១ កូរិនថូស ៧
សេចក្ដីណែនាំស្តីអំពីអាពាហ៍ពិពាហ៍
៧ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ ជាការប្រសើរ ដែលមនុស្សប្រុសមិនប៉ះពាល់ស្រី ២ប៉ុន្ដែ ដើម្បីចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ ចូរឲ្យបុរសម្នាក់ៗមានប្រពន្ធជារបស់ខ្លួនចុះ ហើយស្ដ្រីម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ ៣ប្តីត្រូវបំពេញកាតព្វកិច្ចជាប្តី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្តីខ្លួនវិញដែរ ៤ប្រពន្ធគ្មានសិទ្ធិអំណាច លើរូបកាយរបស់ខ្លួនទៀតឡើយ ប៉ុន្ដែគឺប្តីវិញ រីឯប្តីក៏គ្មានសិទ្ធិអំណាច លើរូបកាយរបស់ខ្លួនដែរ ប៉ុន្ដែគឺប្រពន្ធវិញ ៥កុំឲ្យបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមជាមួយគ្នា ដើម្បីញែកពេលមួយអធិស្ឋាន រួចហើយត្រូវនៅជាមួយគ្នាវិញ ក្រែងលោអារក្សសាតាំង ល្បួងអ្នករាល់គ្នាដោយព្រោះតែទប់ចិត្ដមិនបាន ៦ប៉ុន្ដែខ្ញុំនិយាយបែបនេះទុកជាយោបល់ មិនមែនទុកជាសេចក្ដីបង្គាប់ឡើយ ៧ខ្ញុំចង់ឲ្យមនុស្សទាំងអស់ ដូចជាខ្ញុំដែរ ប៉ុន្ដែម្នាក់ៗមានអំណោយទាន មកពីព្រះជាម្ចាស់រៀងៗខ្លួន គឺម្នាក់បែបនេះ ហើយម្នាក់ទៀតបែបនោះ ៨ប៉ុន្ដែខ្ញុំសូមប្រាប់ដល់ពួកអ្នកនៅលីវ និងពួកស្រ្តីមេម៉ាយថា ប្រសិនបើពួកគេនៅដូចជាខ្ញុំបាន នោះប្រសើរសម្រាប់ពួកគេហើយ ៩ប៉ុន្ដែ ប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះ ប្រសើរជាងទុកឲ្យតណ្ហាដុតរោល ១០ប៉ុន្ដែ ចំពោះពួកអ្នកដែលរៀបការហើយ ខ្ញុំសូមដាស់តឿនតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្តីឡើយ ១១ប៉ុន្ដែបើនាងត្រូវបែកពីប្ដីមែន ចូរឲ្យនាងរស់នៅដោយមិនរៀបការទៀត ឬត្រូវផ្សះផ្សាជាមួយប្តីវិញ រីឯប្តីមិនត្រូវបោះបង់ប្រពន្ធឡើយ ១២ប៉ុន្ដែសម្រាប់អ្នកផ្សេងទៀត ខ្ញុំសូមប្រាប់ថា សេចក្ដីនេះមិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្ញុំ ប្រសិនបើបងប្អូនណាម្នាក់ មានប្រពន្ធដែលមិនជឿ ហើយនាងពេញចិត្ដរស់នៅជាមួយគាត់ ចូរកុំបោះបង់នាងឡើយ ១៣រីឯប្រពន្ធវិញ បើមានប្តីដែលមិនជឿ ហើយបុរសនោះពេញចិត្ដរស់នៅជាមួយនាង ចូរកុំបោះបង់ប្តីឡើយ ១៤ដ្បិតប្តីដែលមិនជឿ ត្រូវបានញែកជាបរិសុទ្ធដោយសារប្រពន្ធ រីឯប្រពន្ធដែលមិនជឿ ក៏ត្រូវបានញែកជាបរិសុទ្ធ ដោយសារប្តីដែរ បើមិនដូច្នោះទេ កូនរបស់អ្នករាល់គ្នាមិនបរិសុទ្ធឡើយ ប៉ុន្ដែ ពេលនេះពួកគេបរិសុទ្ធហើយ ១៥ផ្ទុយទៅវិញ បើអ្នកមិនជឿចង់បែកដោយខ្លួនឯង ចូរឲ្យគេបែកចុះ នោះបងប្អូនប្រុសស្រី មិនជាប់នៅក្នុងចំណងបែបនេះទៀតឡើយ ប៉ុន្ដែព្រះជាម្ចាស់ បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសេចក្ដីសុខសាន្ត។ ១៦ឱស្ដ្រីជាប្រពន្ធអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្ដីរបស់អ្នកបាន? ឱបុរសជាប្តីអើយ! តើអ្នកដឹងយ៉ាងដូចម្តេចថា អ្នកនឹងសង្គ្រោះប្រពន្ធរបស់អ្នកបាន? ១៧ចូរឲ្យម្នាក់ៗរស់នៅដូចដែលព្រះអម្ចាស់បានចែកឲ្យ និងដូចដែលព្រះអម្ចាស់ បានត្រាស់ហៅម្នាក់ៗចុះ ហើយខ្ញុំបង្គាប់បែបនេះនៅគ្រប់ក្រុមជំនុំទាំងអស់។ ១៨អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅ នៅពេលកាត់ស្បែករួចហើយ ចូរកុំឲ្យអ្នកនោះបំបាត់ស្នាមឡើយ រីឯអ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅ នៅពេលមិនទាន់កាត់ស្បែក ចូរកុំឲ្យកាត់ស្បែកឡើយ ១៩ការកាត់ស្បែក ឬការមិនកាត់ស្បែកមិនសំខាន់អ្វីឡើយ ប៉ុន្ដែការដែលសំខាន់ គឺធ្វើតាមបញ្ញត្តិរបស់ព្រះជាម្ចាស់ ២០ព្រះជាម្ចាស់ត្រាស់ហៅម្នាក់ៗ នៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ ២១តើព្រះជាម្ចាស់ត្រាស់ហៅអ្នក ពេលអ្នកជាបាវបម្រើឬ? ចូរកុំខ្វល់ឡើយ ប៉ុន្ដែបើអ្នកអាចត្រលប់ជាមានសេរីភាពបាន នោះចូរធ្វើចុះ ២២ដ្បិតនៅក្នុងព្រះអម្ចាស់អ្នក ដែលបានទទួលការត្រាស់ហៅ នៅពេលជាបាវបម្រើ អ្នកនោះជាអ្នកមានសេរីភាព របស់ព្រះអម្ចាស់ដូចគ្នាដែរ អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាអ្នកមានសេរីភាព អ្នកនោះជាបាវបម្រើរបស់ព្រះគ្រិស្ដ ២៣ព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ចូរកុំធ្វើជាបាវបម្រើរបស់មនុស្សទៀតឡើយ ២៤បងប្អូនអើយ! ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ នៅចំពោះព្រះជាម្ចាស់។
២៥រីឯមនុស្សមិនទាន់រៀបការ ខ្ញុំគ្មានសេចក្ដីបង្គាប់មកពីព្រះអម្ចាស់ទេ ប៉ុន្ដែខ្ញុំជូនគំនិត ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា ២៦ខ្ញុំគិតដូច្នេះថា ដែលមនុស្សនៅបែបនេះ នោះល្អហើយ ដោយព្រោះការលំបាកនាពេលបច្ចុប្បន្ន។ ២៧បើអ្នកមានប្រពន្ធហើយ ចូរកុំរកផ្លូវលែងលះ បើអ្នកមិនទាន់មានប្រពន្ធទេ ចូរកុំយកប្រពន្ធ ២៨ប៉ុន្ដែ ទោះបីអ្នករៀបការមែនក៏ដោយ អ្នកមិនបានធ្វើបាបទេ ហើយទោះបីស្រីក្រមុំរៀបការ នាងក៏មិនធ្វើបាបដែរ ប៉ុន្ដែមនុស្សបែបនេះ នឹងមានសេចក្ដីវេទនាខាងឯសាច់ឈាម ដូច្នេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីសេចក្ដីវេទនានោះ។
២៩បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា ពេលវេលាកៀកណាស់ហើយ ដូច្នេះ អ្នកមានប្រពន្ធ គួរនៅដូចជាគ្មានប្រពន្ធ ចាប់ពីពេលនេះតទៅ ៣០អ្នកយំសោកដូចជាមិនយំសោក អ្នកត្រេកអរដូចជាមិនត្រេកអរ ហើយអ្នកដែលទិញដូចជាមិនមានអ្វីសោះ ៣១រីឯអ្នកដែលប្រើលោកិយ ដូចជាមិនបានប្រើសោះ ដ្បិតលោកិយនាពេលបច្ចុប្បន្ននេះ នឹងកន្លងផុតទៅ ៣២ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយទេ អ្នកដែលគ្មានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ គឺធ្វើយ៉ាងណា ឲ្យគាប់ព្រះហឫទ័យព្រះអម្ចាស់ប៉ុណ្ណោះ ៣៣រីឯអ្នកដែលមានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្រពន្ធប៉ុណ្ណោះ ៣៤ហើយគេមានចិត្តបែងចែក។ រីឯស្ត្រីដែលគ្មានប្តី និងស្រីក្រមុំវិញ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីឲ្យនាងបានបរិសុទ្ធទាំងរូបកាយ និងវិញ្ញាណ ប៉ុន្ដែស្រ្តីដែលមានប្តី គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្តីប៉ុណ្ណោះ។
៣៥ខ្ញុំនិយាយបែបនេះ ដើម្បីជាប្រយោជន៍សម្រាប់អ្នករាល់គ្នាផ្ទាល់ មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺនិយាយអំពីអ្វីដែលថ្លៃថ្លា និងការបម្រើព្រះអម្ចាស់ដោយគ្មានកង្វល់ ៣៦ប៉ុន្ដែបើអ្នកណាម្នាក់គិតថា ខ្លួនប្រព្រឹត្ដមិនសមរម្យចំពោះគូដណ្ដឹងរបស់ខ្លួន ហើយបើនាងហួសវ័យ ចូរឲ្យគាត់ធ្វើតាមបំណងរបស់គាត់ចុះ គឺរៀបការនឹងនាង ដ្បិតគាត់មិនធ្វើបាបទេ។ ៣៧ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ត គ្មានការបង្ខិតបង្ខំ ប៉ុន្ដែ អាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ ៣៨ដូច្នេះ អ្នកដែលរៀបការនឹងគូដណ្ដឹង នោះធ្វើបានប្រសើរហើយ ប៉ុន្ដែអ្នកដែលមិនរៀបការ នោះធ្វើបានកាន់តែប្រសើរជាង។
៣៩ដរាបណាប្តីនៅរស់ ប្រពន្ធជាប់ចំណងនឹងប្តី ប៉ុន្ដែបើប្តីស្លាប់ នាងមានសេរីភាព រៀបការនឹងអ្នកដែលនាងចង់រៀបការ គឺនៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ ៤០ប៉ុន្ដែតាមយោបល់របស់ខ្ញុំបើនាងនៅដូច្នោះបាន នោះមានពរជាង ហើយខ្ញុំយល់ឃើញថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។