KCB - ១ ថែស្សាឡូនីច ៣


១ ថែស្សាឡូនីច ៣

ដោយ​ព្រោះ​ យើង​ពុំ​អាច​ទ្រាំ​ ទៀត​បាន យើង​ក៏​សម្រេច​​ចិត្ដ​នៅ​ក្រុង​អាថែន​​តែគ្នាយើង​ ហើយ​ចាត់​ធីម៉ូថេ​​ជា​បងប្អូន​របស់​យើង និង​ជា​អ្នក​រួម​ការងារ​ បម្រើ​ព្រះជាម្ចាស់​ក្នុង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ ឲ្យទៅ​ពង្រឹង និង ​លើក​ទឹក​ចិត្ត​អ្នករាល់គ្នា​ខាង​ឯ​ជំនឿ​ ​ដើម្បី​កុំ​ឲ្យ​នរណា​​ម្នាក់​ត្រូវ​រង្គី ដោយ​ព្រោះ​សេចក្តីវេទនា​ទាំងនេះ​ឡើយ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ព្រះជាម្ចាស់​បាន​តម្រូវ​ឲ្យយើង ​ជួប​ប្រទះសេចក្តី​វេទនា​​បែប​នេះ។ ​កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា​នៅ​ឡើយ យើង​បាន​ប្រាប់​អ្នករាល់គ្នា​រួច​ហើយ​ថា យើង​នឹង​ត្រូវ​រង​​ទុក្ខ​វេទនា​ ហើយ​ការ​នោះ​ក៏​កើត​ឡើង​​មែន​ ដូច​ដែល​​អ្នករាល់គ្នា​ដឹង​ស្រាប់។​ ដោយ​ខ្ញុំ​មិន​អាច​ទ្រាំ​ទៀត​បាន ​ខ្ញុំ​ក៏​ចាត់​ធីម៉ូថេ​​ឲ្យមក​ ដើម្បី​ឲ្យ​ដឹង​​ពី​ជំនឿ​របស់​អ្នករាល់គ្នា ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​អ្នករាល់គ្នាតាម​​របៀប​ណា​មួយ​ ដែល​​នាំ​ឲ្យ​ការ​នឿយ​ហត់​របស់​យើង ​ត្រលប់​ជា​ឥត​ប្រយោជន៍។​

របាយការណ៍របស់​ធីម៉ូថេស្តីអំពី​ ក្រុមជំនុំ

​ឥឡូវ​នេះ ធីម៉ូថេ​​បាន​ត្រលប់​​ពី​អ្នករាល់គ្នាមក​ឯ​យើង​វិញ​ហើយ ព្រម​ទាំង​នាំ​ដំណឹង​ល្អ​ប្រាប់​យើង ​អំពី​ជំនឿ និង​ សេចក្ដី​ស្រឡាញ់​​របស់​អ្នករាល់គ្នា ហើយ​​ថា អ្នករាល់គ្នា​តែងតែ​នឹក​ចាំ​យ៉ាង​ល្អ​​អំពី​យើងជានិច្ច ដោយ​ចង់​ជួប​យើង​ ដូច​ជា​យើង​ចង់​ជួប​អ្នករាល់គ្នា​ដែរ‍។​ ដូច្នេះ​បងប្អូន​អើយ! ​នៅ​ក្នុង​ពេល​យើង​មាន​ទុក្ខ​ព្រួយ និង​សេចក្ដី​វេទនា​គ្រប់បែប​យ៉ាង​ នោះ​​យើង​បាន​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ត​ ពី​អ្នករាល់គ្នា ដោយ​សារ​ជំនឿ​របស់​អ្នករាល់គ្នា​ ដ្បិត​ឥឡូវ​នេះ ​យើង​រស់​ បើ​សិន​​អ្នករាល់គ្នា​ឈរ​មាំមួន​នៅ​ក្នុង​ព្រះអម្ចាស់។

​តើ​យើង​អាច​​ ​អរ​ព្រះគុណ​​ព្រះជាម្ចាស់​​ដូច​ម្តេច​​​​អំពី​អ្នករាល់គ្នា សម្រាប់​គ្រប់​ទាំង​អំណរ​ ដែល​យើង​មាន​ដោយ​សារ​អ្នករាល់គ្នា នៅ​ចំពោះ​​​ព្រះជាម្ចាស់​របស់​យើង? ១០យើង​ទូល​អង្វរ​​អស់​ពី​ចិត្តទាំង​យប់​ទាំង​ថ្ងៃ សូម​ឲ្យបាន​ជួប​មុខ​អ្នករាល់គ្នា ដើម្បី​ជួយបំពេញ​សេចក្ដី​ខ្វះខាត​ខាង​ឯ​ជំនឿ​របស់​អ្នករាល់គ្នា។​

១១សូម​ឲ្យ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា និង​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​​​​ បើកផ្លូវ​ឲ្យ យើង​បាន​មក​ជួប​អ្នករាល់គ្នា។ ១២សូម​​ព្រះអម្ចាស់​ ប្រទាន​ឲ្យ​អ្នករាល់គ្នា​​មានសេចក្ដី​ស្រឡាញ់​​ច្រើន​ឡើង​ ហើយ​ហូរហៀរ​​​ដល់​គ្នា​ទៅវិញ​ទៅមក ព្រមទាំង​ដល់​មនុស្ស​ទាំងអស់ ដូចដែល​​យើង​បាន​ស្រឡាញ់​​អ្នករាល់គ្នា​ដែរ ១៣និង​សូម​ឲ្យ​ព្រះអង្គ​ពង្រឹង​ចិត្ដ​អ្នករាល់គ្នា ​ឲ្យមាំមួន​ឡើង​ ហើយ​​បរិសុទ្ធ​ ឥត​​បន្ទោស​បាន​នៅ​ចំពោះ​​ព្រះជាម្ចាស់​ជា​ព្រះវរបិតា នៅពេល​​ដែល​ព្រះ​យេស៊ូ ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក ​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ។ អាម៉ែន។

១ ថែស្សាឡូនីច ៣