KCB - ១ កូរិនថូស ១៥


១ កូរិនថូស ១៥

ការមានព្រះជន្មរស់ឡើងវិញ របស់​ព្រះ​គ្រិស្ដ​​

១៥បងប្អូន​អើយ! ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ដឹង​អំពី​ដំណឹង​ល្អ​ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នករាល់គ្នា ជាដំណឹងល្អដែលអ្នករាល់គ្នា​​បាន​ទទួល និង​បាន​ឈរមាំ​មួន​នៅក្នុងនោះ​​​ អ្នករាល់គ្នានឹង​​​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ ដោយសារ​ដំណឹងល្អ​នោះ​ដែរ បើ​អ្នករាល់គ្នា​ធ្វើ​តាម​ព្រះបន្ទូល ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន បើ​មិនដូច្នេះ​ទេ អ្នករាល់គ្នា​ជឿ​ គ្មាន​ប្រយោជន៍‍ឡើយ​ ដ្បិត​ខ្ញុំ​ក៏​បាន​ប្រាប់​អ្នករាល់គ្នា​ អំពី​សេចក្ដី​​​​ដែល​ខ្ញុំ​បាន​ទទួលជា​សេចក្ដីដំបូង​បំផុត​គឺ ព្រះគ្រិស្ដ​បាន​សោយទិវង្គត​ដោយ​ព្រោះ​បាប​របស់​យើង​ ស្រប​តាម​បទ​គម្ពីរ‍ ហើយព្រះអង្គ​ត្រូវ​គេ​បញ្ចុះ​ រួចនៅ​ថ្ងៃ​ទីបី ព្រះ​អង្គបាន​​មានព្រះ​ជន្ម​រស់​ឡើង​វិញ​ ស្រប​តាម​បទគម្ពីរ​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន ​ឲ្យលោក​កេផាស​ឃើញ រួច​ឲ្យ​សាវក​ទាំង​ដប់ពីរឃើញ​ដែរ​ ក្រោយ​មក ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ ឲ្យបងប្អូន​ជាង​ប្រាំរយ​នាក់​ឃើញ​ក្នុង​ពេល​តែមួយ។ ក្នុង​ចំណោម​ពួកគេ​ ​ភាគ​ច្រើននៅ​រស់​ រហូត​ដល់​សព្វ​ថ្ងៃនេះ ប៉ុន្ដែ​ ក៏​មាន​អ្នក​ខ្លះ​បាន​ស្លាប់​ហើយដែរ​​ បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​​ឃើញ រួច​ឲ្យពួក​សាវក​ទាំងអស់​ឃើញដែរ។ ចុងក្រោយ​បំផុត ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យខ្ញុំឃើញ​ដែរ​ សូម្បីតែ​ខ្ញុំ​ ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ ដ្បិត​ក្នុង​ចំណោម​ពួក​សាវក ខ្ញុំ​ជា​អ្នក​តូចជាងគេ ហើយ​​មិនស័ក្ដិសម​ នឹង​ឲ្យគេ​ហៅ​ថា​ជា​សាវក​ផង ព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុម​ជំនុំ​របស់​ព្រះជាម្ចាស់ ១០ប៉ុន្ដែ​ដែលខ្ញុំ​បាន​ត្រលប់​ជា​ដូច​សព្វថ្ងៃ​នេះ​​ គឺដោយ​សារ​ព្រះគុណ​របស់​ព្រះជាម្ចាស់ ហើយ​ព្រះគុណ​ដែលព្រះ​អង្គ​​បានផ្តល់មក​ខ្ញុំ​ នោះមិនមែន​ឥត​ប្រយោជន៍​ឡើយ ផ្ទុយទៅវិញ ​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​លើស​អ្នក​​ទាំងនោះទៅទៀត ប៉ុន្ដែ​មិន​មែន​ខ្ញុំ​ទេ គឺ​ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ដែល​ស្ថិតនៅ​ជាមួយ​ខ្ញុំ‍វិញ‍។ ១១ទោះបី​ខ្ញុំ​ក្ដី ឬ​អ្នក​ទាំងនោះក្ដី យើង​ប្រកាស​ដំណឹង​ល្អ​នោះ​​ ហើយ​អ្នករាល់គ្នា ​ក៏​ជឿ​​លើ​ដំណឹង​​ល្អ​នោះ​​ដែរ។

