KCB - ១ ពេត្រុស ២


១ ពេត្រុស ២

ដូច្នេះ ចូរ​អ្នករាល់គ្នា​បោះបង់គ្រប់ទាំង​​​ការ​អាក្រក់ ​ឧបាយកល​ ​អំពើ​ពុត​ត្បុត និង​សេចក្តី​​ច្រណែន ព្រម​ទាំង​​ការ​និយាយ​ដើម​គ្នា ​​គ្រប់​បែបយ៉ាង​នោះ​ចោល​ទៅ‍!​ ចូរ​សង្វាត​រក​ទឹកដោះ​សុទ្ធ​ខាង‍​វិញ្ញាណ ​ដូចជា​ទារក​ដែល​ទើប​​​នឹង​កើត ធ្វើដូច្នោះដើម្បី​ឲ្យអ្នករាល់គ្នា​បាន​ចម្រើន​​​​ឡើង ​​ដរាប​ដល់​ទទួល​បាន​​សេចក្ដី​សង្គ្រោះ‍​ ដ្បិត​​អ្នករាល់គ្នា​បាន​ភ្លក់​ហើយ​ថា​ ​ព្រះ​អ​ម្ចាស់​ល្អ។​

ថ្ម​ដ៏រស់​សម្រាប់​ដំណាក់​របស់ ព្រះជាម្ចាស់​

ចូលមកឯព្រះអង្គ គឺ​ជា​ថ្ម​ដ៏​រស់​ដែល​ត្រូវ​មនុស្ស​​បោះបង់​ចោល​ ប៉ុន្ដែ​​​ព្រះជាម្ចាស់​បាន​ជ្រើស​​​​រើស​ ព្រោះ​មាន​​តម្លៃ។​ ​អ្នករាល់គ្នា​ក៏​ដូច​ជា​​ថ្ម​ដ៏​​រស់​ដែរ កំពុង​តែ​បាន​​​សង់​ឡើង ​ឲ្យទៅ​ជា​​ដំណាក់​​ខាង​វិញ្ញាណ​​ និង​​ជា​​សង្ឃ​ដ៏​​បរិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាង​វិញ្ញាណ​ ដែល​គាប់​​ព្រះហឫទ័យ​ព្រះជាម្ចាស់ ​តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​នៅក្នុង​បទ​គម្ពីរ​ថា៖ «មើល៍​ យើង​បាន​ដាក់​ថ្មមួយ ​​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​នៅ​តាម​ជ្រុង​ដ៏​មាន​តម្លៃ ដែល​បាន​​ជ្រើស​​រើស​ ហើយ​អ្នក​​ណា​​ជឿ​លើ​ថ្ម​នោះ​ អ្នក​នោះ​​នឹង ​មិនត្រូវ​​ខកចិត្ត​​ឡើយ»។​ ដូច្នេះ ថ្ម​នេះ​​មាន​តម្លៃ​សម្រាប់​​អ្នក​រាល់​គ្នា​ដែល​ជឿ ប៉ុន្តែ​សម្រាប់​អ្នក​មិន​ជឿ​វិញ ថ្ម​​នេះ​ជា ​ថ្ម​​ដែល​​ជាង​សំណង់​​​បោះ​បង់​​ចោលនោះ​​​ ត្រលប់​​ជា​ថ្ម​ដ៏​សំខាន់​នៅតាម​ជ្រុង​ ជា​​​ថ្ម​ដែល​នាំ​ឲ្យជំពប់​ដួល ហើយ​​ជាផ្ទាំង​​ថ្ម ​ដែល​ធ្វើ​ឲ្យ​រវាត​ចិត្ត ហើយ​គេ​ជំពប់​ដួល ពី​ព្រោះ​គេ​មិន​​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល ​ដោយ​ព្រោះ​ពួកគេ​ត្រូវ​បាន​កំណត់​​ទុក​ សម្រាប់​ការ​នោះ​ឯង។​

