KCB - ១ ពេត្រុស ៣


១ ពេត្រុស ៣

អាកប្បកិរិយា​សម្រាប់​ប្ដី​ និងប្រពន្ធ​

រីឯ​ប្រពន្ធ​រាល់គ្នា​ ក៏​ដូច្នោះ​ដែរ ត្រូវ​​​ចុះចូលនឹង​​ប្ដី​របស់​ខ្លួន ទោះបី​ប្ដី​នោះ​មិន​ស្ដាប់បង្គាប់​​ព្រះបន្ទូលក៏​ដោយ​ ក៏​គង់​តែអាច​ទាក់ទាញ​ចិត្ត​ប្ដីរបស់​ខ្លួន​​​បាន តាមរយៈ​អាកប្ប​កិរិយា ​​​ដោយ​មិន​បាច់​និយាយ​ស្ដី​អ្វី​ឡើយ ព្រោះ​​​គេ​បាន​សង្កេត​ឃើញ ​អាកប្បកិរិយា​បរិសុទ្ធ​ របស់​​​អ្នករាល់គ្នា​ ដែល​គោរព​កោតខ្លាច​ព្រះជា​ម្ចាស់។​​

ចូរ​កុំ​តុបតែង​ខ្លួន​តែ​សំបក​ក្រៅ​ ដូចជាក្រង​សក់ ពាក់​មាស និង​ស្លៀក​សម្លៀក​បំពាក់ផ្សេងៗ​នោះឡើយ​ ផ្ទុយទៅវិញ​ ចូរ​តុបតែង​មនុស្សខាង​ក្នុង​ចិត្ត ដោយ​​គ្រឿង​​ដែល​មិន​ចេះ​ពុក​រលួយ គឺដោយ​វិញ្ញាណ​​ស្លូត​បូត និង​ស្រគត់​ស្រគំ ដែល​​មាន​តម្លៃ​បំផុត ​នៅ​ចំពោះ​​ព្រះជា​ម្ចាស់។​​ ដ្បិត​​កាល​​ពី​ដើម ពួក​ស្រ្តី​បរិសុទ្ធ​ដែល​សង្ឃឹម​លើ​​ព្រះជាម្ចាស់ ក៏​បាន​តុប​តែង​ខ្លួន​របៀប​នេះ​ ទាំង​ចុះ​ចូល​នឹង​​ប្ដី​របស់​ខ្លួន​​ដែរ ដូចជា​សារ៉ា​បាន​​ស្ដាប់​បង្គាប់​លោក​អ័ប្រាហាំ ព្រមទាំង​ហៅ​គាត់​​ថា លោក​ម្ចាស់ទៀត​ផង។ អ្នករាល់គ្នា​បាន​​ត្រលប់​ជា​កូន​របស់​សារ៉ា​ បើអ្នករាល់គ្នា​​ប្រព្រឹត្ត​ល្អ​ ដោយ​ឥត​ភ័យ​ខ្លាច​ ចំពោះ​ការ​បំភ័យ​ណា​មួយ​នោះ។​ រី‍ឯ​ប្ដី​រាល់គ្នា ​ក៏​ដូច្នោះ​ដែរ ត្រូវ​​រស់នៅ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ​ដោយ​យល់​​ថា​មនុស្ស​ស្រីជា​ភាជនៈ​ ដែល​​ខ្សោយ​ជាង​ ហើយ​ចូរ​ផ្តល់​​កិត្តិយស​ដល់​នាង ​ទុក​ជា​អ្នក​រួម​ទទួលមរតក​​ព្រះគុណ​នៃ​ជីវិត ​ដើម្បី​កុំ​ឲ្យមាន​អ្វី​មក​បង្អាក់​សេចក្ដី​អធិស្ឋាន​​របស់​អ្នករាល់គ្នា​ឡើយ។​

