១ កូរិនថូស ៨
សំណែនដល់រូបព្រះ
៨ឥឡូវនេះ ចំពោះសំណែនដល់រូបព្រះ យើងដឹងថា យើងចេះដឹងទាំងអស់គ្នាហើយ។ ការចេះដឹងនាំឲ្យអួតខ្លួន ប៉ុន្ដែសេចក្ដីស្រឡាញ់នាំឲ្យស្អាងចិត្ត។ ២បើអ្នកណាម្នាក់ស្មានថាខ្លួនចេះអ្វីមួយ អ្នកនោះមិនទាន់ចេះតាមដែលខ្លួនត្រូវចេះទេ ៣ប៉ុន្ដែបើអ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។
៤ដូច្នេះ ចំពោះការបរិភោគសំណែនដល់រូបព្រះ គឺយើងដឹងហើយថា រូបព្រះនៅក្នុងលោកិយនេះ គ្មានបានការអ្វីឡើយ ហើយយើងដឹងទៀតថា ក្រៅពីព្រះជាម្ចាស់ គ្មានព្រះឯណាទៀតឡើយ ៥ដ្បិតទោះបីជាមានអ្វីៗ ដែលគេហៅថាព្រះ ទាំងនៅលើមេឃ ឬនៅលើដី ហើយទោះបីជាមានព្រះច្រើន និងព្រះអម្ចាស់ច្រើនក៏ដោយ ៦ក៏យើងមានព្រះជាម្ចាស់តែមួយប៉ុណ្ណោះ គឺជាព្រះវរបិតាដែលបានបង្កើតរបស់សព្វសារពើ ព្រមទាំងយើង ដែលសម្រាប់ព្រះអង្គដែរ ហើយយើងមានព្រះអម្ចាស់យេស៊ូគ្រិស្ដតែមួយប៉ុណ្ណោះ ដែលរបស់សព្វសារពើបានកើតមកដោយសារព្រះអង្គ ហើយយើងក៏កើតមក ដោយសារព្រះអង្គដែរ ៧ប៉ុន្ដែ មិនមែនមនុស្សទាំងអស់មានការចេះដឹងបែបនេះទេ ដ្បិតមានអ្នកខ្លះ ដោយសារតែធ្លាប់ថ្វាយបង្គំរូបព្រះ រហូតដល់ពេលនេះ បានជាគេបរិភោគសំណែនដល់រូបព្រះ ដូច្នេះហើយមនសិការទន់ខ្សោយរបស់គេ ត្រលប់ជាស្មោកគ្រោក។ ៨ប៉ុន្ដែអាហារមិនធ្វើឲ្យយើង ឃ្លាតឆ្ងាយពីព្រះជាម្ចាស់ឡើយ ដ្បិតទោះបីយើងមិនបរិភោគ ក៏មិនអាក្រក់ជាងមុន ហើយបើយើងបរិភោគនោះ ក៏មិនប្រសើរជាងមុនដែរ ៩ប៉ុន្ដែចូរប្រយ័ត្ន ក្រែងលោសិទ្ធិរបស់អ្នករាល់គ្នានេះ ត្រលប់ជាធ្វើឲ្យពួកអ្នកទន់ខ្សោយជំពប់ដួលតាមរបៀបណាមួយ ១០ដ្បិតបើអ្នកណាម្នាក់ ឃើញអ្នកជាមនុស្សម្នាក់ ដែលមានការចេះដឹងកំពុងអង្គុយបរិភោគនៅក្នុងវិហារ ដែលមានរូបព្រះ តើមនសិការទន់ខ្សោយរបស់គេ មិនលើកទឹកចិត្តគេ ឲ្យបរិភោគសំណែនដែរទេឬ? ១១ដូច្នេះអ្នកទន់ខ្សោយ គឺបងប្អូនដែលព្រះគ្រិស្ដ បានសោយទិវង្គតជំនួសនោះ ត្រូវវិនាសដោយសារការចេះដឹងរបស់អ្នកហើយ។ ១២ដោយសារអ្នករាល់គ្នាធ្វើបាបទាស់នឹងបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់ពួកគេរបួស នោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះគ្រិស្ដហើយ ១៣ដូច្នេះបើអាហារណាធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល ខ្ញុំមិនបរិភោគអាហារនោះជារៀងរហូត ដើម្បីកុំឲ្យខ្ញុំធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល។