KCB - ១ កូរិនថូស ១៦


១ កូរិនថូស ១៦

ការរៃអង្គាសសម្រាប់អ្នក​ជឿ នៅក្រុងយេរូសាឡិម​

១៦ចំពោះ​ការ​រៃអង្គាស​​ សម្រាប់​ពួក​បរិសុទ្ធ ចូរ​អ្នករាល់គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ​ នៅ​ស្រុក​កាឡាទី​ចុះ គឺ​រាល់​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៍ ចូរ​ឲ្យ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នករាល់គ្នា​ សន្សំ​ទុក​ដោយ​ខ្លួន​​ឯង​ នូវ​អ្វីៗ‍ដែល​ព្រះអម្ចាស់​បាន​ចម្រើន​ឲ្យចុះ ដើម្បី​ពេល​ណា​ខ្ញុំ​មក នោះ​ មិន​បាច់​មាន​ការ​រៃអង្គាស​​​ទៀត​ឡើយ។ ​នៅពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នកណា​ ដែល​អ្នករាល់គ្នា​ជ្រើសរើស​ឲ្យ​នាំ​​សំបុត្រ និង​អំណោយ​របស់​អ្នករាល់គ្នា​ទៅ‍ឯ​ក្រុង​យេរូសាឡិម ប៉ុន្ដែ​បើ​គួរ​ឲ្យខ្ញុំ​ទៅ​ដែរ នោះ​ពួកគេ​នឹង​ទៅ​ជាមួយ​ខ្ញុំ។

សំណូមពរផ្ទាល់ខ្លួនរបស់​លោកប៉ូល

ពេល​ខ្ញុំ​ឆ្លងកាត់​ស្រុក​ម៉ាសេដូនហើយ ខ្ញុំ​នឹង​មក​ជួប​អ្នករាល់គ្នា ដ្បិត​ខ្ញុំ​នឹង​ឆ្លងកាត់​ស្រុក​ម៉ាសេដូន​ ទៅ ​ប្រហែលជា​ខ្ញុំ​នឹង​ស្នាក់នៅ​ ជាមួយ​អ្នករាល់គ្នា ឬ​នៅ​ជាមួយអ្នក​រាល់គ្នាពេញ​មួយ​រដូវ​រងារ​ផង ដើម្បី​ឲ្យអ្នករាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ។ ខ្ញុំ​មិន​ចង់​ជួប​អ្នករាល់គ្នា​ ​ពេលធ្វើដំណើរឆ្លងកាត់​នៅពេលនេះ​ទេ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ នឹង​ស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា​មួយ​រយៈ បើ​ព្រះអម្ចាស់​អនុញ្ញាត។ ប៉ុន្ដែ ​ខ្ញុំ​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​អេភេសូររហូត​ដល់​ថ្ងៃ​បុណ្យ​ទី​ហាសិប​​ ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ បាន​បើក​​ចំហសម្រាប់​ខ្ញុំធ្វើការ​យ៉ាង​​មាន​ប្រសិទ្ធភាព ​ប៉ុន្ដែ​មាន​អ្នក​ប្រឆាំង​ច្រើន​ណាស់‍។​

១០បើ​ធីម៉ូថេ​​មក​ដល់ ចូរ​ធានាថា គាត់​នៅ​ជា​មួយ​​អ្នករាល់គ្នា​ ដោយ​ឥត​បារម្ភ​ ព្រោះ​គាត់​ក៏​បម្រើ​កិច្ចការ​របស់​ព្រះអម្ចាស់​ដូច​ខ្ញុំ​ដែរ ១១ដូច្នេះ កុំ​ឲ្យអ្នកណា​ម្នាក់​មើល​ងាយ​គាត់​ឡើយ ផ្ទុយទៅវិញ ចូរ​ជូន​ដំណើរ​គាត់​បន្ដ​ទៀត​ដោយ​សុខសាន្ត ដើម្បី​ឲ្យ​គាត់​មក​ដល់​ខ្ញុំ ដ្បិត​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ និង​ពួក​បងប្អូន​ឯទៀត។