ជីវិត​គ្រិស្ដបរិស័ទ​

នៅ​ទី​បញ្ចប់​នេះ ចូរ​ឲ្យអ្នក​ទាំងអស់​គ្នា​ មាន​គំនិត​​តែ​មួយ មាន​ចិត្ដ​អាណិត​អាសូរ មាន​​ចិត្ដស្រឡាញ់​​​គ្នា​ ដូចជា​បង​ប្អូន ចិត្ដ​សន្ដោស និង​ចិត្ត​សុភាព​ចុះ​‍។​ ចូរ​កុំ​ធ្វើ​ការ​​អាក្រក់​ ​តបស្នងនឹង​​ការ​អាក្រក់ ឬ​ពោល​ពាក្យ​ប្រមាថ​តប​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ ផ្ទុយ​ទៅវិញ ​ចូរ​ឲ្យពរ​គេ ព្រោះ​ព្រះ​ជា​ម្ចាស់​​បាន​ត្រាស់​ហៅ​ អ្នករាល់គ្នា​សម្រាប់​ការ​នេះ​ឯង ដើម្បី​ឲ្យអ្នករាល់គ្នា​បាន​ទទួល​ព្រះពរ​ទុក​ជា​​មរតក​ ១០ដ្បិត​អ្នកណា​ដែល​ស្រឡាញ់​​​ជីវិត ហើយ​ចង់​ឃើញ​ថ្ងៃ​ល្អ អ្នកនោះ​ត្រូវ​ចេះ​ទប់​អណ្ដាត​ខ្លួន​ កុំ​ឲ្យ​និយាយ​អាក្រក់ ព្រម​ទាំង​​ទប់​បបូរ​មាត់​ខ្លួន​ ​កុំ​ឲ្យពោល​ពាក្យ​បោក​ប្រាស់​ឡើយ​។​ ១១ចូរ​ឲ្យ​អ្នកនោះ​ចៀស​វាង​ពីការ​អាក្រក់ ហើយ​ប្រព្រឹត្ដ​ល្អ​វិញ ចូរ​ឲ្យអ្នក​នោះ​ស្វែង​រក ព្រមទាំង​ដេញ​តាម​សេចក្ដី​សុខ​សាន្ត​​ចុះ។​ ១២ដ្បិត​ព្រះនេត្រ​​របស់​ព្រះអម្ចាស់​ទត​មើល​​​មនុស្ស​សុចរិត ឯ​ព្រះកាណ៌​​​របស់​ព្រះអង្គ ​ក៏​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​គេ​ដែរ ប៉ុន្ដែ​ព្រះភក្រ្ត​របស់​ព្រះអង្គ​ ប្រឆាំងនឹង​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់​វិញ

សេចក្ដី​រងទុក្ខ​ដោយ​ព្រោះ​ការ​ល្អ​

១៣បើ​អ្នករាល់គ្នា​ មានចិត្ដ​​ប្តូរ​ផ្តាច់​ប្រព្រឹត្ត​​ល្អ តើ​អ្នក​ណា​​ធ្វើ​បាប​អ្នករាល់គ្នា​?​ ១៤ប៉ុន្ដែ​បើ​អ្នក​រាល់​គ្នា​​​​​រងទុក្ខ​ដោយ​ព្រោះ​សេចក្តី​សុចរិតមែន អ្នក​​រាល់​គ្នា​​មានពរ​ហើយ ចូរ​កុំ​​ភ័យ​ខ្លាចចំពោះ​ការ​បំភ័យ​របស់​គេ ឬ​​ជ្រួលច្របល់ឡើយ ​១៥ផ្ទុយទៅវិញ ចូរ​​ទុក​​ព្រះគ្រិស្ដ​​ ​ជា​ព្រះអ​ម្ចាស់​​ នៅក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ចុះ ហើយ​ចូរ​ប្រុង​ប្រៀប​​​​ជានិច្ច ដើម្បី​ឆ្លើយការពារ​ទៅ​កាន់​​អស់អ្នក ​ដែល​​សួរ​អំពី​​សេចក្ដី​សង្ឃឹម​របស់​អ្នករាល់គ្នា​ ១៦ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់ និង​ដោយ​គោរព​កោតខ្លាច​ព្រះ​ជា​ម្ចាស់ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ដើម្បី​ឲ្យ​ពួក​​អ្នក​ដែល​​និយាយ​មួលបង្កាច់​អ្នករាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវអាម៉ាស់​មុខ​ ​គឺ​ពួក​អ្នក​ដែលនិយាយបង្ខូច អំពីអាកប្ប​​កិរិយា​ល្អ​របស់​អ្នករាល់គ្នា​ នៅក្នុង​ព្រះ​គ្រិស្ដ​ ១៧ដ្បិត​​បើ​ជា​បំណង​​របស់​ព្រះជា​ម្ចាស់​​មែន នោះ​​ស៊ូ​រងទុក្ខ​ដោយព្រោះ​​ប្រពឹ្រត្ដ​ល្អ ប្រសើរ​​ជាង​ប្រពឹ្រត្ដ​អាក្រក់។​

