KCB - ១ កូរិនថូស ៥


១ កូរិនថូស ៥

លោកប៉ូលថ្កោលទោសចំពោះសេចក្ដី​អំនួតខាងវិញ្ញាណ​

គេ​បាន​ដឹង‍ឮ ​នៅគ្រប់​ទីកន្លែង​ថា មាន​អំពើ​អសីលធម៌​ខាងផ្លូវភេទ​កើតឡើង នៅក្នុង​ចំណោម​អ្នករាល់គ្នា​ ហើយ​សូម្បីតែ​នៅក្នុង​ចំណោម​សាសន៍​ដទៃ​ ក៏​មិន​ដែល​មាន​អំពើ​អសីលធម៌​បែបនេះ​ដែរ ​គឺ​ដូច្នេះមាន​ម្នាក់​បាន​យក​ប្រពន្ធ​ឪពុករបស់​​ខ្លួន ​ហើយ​អ្នករាល់គ្នា​ នៅ​តែ​អួតខ្លួនទៀត​ មិន​​​កើតទុក្ខ​​សោះ​ ព្រោះ​មនុស្ស​ដែល​ធ្វើ​អំពើ​បែប​នេះ​ ត្រូវ​​តែ​ដក​ចេញ​ពី​ក្នុង​ចំណោម​​អ្នករាល់គ្នា​​ ទោះបី​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នករាល់គ្នា​ ខាង​រូប​កាយ​​មែន ប៉ុន្ដែ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ខាង​វិញ្ញាណ ខ្ញុំ​បាន​ថ្កោលទោស​អ្នក​ដែល​បាន​ធ្វើ​អំពើ​បែប​នេះ​រួចហើយ គឺ​ដូច​ជា​បាន​​នៅ​ជាមួយ​អ្នករាល់គ្នា​ដែរ ពេល​​អ្នករាល់គ្នា​ជួបជុំ​គ្នា​ នៅ​ក្នុង​នាម​ព្រះយេស៊ូ​​ជា​ព្រះអម្ចាស់​របស់​យើង នោះ​វិញ្ញាណ​របស់​ខ្ញុំ ​ក៏​នៅ​ជាមួយ​អ្នករាល់គ្នា​ ហើយអំណាច​របស់ព្រះយេស៊ូ ជា​ព្រះអម្ចាស់របស់យើងក៏​នៅ​ជាមួយ​ដែរ​ ដោយ​បាន​ប្រគល់​មនុស្ស​​បែប​នេះ​ ទៅ​ឲ្យ​អារក្ស​សាតាំង​ ដើម្បីឲ្យ​​វិនាស​ខាង​សាច់ឈាម ប៉ុន្ដែ ​វិញ្ញាណ​របស់​គាត់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​វិញ‍។ អំនួត​របស់​អ្នករាល់គ្នា​មិន​ល្អ​ទេ អ្នករាល់គ្នា​មិន​ដឹង​ទេ‍ឬ​ថា មេ​នំប៉័ង​បន្តិច​បន្ដួច ​ធ្វើ​ឲ្យម្សៅ​ទាំង​អស់​ដោរ​ឡើង​ ចូរ​សំអាត​មេ​នំប៉័ង​ចាស់ ដើម្បី​ឲ្យអ្នករាល់គ្នា​ត្រលប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដូចជា​អ្នក​រាល់​គ្នា​គ្មាន​មេនំប៉័ង​ទេ ព្រោះ​ព្រះគ្រិស្ដ​ ជា​កូនចៀម​នៃ​ថ្ងៃ​បុណ្យ​រំលង​របស់​យើង​ ត្រូវ​បាន​គេ​សម្លាប់​ធ្វើ​ជា​យញ្ញបូជា​រួច​ហើយ​ ដូច្នេះ ចូរ​ឲ្យយើង​ធ្វើ​ពិធី​បុណ្យ​​នេះ​ ​ដោយ​​នំប៉័ង​​នៃ​​ចិត្ដ​​បរិសុទ្ធ​ និង​សេចក្ដី​ពិត​ដែល​គ្មាន​មេ​​នំប៉័ង​ គឺ​មិន​មែន​ដោយ​មេនំប៉័ង​ចាស់ ឬ​មេនំប៉័ង​​នៃ​សេចក្ដី​អាក្រក់ និង​សេចក្ដី​ព្យាបាទ​ឡើយ។​ នៅក្នុង​សំបុត្រ ខ្ញុំ​បាន​សរសេរ​ប្រាប់​អ្នករាល់គ្នា កុំ​ឲ្យមានទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ ខាង​ផ្លូវ​ភេទ​ ១០គឺ​​មិន​មែន​សំដៅ​លើ​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ទាំង​អស់​​ នៅ​លោកិយ​​នេះ ឬ​មនុស្ស​លោភលន់ មនុស្ស​បោកប្រាស់ និង​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​នោះ​ឡើយ បើ​ដូច្នោះ​មែន​ អ្នករាល់គ្នា​ត្រូវ​ចេញ​ពី​លោកិយ​នេះ​ទៅ!​ ១១ប៉ុន្ដែ​ពេល​នេះ ខ្ញុំ​សរសេរ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ឲ្យមានទំនាក់ទំនងជាមួយ​អ្នកណា​ម្នាក់​ ដែល‍គេ​ហៅ​ថា​ ជា​បងប្អូន ប៉ុន្ដែជា​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ មនុស្ស​លោភ​លន់ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ អ្នក​ជេរ​ប្រមាថ មនុស្ស​ប្រមឹក មនុស្ស​បោក​ប្រាស់ គឺ​មិន​ត្រូវ​បរិភោគ​ជា​មួយ​មនុស្ស​បែប​នេះ​ឡើយ​ ១២តើ​ខ្ញុំ​ត្រូវ​វិនិច្ឆ័យ​ពួក​អ្នក​ក្រៅ​ដើម្បីអ្វី​ ម្ដេច​​អ្នករាល់គ្នា​ មិន​វិនិច្ឆ័យ​ពួក​អ្នក​ខាង​ក្នុង​ដូច្នេះ​? ១៣ដ្បិត​​ព្រះជាម្ចាស់​ នឹង​ជំនុំ​ជម្រះ​ពួក​អ្នក​ខាង​ក្រៅ ចូរ​ដក​មនុស្ស​​អាក្រក់​ចេញ​ពី​ក្នុងចំណោម​អ្នករាល់គ្នា​ចុះ‍។

១ កូរិនថូស ៥