KCB - ១ កូរិនថូស ៣


១ កូរិនថូស ៣

ការបាក់បែកនៅក្នុងក្រុមជំនុំ

បងប្អូន​អើយ! ខ្ញុំ​មិន​អាច​និយាយ​ទៅកាន់​អ្នករាល់គ្នា​ដូច​ជា​មនុស្ស​ខាង​វិញ្ញាណ​បាន​ទេ ប៉ុន្ដែ​ត្រូវ​និយាយ​ ដូចជា​មនុស្ស​ខាង​សាច់​ឈាម​​វិញ គឺ​ដូចជា​និយាយ​ទៅកាន់​ទារក​នៅ​ក្នុង​ព្រះគ្រិស្ដ​ ខ្ញុំ​បាន​ឲ្យទឹកដោះ​​អ្នករាល់​គ្នា​ផឹក មិន​មែន​អាហារ​រឹង​ទេ ដ្បិត​អ្នករាល់គ្នា​ មិន​ទាន់​អាច​បរិភោគ​បាន​ឡើយ ហើយ​ឥឡូវ​នេះ​ក៏​នៅតែ​មិន​អាច​ដែរ​ ដ្បិត​អ្នករាល់គ្នា​នៅ​តែ​ជា​មនុស្ស​ខាង​សាច់ឈាម ព្រោះមាន​​សេចក្ដី​ច្រណែន ​និង​ការ​ឈ្លោះប្រកែក​​នៅក្នុង​ចំណោម​អ្នករាល់គ្នា។​ តើ​អ្នក​រាល់​គ្នាមិន​មែន​ជា​មនុស្ស​ខាង​សាច់ឈាម ហើយ​រស់នៅ​តាម​បែប​មនុស្ស​ទេ​ឬ​?​ ដ្បិត​ពេល​ម្នាក់​និយាយ​ថា ខ្ញុំ​ជា​សិស្ស​របស់​លោក​ប៉ូល ហើយ​ម្នាក់​ទៀត​ថា ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​ តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​មនុស្ស​ទេ​ឬ?​ ដូច្នេះ តើ​លោក​អ័ប៉ុឡូស​​ជា​អ្វី? ហើយ​លោក​ប៉ូល​ជា​អ្វី? គឺ​ជា​អ្នក​បម្រើ ដែល​នាំ​ឲ្យអ្នករាល់គ្នា​ជឿ​ ហើយ​ម្នាក់ៗ​ធ្វើ​តាម​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ។​ ខ្ញុំ​បាន​ដាំ លោក​អ័ប៉ុឡូស​​​បាន​ស្រោច​ទឹក ប៉ុន្ដែ​ព្រះជាម្ចាស់​ធ្វើ​ឲ្យដុះ​ឡើង​ ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំ​ខាន់​ទេ ​គឺ​ព្រះជាម្ចាស់​ ដែល​ជា​អ្នក​ធ្វើ​ឲ្យដុះ​ឡើងទេ​ទើប​សំ​ខាន់​​ ឯ​អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​ដូច​គ្នា​ទេ គឺ​ម្នាក់ៗ​នឹង​ទទួលបាន​​រង្វាន់​តាម​ពលកម្ម​របស់​ខ្លួន ​ដ្បិត​យើង​ជា​អ្នក​ធ្វើ​ការ​រួមគ្នា រីឯ​​អ្នករាល់គ្នា​ជា​ស្រែ​របស់​ព្រះជាម្ចាស់ និង​ជា​ដំណាក់​​របស់​ព្រះជាម្ចាស់‍។