រីឯ​​អ្នក​រាល់​គ្នា​ ជា​ពូជ​ដែល​បាន​ជ្រើស​រើស ជា​សង្ឃហ្លួង ជា​ជនជាតិ​បរិសុទ្ធ ជា​ប្រជារាស្រ្ត​ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស​​អំពី ​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ដែល​ព្រះអង្គ​បាន​ហៅ​អ្នករាល់គ្នា​ចេញ​ពី​សេចក្តី​​ងងឹត ចូល​មក​ក្នុង​ពន្លឺ​​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​​ ១០កាល​ពី​ដើម អ្នក​រាល់​គ្នាមិន​មែន​ជា​ប្រជា​រាស្រ្ដ​​របស់​ព្រះជាម្ចាស់​ទេ ប៉ុន្ដែ​ឥឡូវ​នេះ អ្នក​រាល់គ្នា​ជា​​ប្រជារាស្រ្ត​ របស់​ព្រះ​ជា​ម្ចាស់ ហើយ​ពី​ដើម​អ្នករាល់គ្នា ​មិន​បាន​ទទួល​សេចក្តី​មេត្តា​ករុណា​​ទេ ប៉ុន្ដែ ​​ឥឡូវ​នេះ អ្នករាល់គ្នា​​​ទទួលបាន​ហើយ។​​​​​​​​​​​​​​​

១១បង​ប្អូន​​ជា​ទីស្រឡាញ់​​អើយ! ខ្ញុំ​សូម​ដាស់​តឿន​​​អ្នករាល់គ្នា ​ដែល​ជា​ជន​បរទេស ហើយ​​ជា​អ្នក​ស្នាក់នៅ​បណ្តោះ​អាសន្ន​ថា ចូរ​​ចៀស​​ចេញ​ពី​សេចក្តី​ប៉ងប្រាថ្នា​ខាង​​សាច់​ឈាម​ ដែល​​ទាស់​​នឹង​ព្រលឹង​ ១២ទាំង​មាន​​កិរិយា​​​ល្អ​នៅក្នុង​ចំណោម​សាសន៍​ដទៃ​​ចុះ ដើម្បី​​ឲ្យគេ​សរសើរ​​តម្កើង​ព្រះ​ជា​ម្ចាស់​នៅ​ថ្ងៃ​​ប្រោស​លោះ​ ដោយ​បាន​​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់គ្នា ទោះ​បី​គេ​ធ្លាប់​និយាយ​បង្ខូច​អ្នករាល់គ្នា​ ទុក​​ដូច​ជា​អ្នក​ប្រព្រឹត្ត​​​អាក្រក់​ក៏ដោយ។​

