១ យ៉ូហាន ៤
ការស្គាល់អ្នកនាំព្រះបន្ទូលក្លែងក្លាយ
៤បងប្អូន ជាទីស្រឡាញ់អើយ! សូមកុំជឿគ្រប់វិញ្ញាណពេក ចូរពិសោធវិញ្ញាណទាំងនោះ ដើម្បីឲ្យដឹងថាមកពីព្រះជាម្ចាស់ ឬមិនមែន ពីព្រោះ មានអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើន បានចេញ ទៅក្នុងពិភពលោកនេះហើយ ២យើងស្គាល់វិញ្ញាណ របស់ព្រះជាម្ចាស់ បានដោយរបៀបនេះ គឺវិញ្ញាណទាំងឡាយណា ដែលទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ដ បានយាងមកក្នុងសាច់ឈាម វិញ្ញាណនោះហើយដែលមកពីព្រះជាម្ចាស់ ៣ប៉ុន្ដែវិញ្ញាណទាំងឡាយណា ដែលមិនទទួលស្គាល់ព្រះយេស៊ូ វិញ្ញាណនោះ មិនមែនមកពីព្រះជាម្ចាស់ទេ គឺជាវិញ្ញាណរបស់អ្នកប្រឆាំងព្រះគ្រិស្ដ ដែលអ្នករាល់គ្នាបានឮថានឹងមក ឥឡូវនេះ គេនៅក្នុងពិភពលោកនេះស្រាប់ហើយ។
៤កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។ ៥ពួកគេមកពីលោកិយ បានជានិយាយរឿង របស់លោកិយ ហើយលោកិយក៏ស្តាប់ពួកគេដែរ។ ៦រីឯយើងវិញយើងមកពីព្រះជាម្ចាស់ ហើយអ្នកណាដែលស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្តាប់យើងដែរ ប៉ុន្ដែអ្នកណាដែលមិនមកពីព្រះជាម្ចាស់ អ្នកនោះមិនស្តាប់យើងឡើយ ដូច្នេះហើយបានជាយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។
ត្រូវស្រឡាញ់គ្នាទៅវិញទៅមក
៧បងប្អូនជាទីស្រឡាញ់អើយ! ចូរឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់ មកពីព្រះជាម្ចាស់ ហើយអស់អ្នក ដែលមានសេចក្ដីស្រឡាញ់ នោះកើតមកពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ព្រះជាម្ចាស់ដែរ ៨ប៉ុន្ដែអ្នកណា ដែលគ្មានសេចក្ដីស្រឡាញ់នោះមិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ ៩ព្រះជាម្ចាស់បានបង្ហាញ សេចក្ដីស្រឡាញ់របស់ព្រះអង្គដល់យើងដោយរបៀបនេះ គឺព្រះអង្គបានចាត់ ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងមានជីវិត ដោយសារព្រះរាជបុត្រានោះ។ ១០សេចក្ដីស្រឡាញ់គឺបែបនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានស្រឡាញ់យើង ហើយបានប្រទាន ព្រះរាជបុត្រារបស់ព្រះអង្គធ្វើជាយញ្ញបូជាប្រោសលោះ សម្រាប់បាបរបស់យើង។
១១បងប្អូនជាទីស្រឡាញ់អើយ! បើព្រះជាម្ចាស់ ស្រឡាញ់យើងដល់ម្ល៉េះ យើងក៏ត្រូវស្រឡាញ់គ្នា ទៅវិញទៅមកដែរ។ ១២គ្មានអ្នកណាធ្លាប់ឃើញព្រះជាម្ចាស់ឡើយ ប៉ុន្ដែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះជាម្ចាស់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គបានគ្រប់លក្ខណ៍ នៅក្នុងយើង។ ១៣ដោយរបៀបនេះ យើងដឹងថា យើងនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏នៅជាប់នឹងយើងដែរ ព្រោះព្រះអង្គបានប្រទាន ព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង ១៤ហើយយើងក៏បានឃើញ ទាំងធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា ឲ្យមកធ្វើជាព្រះអង្គសង្គ្រោះរបស់មនុស្សលោក ១៥អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់គង់នៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ។ ១៦យើងបានស្គាល់ ព្រមទាំងបានជឿលើសេចក្ដីស្រឡាញ់ ដែលព្រះជាម្ចាស់មានដល់យើង។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ រីឯអ្នកណា ដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះក៏នៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏គង់នៅក្នុងអ្នកនោះដែរ។ ១៧ដោយរបៀបនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍ នៅក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះអង្គជាយ៉ាងណា យើងក៏ដូចជាព្រះអង្គដែរនៅក្នុងលោកិយនេះ។ ១៨នៅក្នុងសេចក្ដីស្រឡាញ់ គ្មានសេចក្ដីភ័យខ្លាចឡើយ ដ្បិតសេចក្ដីស្រឡាញ់ដែលគ្រប់លក្ខណ៍កម្ចាត់សេចក្ដីភ័យខ្លាច ពីព្រោះសេចក្ដីភ័យខ្លាច ជាប់មានការដាក់ទោស ដូច្នេះអ្នកណាដែលមានសេចក្ដីភ័យខ្លាច អ្នកនោះមិនទាន់គ្រប់លក្ខណ៍នៅក្នុងសេចក្ដីស្រឡាញ់ទេ។ ១៩រីឯយើងវិញ យើងស្រឡាញ់ ដោយព្រោះព្រះអង្គស្រឡាញ់យើងជាមុន។ ២០បើអ្នកណានិយាយថា ខ្ញុំស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្ដែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហកហើយ ដ្បិតអ្នកដែលមិនស្រឡាញ់បងប្អូន ដែលខ្លួនមើលឃើញ នោះមិនអាចស្រឡាញ់ព្រះជាម្ចាស់ ដែលខ្លួនមើលមិនឃើញបានឡើយ។ ២១នេះជាបញ្ញត្តិដែលយើងបានទទួលពីព្រះអង្គមក គឺអ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ នោះត្រូវស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។