ការរស់ឡើងវិញរបស់​មនុស្សស្លាប់

១២​បើមាន​ការ​ប្រកាស​ថា​​ ព្រះគ្រិស្ដបាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហេតុអ្វីបានជា​អ្នក​ខ្លះ ​ក្នុង​ចំណោម‍អ្នករាល់គ្នា​និយាយ​ដូច្នេះថា គ្មាន​ការ​​រស់​ឡើង​វិញ​សម្រាប់​មនុស្សស្លាប់​​?​ ១៣បើ​គ្មាន​ការ​​រស់​ឡើង​វិញ ​សម្រាប់​មនុស្សស្លាប់​ទេ​ នោះ​ព្រះគ្រិស្ដ​ ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ១៤ហើយ​បើ​ព្រះគ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​ការ​ប្រកាសដំណឹងល្អរបស់យើង​​​ឥត​​​ប្រយោជន៍សោះ​ ហើយ​ជំនឿ​របស់​អ្នករាល់គ្នា​ ក៏​ឥត​ប្រយោជន៍​ដែរ​ ១៥លើសពីនេះ​ទៀត​​ បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន ក៏ឃើញថា​យើងជា​សាក្សី​ក្លែងក្លាយ អំពីព្រះជាម្ចាស់ដែរ ព្រោះ​យើង​បាន​ធ្វើបន្ទាល់​អំពី​ព្រះ​ជាម្ចាស់​ថា​ ព្រះអង្គ​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យរស់​ឡើង​វិញ ដែល​ព្រះអង្គ​មិន​បាន​ប្រោស ​ឲ្យរស់​ឡើង​វិញ​ផងនោះ ១៦ដ្បិតបើ​ពួក​មនុស្ស​ស្លាប់​ មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះគ្រិស្ដ​ក៏​មិនបាន​រស់​ឡើង​វិញ​ដែរ​ ​១៧ហើយ​បើ​ព្រះគ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​ជំនឿ​របស់​អ្នករាល់គ្នា ក៏​គ្មាន​ប្រយោជន៍​សោះ ហើយអ្នករាល់គ្នា ​​នៅ​ក្នុង​​បាប​របស់​អ្នករាល់គ្នា​ដដែល ១៨បើដូច្នេះមែន ពួក​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ព្រះគ្រិស្ដ​ ក៏​វិនាសដែរ។​ ១៩ប្រសិន​បើ​យើង​សង្ឃឹម​លើ​ព្រះគ្រិស្ដ​តែនៅ​ក្នុង​ជីវិត​នេះ​ នោះ​យើង​វេទនា​​ ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។ ២០ប៉ុន្ដែ​ឥឡូវនេះ ​ព្រះគ្រិស្ដ​មាន‍ព្រះជន្ម​រស់​ ពីការសោយទិវង្គតឡើង​វិញមែន ​គឺជា​ផល​ដំបូង​នៃ​ពួក​អ្នក​ដែល​បាន​ស្លាប់​ទៅ ២១ដ្បិត​សេចក្ដី​ស្លាប់​បានចូល​មក​តាមរយៈ​មនុស្ស​ម្នាក់ នោះ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​ ក៏បានចូលមក​តាម​រយៈ​មនុស្ស​ម្នាក់ដែរ។​ ២២​ដ្បិតមនុស្ស​ទាំងអស់ បាន​ស្លាប់​ដោយសារ​លោក​អ័ដាម​ជា​យ៉ាងណា ​នោះ​មនុស្ស​ទាំងអស់​ក៏​នឹងត្រូវប្រោស ឲ្យមានជីវិតរស់ដោយសារ​ព្រះគ្រិស្ដ ជា​យ៉ាងនោះ​ដែរ។​ ២៣ប៉ុន្ដែ​ម្នាក់ៗ​តាម​លំដាប់រៀង​ខ្លួន គឺ​ព្រះគ្រិស្ដ​ជា​ផល​ដំបូង បន្ទាប់​មក គឺពួក​អ្នក​ដែល​ជា​របស់​ព្រះគ្រិស្ដ​ នៅ​ពេល​ព្រះអង្គ​យាង​មក ​ ២៤ក្រោយពី​ព្រះអង្គ​បំផ្លាញ អស់​ទាំងការ​គ្រប់​គ្រងសិទ្ធិអំណាច ព្រមទាំង​អំណាច​​ទាំង​ឡាយ​​​រួចហើយ​ ព្រះអង្គ​ថ្វាយ​នគរ​ដល់​ព្រះជាម្ចាស់​ ដ៏​ជា​ព្រះវរបិតា​ រួច​ក៏ដល់​ទីបញ្ចប់ ២៥ព្រោះ​ព្រះអង្គត្រូវ​សោយរាជ្យ​រហូត​ដល់​ព្រះអង្គ​ ដាក់​ខ្មាំង​សត្រូវ​ទាំងអស់​ឲ្យ​នៅ​ក្រោមបាទា ​២៦ហើយ​ខ្មាំង​សត្រូវ​ចុងក្រោយ ដែល​ត្រូវ​បំផ្លាញ​នោះ​ ជា​សេចក្ដី​ស្លាប់។ ២៧ដ្បិត​ព្រះអង្គ​បាន​ដាក់​អ្វីៗ​ទាំងអស់​ ឲ្យនៅ​ក្រោម​បាទា​​ ប៉ុន្ដែ​នៅពេល​ព្រះអង្គ​មានបន្ទូល​ថា បាន​ដាក់​អ្វីៗ​ទាំងអស់ ​ឲ្យនៅក្រោម​នោះ​ច្បាស់​ជា​មិន​រាប់​ទាំង​ព្រះអង្គ​ផ្ទាល់​ដែល​បាន​ដាក់​អ្វីៗ​ទាំងអស់ ​ឲ្យនៅ​ក្រោម​ទេ​ ២៨លុះ​ដល់ពេល​អ្វីៗ​ទាំងអស់​​ ស្ថិត​នៅក្រោម​ព្រះអង្គហើយ ទើប​ព្រះរាជ​បុត្រា​ផ្ទាល់​ នឹង​ស្ថិត​នៅក្រោម​ព្រះមួយអង្គ ដែល​បាន​ដាក់​អ្វីៗ​ទាំងអស់​ឲ្យនៅក្រោម​ព្រះអង្គ​ដែរ ដើម្បី​ឲ្យព្រះ​ជាម្ចាស់​សោយរាជ្យលើ​គ្រប់​ទាំង​អស់‍ នៅក្នុងគ្រប់ការទាំងអស់។