១៨ដ្បិត​ព្រះគ្រិស្ដ​​​​ ក៏​បាន​​រងទុក្ខ​ម្ដងដោយ​ព្រោះ​​បាបដែរ​ គឺ​ព្រះ​អង្គ​​​សុចរិត​បាន​​សោយទិវង្គត​ ជំនួស​មនុស្ស​​ទុច្ច​រិត​ ដើម្បី​​ឲ្យព្រះអង្គនាំ​អ្នករាល់គ្នា​ ទៅ‍ឯ​ព្រះ​ជាម្ចាស់​ ព្រះអង្គ​​ត្រូវ​គេ​​​សម្លាប់​​ខាង‍ឯ​សាច់​ឈាម ប៉ុន្ដែព្រះ​វិញ្ញាណបាន​ប្រោស​​ព្រះអង្គ​​ឲ្យរស់​ឡើង​វិញ​​​ ១៩ដោយ សារ​​ព្រះវិញ្ញាណនោះ ព្រះអង្គ​បាន​យាង​ទៅ ​ប្រកាស​ព្រះ​បន្ទូល​​ប្រាប់​វិញ្ញាណ​ទាំង​ឡាយ​​ដែល​​​​ជាប់​​ឃុំឃាំង​ ២០គឺ​ជា​ពួក​​អ្នក​មិន​ស្តាប់​បង្គាប់​កាល​ពី​ដើម​​ នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​រង់ចាំ ​ដោយ​​អត់ធ្មត់​​នៅ​ជំនាន់​លោក​ណូអេ​ ពេលដែល​​​ទូក​ធំកំពុងសាង​សង់ ​ហើយ​នៅ​ក្នុង​ទូក​ធំ​មាន​មនុស្ស​​បន្ដិច​បន្ដួច​​ប៉ុណ្ណោះ​ គឺ​មាន​​មនុស្ស​ប្រាំបី​នាក់​ ដែល​បាន​រួច​ជីវិតដោយ​សារ​​​​​​ទឹក។​ ២១នេះ​ជា​​គំរូ​អំពី​ពិធី​ជ្រមុជ ​ដែល​បាន​សង្គ្រោះ​អ្នករាល់គ្នា​ឥឡូវនេះដែរ ដោយ​សារ​ការ​រស់​ឡើង​​វិញ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​​ មិន​មែនជា​​ការ​លាង​សំអាត ​ភាពស្មោកគ្រោករបស់​​​​រូប​កាយ​​ទេ ផ្ទុយទៅ​វិញ​ជា​ការ​ឆ្លើយ​តប​ចេញ​ពី​​មនសិការ​ល្អ​ ​ចំពោះ​ព្រះ​ជាម្ចាស់​​​ ២២ព្រះ​យេស៊ូ​​នេះ​ហើយ​ ដែល​បាន​យាង​​ឡើង​ទៅស្ថានសួគ៌​​ គង់​នៅ​ខាង​ស្ដាំ​ព្រះជា​ម្ចាស់​ ហើយ​​​ទេវតា ​សិទ្ធិ​អំណាច និង​​អំណាច​ទាំងឡាយ បាន​​​​ចុះ​ចូល​​​​នឹងព្រះអង្គ​​ផង​‍ដែរ។

១ ពេត្រុស ៣