ការ​ចុះចូល​នឹង​អ្នកដឹកនាំ​

១៣ដោយព្រោះ​​​ព្រះអម្ចាស់ ចូរ​ចុះចូល‍នឹង​​​​​អំណាច​ទាំង​អស់ របស់​មនុស្ស​ មិន​ថា​ ចំពោះស្ដេច​ដែល​មាន​អំណាច​ឧត្ដម​ ១៤ឬ​លោក​អភិ​បាល​​ដែល​ស្ដេច​បាន​ចាត់​​ឲ្យដាក់​ទោស ​​​​ពួក​អ្នក​ប្រព្រឹត្ដ​អាក្រក់ និង​សរសើរ​ពួក​​អ្នក​ប្រព្រឹត្ត​ល្អ​នោះទេ​ ១៥ដ្បិតការបិទ​មាត់​​​​មនុស្ស​​ល្ងង់ខ្លៅ​ដោយ​ការ​ប្រព្រឹត្តិ​​ល្អ ​ជា​​​បំណង​របស់​ព្រះជាម្ចាស់។​​ ១៦ចូរ​​ប្រព្រឹត្ដ​ឲ្យ​សម​​ជា​មនុស្ស​មាន​សេរីភាព ប៉ុន្ដែ​មិន​ត្រូវ​ប្រើ​សេរីភាព​នោះ​ បិទបាំង​សេចក្តី​អាក្រក់​ឡើយ ផ្ទុយទៅវិញ​ ត្រូវ​ប្រព្រឹត្ដ​ឲ្យសម ជា​បាវបម្រើ​របស់​​ព្រះជាម្ចាស់។​ ១៧ចូរ​គោរព​មនុស្ស​ទាំង​អស់ ចូរស្រឡាញ់​​គ្នា​ជា​បងប្អូន ចូរ​កោតខ្លាច​ព្រះជាម្ចាស់ ហើយ​គោរព​ស្ដេច​ផង។​ ១៨ឱ​ បាវ​បម្រើ​​រាល់គ្នា​អើយ! ចូរ​ចុះចូល​នឹង​ចៅហ្វាយ​របស់​​អ្នក​រាល់គ្នា​ ដោយ​កោតខ្លាច​គ្រប់​បែបយ៉ាង គឺ​​មិនមែន​ត្រឹមតែ​ចៅហ្វាយ​ដែល​ល្អ ហើយ​ស្លូត​​​ប៉ុណ្ណោះ​ទេ គឺ​ទាំង​ចៅហ្វាយ​ដែល​កាច​ផង។​ ១៩ដ្បិត​បើ​អ្នកណា​ម្នាក់​រងទុក្ខ​ដោយ​អយុត្តិ​ធម៌ ហើយ​ស៊ូទ្រាំ​ ដោយព្រោះ​ស្គាល់​បំណង​របស់​​ព្រះជាម្ចាស់ អ្នក​នោះ​​បានជា​ទី​សព្វព្រះហឫទ័យ​ដល់ព្រះអង្គហើយ។​ ២០បើ​អ្នករាល់គ្នា​ស៊ូទ្រាំ​ឲ្យគេ​វាយ​ ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​មាន​កិត្ដិយស​អ្វី​? ប៉ុន្ដែ​ បើ​អ្នករាល់គ្នា​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក ដោយ​ព្រោះ​​បាន​ប្រពឹ្រត្ដ​ល្អ នោះ​ទើប​បាន​​ជាទីសព្វ​ព្រះហឫទ័យ ដល់​ព្រះជាម្ចាស់។​

២១ដ្បិត​ព្រះអង្គ ​បាន​​ត្រាស់​ហៅ​អ្នករាល់គ្នាមក​​សម្រាប់​ការ​​នេះ​ឯង ព្រោះ​ព្រះគ្រិស្ដ​ ក៏បាន​រងទុក្ខ​សម្រាប់​​អ្នករាល់​គ្នាដែរ​ ដើម្បី​ទុក​គំរូ​ឲ្យអ្នករាល់គ្នា​ដើរ​តាម​លំអាន​របស់​​ព្រះអង្គ​ ២២ព្រះអង្គ​មិន​ដែល​ប្រព្រឹត្ត​បាប ហើយ​ក៏មិន​ដែល​ឃើញ​មាន​សេចក្ដី​បោក​ប្រាស់ ​​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។​ ២៣ពេលគេ​ប្រមាថ​ព្រះអង្គ ​ព្រះអង្គ​មិន​តបតទេ​ ពេល​ព្រះអង្គ​រងទុក្ខ​លំបាក ព្រះអង្គ​ក៏​មិន​បាន​​គំរាម​កំហែង​គេ​ដែរ​ ផ្ទុយទៅវិញ​ ព្រះអង្គ​បាន​ថ្វាយ​អង្គ​​ទ្រង់​ដល់​​ព្រះជាម្ចាស់​ ដែលជំនុំជម្រះ​ដោយ​សុចរិត‍។​ ២៤ព្រះអង្គ​បាន​ផ្ទុក​​បាប​របស់​​យើង ​ក្នុង​រូបកាយ​របស់​ព្រះអង្គ​​ នៅ​លើ​​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​​បាន​ស្លាប់ ​ខាង‍ឯ​បាប ហើយ​​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ ទាំង​​បាន​​ជា​សះស្បើយដោយ​សារ​របួស​របស់​ព្រះអង្គ ២៥ដ្បិត​កាល​ពី​ដើម ​អ្នករាល់គ្នា​ប្រៀប​​ដូចជា​​ចៀម​​ដែលវង្វេង ប៉ុន្ដែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​​បាន​​ត្រលប់​មក‍ឯ​អ្នក​គង្វាល និង​អ្នក​មើល​ថែ​ព្រលឹង​របស់​អ្នករាល់គ្នា​វិញ​ហើយ។

១ ពេត្រុស ២