២៩បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើងទេ តើ​ពួក​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​ ក្នុង​នាម​ជា​មនុស្ស​ស្លាប់​ធ្វើ​អ្វី? ហេតុអ្វី​បានជា​ពួកគេ​ទទួលពិធី​ជ្រមុជទឹក ក្នុង​នាម​ជា​មនុស្ស​ស្លាប់‍ដូច្នេះ‍? ៣០ហេតុអ្វី​បានជា​យើង​ ត្រូវ​ប្រថុយ​នឹង​គ្រោះថ្នាក់​គ្រប់​ពេល​វេលា​ដូច្នេះ​? ៣១បងប្អូន​អើយ! ដោយ​សារ​មោទនភាព​ ដែល​ខ្ញុំ​មាន​ ដោយសារ​អ្នករាល់គ្នា​ នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំសូមស្បថថា ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។ ៣២បើ​ខ្ញុំ​ប្រយុទ្ធ​ជាមួយ​សត្វ​សាហាវ​​ នៅ​ក្រុង​អេភេសូរ​ ក្នុង​នាម​ជា​មនុស្ស​សាមញ្ញ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ‍? បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ ចូរ​យើង​ស៊ី​ផឹក​ទៅ ព្រោះ​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់‍។​ ៣៣កុំ​ឲ្យចាញ់បញ្ឆោតឡើយ ដ្បិត​ការ​សេពគប់​មនុស្ស​អាក្រក់​ បំផ្លាញ​កិរិយា​ល្អ។ ៣៤ចូរ​ភ្ញាក់​ស្មារតីឡើងដោយ​រស់នៅ​យ៉ាងសុចរិត​ចុះ កុំ​ប្រព្រឹត្ដ​​បាប​ឡើយ ព្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នករាល់គ្នា​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យអ្នករាល់គ្នា​​ខ្មាស។

