១ កូរិនថូស ៦
ការចៀសវាងពីការប្តឹងផ្តល់គ្នាក្នុងចំណោមគ្រិស្ដបរិស័ទ
៦បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាមានជម្លោះជាមួយអ្នកដទៃ ម្ដេចក៏ហ៊ានឲ្យគេជំនុំជម្រះនៅចំពោះមុខមនុស្សទុច្ចរិត ប៉ុន្ដែមិនហ៊ាននៅចំពោះមុខពួកបរិសុទ្ធដូច្នេះ ២ឬមួយអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះលោកិយនេះ ដូច្នេះបើលោកិយនេះ ត្រូវអ្នករាល់គ្នាជំនុំជម្រះទៅហើយ តើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការជំនុំជម្រះរឿងកំប៉ិចកំប៉ុកឬ? ៣តើអ្នករាល់គ្នាមិនដឹងទេឬថា យើងនឹងជំនុំជម្រះពួកទេវតាដែរ កុំថាឡើយបញ្ហានៃជីវិតនេះ។ ៤ចុះបើអ្នករាល់គ្នាមានរឿងក្តីនៅក្នុងជីវិតនេះមែន តើអ្នករាល់គ្នាឲ្យពួកអ្នកដែលក្រុមជំនុំមើលងាយ កាត់ក្ដីឲ្យឬ? ៥ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។ តើនៅក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ឈ្លាសវៃអាចនឹងជំនុំជម្រះឲ្យបងប្អូនឯងបានទេឬ? ៦គឺបងប្អូនប្ដឹងផ្ដល់បងប្អូនឯង ហើយនៅចំពោះមុខអ្នកមិនជឿទៀត ៧ដូច្នេះកាលអ្នករាល់គ្នាមានរឿងក្ដីនឹងគ្នាឯង នោះអ្នករាល់គ្នាមានកំហុសទាំងស្រុង រួចទៅហើយ។ ហេតុអ្វីមិនឲ្យគេធ្វើខុសលើទៅ ហេតុអ្វីមិនឲ្យគេគៃបន្លំលើទៅ ៨ដ្បិតអ្នករាល់គ្នាក៏ធ្វើខុស ហើយក៏គៃបន្លំដែរ គឺធ្វើបែបនេះដល់បងប្អូនឯងទៀតផង។
ការចៀសវាងពីបាបខាងផ្លូវភេទ
៩ឬមួយអ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិត នឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកទេឬ ចូរកុំឲ្យចាញ់បញ្ឆោតឡើយ ទាំងមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ អ្នកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកមនុស្សរួមភេទជាមួយភេទដូចគ្នា ១០ពួកចោរ ពួកមនុស្សលោភ ពួកមនុស្សប្រមឹក ពួកប្រមាថគេ ព្រមទាំងពួកមនុស្សបោកប្រាស់ នឹងមិនទទួលបាននគរព្រះជាម្ចាស់ ទុកជាមរតកឡើយ ១១ហើយបងប្អូនខ្លះ ក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្ដែត្រូវបានលាងសំអាត និងត្រូវបានញែកជាបរិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិត ដោយសារព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង ១២ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់ ប៉ុន្ដែមិនមែនអ្វីៗទាំងអស់ សុទ្ធតែមានប្រយោជន៍ទេ ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែ ខ្ញុំមិនឲ្យអ្វីមួយ គ្រប់គ្រងលើខ្ញុំបានឡើយ។ ១៣អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្ដែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញ មិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ ១៤ព្រះជាម្ចាស់ដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញ នឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារអំណាចរបស់ព្រះអង្គដែរ ១៥តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រិស្ដ? ដូច្នេះតើគួរឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រិស្ដ ធ្វើជាអវយវៈរបស់ស្ដ្រីពេស្យាបានឬ? ទេ មិនបានជាដាច់ខាត ១៦ឬមួយអ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមរ័កជាមួយស្រ្តីពេស្យា មានរូបកាយតែមួយជាមួយនាង ដ្បិតមានសេចក្ដីចែងទុកថា៖ «អ្នកទាំងពីរនឹងត្រលប់ជារូបកាយតែមួយ» ១៧រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយ ជាមួយព្រះអង្គដែរ។
១៨ចូររត់គេចពីអំពើអសីលធម៌ខាងផ្លូវភេទ។ បាបទាំងឡាយដែលមនុស្សប្រព្រឹត្ត គឺនៅក្រៅរូបកាយទេ ប៉ុន្ដែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ ១៩ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណ ដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ ២០ដ្បិតព្រះអង្គ បានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ដូច្នេះចូរសរសើរតម្កើងព្រះជាម្ចាស់ ដោយរូបកាយរបស់អ្នករាល់គ្នាចុះ។