១០ស្រប​តា​មព្រះ​គុណ​របស់ព្រះជាម្ចាស់​​ដែល​បាន​ប្រទាន​ឲ្យខ្ញុំ ​ខ្ញុំ​បាន​ចាក់​គ្រឹះដូចជា​ជាងដ៏​ចំណានម្នាក់​ ហើយ​មាន​អ្នក​ផ្សេង​ទៀត​សង់​ពី​លើ​នោះ ប៉ុន្ដែ​ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​ អំពី​របៀប​ដែល​ខ្លួន​សង់​លើ​គ្រឹះ​នោះ​ ១១ដ្បិត​គ្មាន​អ្នកណា​ម្នាក់​ អាច​ចាក់​គ្រឹះ​ផ្សេង​ទៀត​បាន​ទេ ក្រៅពី​គ្រឹះ​ដែល​បាន​ចាក់​រួច​ហើយ ​គឺជា​ព្រះ​យេស៊ូ​គ្រិស្ដ។​ ១២បើ​អ្នកណា​ម្នាក់​យក​មាស ប្រាក់ ត្បូងដ៏មាន​តម្លៃ​ ឈើ ចំបើង ឬ​ស្បូវ មក​សង់​លើ​​គ្រឹះ​នោះ​១៣កិច្ចការ​របស់​គេ​ម្នាក់ៗ‍ នឹង​បង្ហាញ​ឲ្យ​ឃើញ ដ្បិត​នឹង​ធ្វើ​ឲ្យដឹង​ច្បាស់​នៅ​ថ្ងៃ​ចុងក្រោយ ពី​ព្រោះ​កិច្ចការ​នោះ​ត្រូវ​បង្ហាញ​​ឲ្យឃើញ​តាមរយៈ​ភ្លើង គឺ​ភ្លើង​នឹង​ពិសោធ​កិច្ចការ​របស់​គេ​ម្នាក់ៗ​ ឲ្យ​ឃើញ​ជា​យ៉ាង​ណា ១៤បើ​កិច្ចការ​របស់​អ្នកណា​ម្នាក់​ដែល​បាន​សង់​លើ​​គ្រឹះ​ នៅ​ស្ថិតស្ថេរ អ្នក​នោះ​នឹង​​ទទួល​បានរង្វាន់​ ១៥បើ​កិច្ចការ​របស់​អ្នកណា​ម្នាក់​ ត្រូវ​ឆេះ​អស់ អ្នក​នោះ​នឹង​ត្រូវ​ខាតបង់​វិញ ប៉ុន្ដែ​ខ្លួន​គាត់​ នឹង​​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដូចជា​ទើប​ឆ្លង​កាត់​ភ្លើង ដូច្នេះ​ដែរ​ ១៦តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នករាល់គ្នា​? ១៧បើ​អ្នកណា​ម្នាក់​បំផ្លាញ​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ព្រះជាម្ចាស់​នឹង​បំផ្លាញ​អ្នក​នោះ ដ្បិត​ព្រះវិហារ​របស់​ព្រះជាម្ចាស់​បរិសុទ្ធ គឺ​ជា​អ្នករាល់គ្នា​នេះ​ហើយ។ ​១៨ចូរ​កុំ​បញ្ឆោត​ខ្លួនឯង​ឡើយ បើ​អ្នកណា​ម្នាក់​​នៅក្នុង​ចំណោមអ្នករាល់គ្នា​ស្មាន​ថា​ខ្លួនមានប្រាជ្ញា​ នៅក្នុង​លោកិយ​នេះ ចូរ​ឲ្យអ្នកនោះ​ត្រលប់​ជា​ល្ងង់ខ្លៅ​ចុះ ដើម្បី​ឲ្យគាត់​មានប្រាជ្ញា ១៩ព្រោះ​ប្រាជ្ញា​របស់​លោកិយ​នេះ ជា​សេចក្ដី​ល្ងង់ខ្លៅ​ នៅ​ចំពោះ​ព្រះជាម្ចាស់ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖ «​ព្រះអង្គ​ចាប់​ពួក​អ្នក​ប្រាជ្ញ ​ដោយ​សារ​ល្បិច​កល​របស់​គេ» ២០ហើយ​មាន​ចែង​ទុក​ទៀត​ថា៖ «ព្រះអម្ចាស់​ជ្រាប​ថា​ គំនិត​របស់​ពួក​អ្នកប្រាជ្ញ​ គ្មាន​ប្រយោជន៍​ឡើយ»​ ២១ដូច្នេះកុំ​អួត​អំពី​​មនុស្ស​ឡើយ ដ្បិត​អ្វីៗ​ទាំងអស់ជា​របស់​អ្នករាល់គ្នា​ ២២មិនថាលោក​ប៉ូល លោកអ័ប៉ុឡូស​ លោក​កេផាស ពិភពលោក​នេះ ជីវិត សេចក្ដី​ស្លាប់ អ្វីៗ​នា​បច្ចុប្បន្ន ឬ​អ្វីៗ​នា​អនាគត​ គឺ​ជា​របស់​អ្នករាល់គ្នា​ទាំងអស់​ ២៣ហើយ​អ្នករាល់គ្នា​ជា​របស់​ព្រះគ្រិស្ដ ហើយ​ព្រះគ្រិស្ដ​ជា​របស់​ព្រះជា​ម្ចាស់។

១ កូរិនថូស ៣