្រោធ​ទេ គឺ​សម្រាប់​ទទួល​​សេចក្ដី​សង្គ្រោះ​វិញ ​តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​នៃ​យើង ១០​ព្រះអង្គបាន​សោយ​ទិវង្គត​ជំនួស​យើង ដើម្បី​ឲ្យយើង​មាន​ជីវិត​ជាមួយ​ព្រះអង្គ ទោះបី​យើង​​ដឹងខ្លួន ឬ​​​ដេកលក់​​​ក៏ដោយ។​ ១១ដូច្នេះ ចូរ​កម្សាន្ត​ចិត្ត​គ្នា ហើយ​ស្អាង​គ្នា​ទៅវិញ​ទៅមក​ ដូច​ដែល​អ្នករាល់គ្នា​កំពុង​ធ្វើ​ស្រាប់។

ដំបូន្មានចុងក្រោយរបស់​លោកប៉ូល

១២ប៉ុន្ដែ​បងប្អូន​អើយ! យើង​សូម​អង្វរ​​​អ្នករាល់គ្នា ចូរគោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់ ​ក្នុង​ចំណោម​អ្នករាល់គ្នា ទាំង​​ដឹក​នាំ​អ្នករាល់គ្នា​ ក្នុង​ព្រះអម្ចាស់ និង​​ដាស់​តឿន​អ្នករាល់គ្នា​ ១៣​រួច​ចូរ​​ឲ្យ​តម្លៃ​អ្នក​ទាំង​នោះ​​ខ្ពស់​បំផុត ដោយ​​សេចក្ដី​ស្រឡាញ់​ ព្រោះតែកិច្ចការរបស់​ពួកគេ។ ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​គ្នា​ចុះ។​

១៤​បងប្អូន​អើយ! យើង​សូម​ដាស់​តឿន​អ្នករាល់គ្នា​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​គ្មាន​សណ្តាប់​ធ្នាប់ ចូរ​លើក​ទឹក​ចិត្ត​​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ដ ចូរជួយ​ទ្រទ្រង់​អស់​អ្នក​ដែល​ខ្សោយ និង​មាន​ចិត្ដ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់។ ១៥ចូរ​ប្រយ័ត្ន កុំ​ឲ្យនរណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​អាក្រក់ ​តប​ស្នង​អំពើ​អាក្រក់​ឡើយ ផ្ទុយ​ទៅ​វិញ​ ចូរ​ខំ​ធ្វើ​អំពើ​ល្អដល់​គ្នា​ជានិច្ច និងដល់មនុស្ស​ទាំង​អស់។ ១៦ចូរ​អរ​សប្បាយ​ជានិច្ច!​ ១៧ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ​! ១៨ចូរ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ សម្រាប់​អ្នក​រាល់គ្នា​ដែល​នៅក្នុង​ព្រះគ្រិស្ដ​​យេស៊ូ។ ១៩កុំ​ពន្លត់​ព្រះវិញ្ញាណ ២០កុំ​មើល​ងាយ​ការ​ថ្លែង​ព្រះបន្ទូល ២១ប៉ុន្ដែ​ចូរ​ពិសោធគ្រប់​ការ​ទាំង​អស់ ហើយប្រព្រឹត្ត​​​អ្វី​​ដែល​ល្អ​យ៉ាង​ខ្ជាប់ខ្ជួន​ ២២ចូរ​ចៀស​វាងសេចក្តី​​អាក្រក់​គ្រប់​បែប​យ៉ាង។​

ពាក្យជម្រាបសួរចុងក្រោយរបស់​លោកប៉ូល

២៣សូម​​ព្រះជាម្ចាស់នៃ​សេចក្ដី​សុខសាន្ត​ញែក​អ្នករាល់គ្នា​ ជា​បរិសុទ្ធ​ទាំងស្រុង​ ហើយ​​រក្សាព្រលឹង វិញ្ញាណ និង​រូបកាយ​របស់​អ្នករាល់គ្នា​ ឲ្យ​ឥត​​បន្ទោស​បាន​ រហូត​ដល់​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក។ ២៤ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នករាល់គ្នា ព្រះអង្គ​ស្មោះ​ត្រង់ ហើយ​ព្រះអង្គ​នឹង​សម្រេច​ការ​នោះ​មិន​ខាន។ ២៥​បងប្អូន​អើយ! សូម​អធិស្ឋាន​សម្រាប់​​យើង​​ផង‍។ ២៦ចូរ​ជម្រាប​សួរ​បងប្អូន​ទាំងអស់ ​ដោយ​ការ​ថើប​​បរិសុទ្ធ​ចុះ។ ២៧​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ ​ឲ្យពួក​បងប្អូន​ទាំងអស់​ស្តាប់​ផង។ ​២៨សូម​ឲ្យអ្នករាល់គ្នា​ បានប្រកប​ដោយ​ព្រះគុណ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​ព្រះអម្ចាស់​របស់​យើង‍៕​

១ ថែស្សាឡូនីច ៥