១២ចំពោះ​លោក​អ័ប៉ុឡូស​​ ជា​បងប្អូន ខ្ញុំ​បាន​លើកទឹកចិត្ដ​គាត់​យ៉ាងខ្លាំង​ឲ្យ​មក‍​ជួប​អ្នករាល់គ្នា​ ជាមួយ​ពួក​បងប្អូន​ផ្សេងទៀត ប៉ុន្ដែគាត់​មិន​ចង់​មក​នៅ​ពេលនេះទេ គាត់​នឹង​មក​នៅពេល​មាន​ឱកាស‍វិញ។

១៣ចូរ​ប្រុងស្មារតី ចូរ​ឈរ​ឲ្យមាំមួន​នៅក្នុង​ជំនឿ ចូរ​ក្លាហាន ហើយ​រឹងមាំ​ឡើង។ ១៤ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ ដោយ​សេចក្ដី​ស្រឡាញ់ចុះ‍ ១៥បងប្អូន​អើយ! ខ្ញុំ​សូម​ដាស់​តឿន​អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​ស្គាល់​ហើយ​ថា ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ ជា​ផល​ដំបូង​នៅ​ស្រុក​អាខៃ ព្រមទាំង​បាន​ដាក់​ខ្លួន​នៅក្នុងមុខងារបម្រើ​ពួក​បរិសុទ្ធ​ ១៦ដូច្នេះចូរ​អ្នករាល់គ្នា​ចុះចូល​នឹង​មនុស្ស​បែបនេះ ​ដែរចុះ ព្រមទាំង​មនុស្ស​ទាំងអស់​ ដែល​ចូលរួមជួយ និង​ធ្វើការ​យ៉ាង​នឿយហត់។ ១៧ខ្ញុំ​ត្រេកអរ​ណាស់ ​ចំពោះ​ការ​មកដល់​របស់​លោក​ស្ទេផាណាស លោក​ភ័រទូណាស និង​លោក​អ័ខៃកុស ព្រោះ​ពួកគេ​បាន​បំពេញ​សេចក្ដីខ្វះខាត​ របស់​អ្នករាល់គ្នា ១៨ហើយ​ពួកគេ​បាន​ធ្វើ​ឲ្យវិញ្ញាណ​របស់​ខ្ញុំ និងវិញ្ញាណរបស់​អ្នករាល់គ្នាធូរ​ស្បើយ។​ ដូច្នេះ ចូរ​ទទួលស្គាល់​មនុស្ស​បែប​នេះ​ចុះ‍។

ពាក្យជម្រាបសួរចុងក្រោយរបស់​លោកប៉ូល

១៩ក្រុម​ជំនុំ​ទាំង​ឡាយ ​នៅ​ស្រុក​អាស៊ី​​ជម្រាប​សួរ​មក​អ្នករាល់គ្នា ហើយ​លោក​អ័គីឡា និង​នាង​ព្រីសីល ​ព្រម​ទាំង​ក្រុម​ជំនុំ​ដែល​ប្រជុំគ្នា​ នៅ​ផ្ទះ​របស់​ពួកគេ​ក៏​ជម្រាប​សួរ​អស់​ពីចិត្ដ ​មក​អ្នករាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។ ២០ពួក​បងប្អូន​ទាំងអស់​​ ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ ចូរ​ជម្រាប​សួរ​គ្នា​ទៅវិញ​ទៅមក ​ដោយ​ការ​ថើប​បរិសុទ្ធ ​ ២១ពាក្យជម្រាប​សួរ​នេះ​ សរសេរ​ដោយ​ដៃ​របស់​​ខ្ញុំផ្ទាល់ គឺប៉ូល។ ២២បើ​អ្នកណា​មិន​ស្រឡាញ់​ព្រះអម្ចាស់ ចូរ​ឲ្យអ្នកនោះ​ត្រូវ​បណ្តាសា​ចុះ‍ ម៉ារ៉ាណា​ថា‍!

២៣សូម​ឲ្យអ្នករាល់គ្នា​ ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ។​

២៤សូម​ឲ្យសេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ នៅជាប់​ជាមួយ​អ្នក​ទាំងអស់​គ្នា​​ នៅក្នុង​ព្រះគ្រិស្ដ​យេស៊ូ៕​

១ កូរិនថូស ១៦