ការរស់ឡើងវិញរបស់​រូបកាយ

៣៥ប៉ុន្ដែ​មុខជា​មាន​អ្នក​ខ្លះ​សួរ​ថា តើ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ​យ៉ាង​ដូចម្តេច​? ពេល​ពួកគេ​រស់​ឡើង​វិញ តើ​មាន​រូបកាយ​យ៉ាង​ដូចម្ដេច​ដែរ​? ៣៦មនុស្ស​ល្ងង់​អើយ​! អ្វី​ដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់​ទេ វាក៏​មិន​ដុះ​ឡើងដែរ ៣៧ហើយ​អ្វី​ដែល​អ្នក​​ព្រោះ​ទៅ​នោះ​ មិន​ដូច​​ដើម​ដែល​នឹង​ដុះឡើង​ទេ គឺ​អ្នក​ព្រោះ​គ្រាប់​ធញ្ញជាតិ​សុទ្ធ​វិញ ប្រហែល​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​ផ្សេង​ទៀត ​៣៨ប៉ុន្ដែ​ព្រះជាម្ចាស់​ប្រទាន​រូបរាង​ឲ្យគ្រាប់​នោះ​ តាម​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ ព្រមទាំង​ឲ្យ​គ្រាប់​ពូជ​នីមួយៗ មាន​រូបរាង​របស់​វា​ផ្ទាល់‍។ ៣៩សាច់​ទាំងអស់​មិន​ដូចគ្នា​ទេ គឺ​មាន​សាច់​មនុស្ស សាច់​សត្វ សាច់​បក្សី និង​សាច់​ត្រី​ ៤០ហើយ​មាន​រូបកាយ​នៅ​ស្ថានសួគ៌ និង​រូបកាយ​នៅ​ផែនដី ប៉ុន្ដែ​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ស្ថានសួគ៌​ ផ្សេង​ពី​សិរីរុងរឿង​របស់​រូបកាយ​នៅ​ផែនដី‍ ៤១ម្យ៉ាង​ទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺ​ផ្កាយ​ក៏​ខុសប្លែក​ពី​គ្នាដែរ​ សូម្បីតែ​ពន្លឺ​​ផ្កាយនីមួយៗ​ ក៏​ខុសប្លែក​ពី​គ្នា​ដែរ‍ ៤២ឯ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​ក៏​ដូច្នេះ​ដែរ រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ជា​រូបកាយ​ពុក​រលួយ ប៉ុន្ដែ​រូបកាយ​ ដែល​ត្រូវបាន​ប្រោសឲ្យរស់​ឡើង​វិញ​ ជា​រូបកាយ​មិន​ពុក​រលួយ​ឡើយ។ ៤៣រូបកាយ​ដែល​ត្រូវ​កប់​ ទៅ​ជា​រូបកាយ​ថោក​ទាប ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោសឲ្យរស់​ឡើងវិញ​ ជា​រូបកាយ​រុងរឿង។ រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ជា​រូបកាយ​ខ្សោយ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោសឲ្យរស់​ឡើងវិញ ​ជា​រូបកាយ​មាន​អំណាច ៤៤រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ ជា​រូបកាយ​ខាង​សាច់​ឈាម​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោសឲ្យរស់​ឡើងវិញ​ ជា​រូបកាយ​ខាង​វិញ្ញាណ បើ​មាន​រូបកាយ​ខាង​សាច់​ឈាម នោះ​ក៏​មាន​រូបកាយ​ខាង​វិញ្ញាណ​ដែរ។​

៤៥ដូច្នេះ ក៏​មាន​សេចក្ដី​ចែង​ទុក​ដែរ​ថា៖ «លោក​អ័ដាម​ដែល​ជា​មនុស្ស​ទីមួយ​បាន​ត្រលប់​ជា​មាន​ជីវិត​រស់» ប៉ុន្ដែ​លោក​អ័ដាម​ចុងក្រោយ​​ ជា​វិញ្ញាណ​​ដែល​ផ្ដល់​ជីវិត‍ ៤៦ដ្បិត​មិន​មាន​រូបកាយ​ខាង​វិញ្ញាណ​​មុន​ទេ គឺ​មាន​រូបកាយ​ខាង​សាច់​ឈាម​មុន​ រួច‍ទើប​មាន​រូបកាយ​ខាង​វិញ្ញាណ​ជាក្រោយ។ ៤៧មនុស្ស​ទីមួយ​កើត​មក​ពី​ធូលីដី ប៉ុន្ដែ​មនុស្ស​ទីពីរ​កើត​មក​ពី​ស្ថានសួគ៌​វិញ។ ៤៨មនុស្ស​ម្នាក់​មក​ពី​ធូលីដី​ជា​យ៉ាង​ណា នោះ​មនុស្ស​ទាំងឡាយ ​​ដែល​មក​ពី​ធូលីដី​ក៏​ជា​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ម្នាក់​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​ណា នោះ​មនុស្ស​ទាំងឡាយ​​ដែល​មក​ពី​ស្ថានសួគ៌​ ក៏​ជាយ៉ាង​នោះ​ដែរ។ ​៤៩យើង​មាន​រូបរាង​ដូច​ជា​មនុស្ស​ ដែល​មក​ពី​ធូលី​ដី​ជា​យ៉ាង​ណា នោះយើង​នឹង​មានរូបរាង​ដូច​ជា​មនុស្ស​ដែល​មក​ពី​ស្ថានសួគ៌​ ជា​យ៉ាង​​នោះ​ដែរ។​

៥០បងប្អូន​អើយ! ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា សាច់​ឈាម​មិន​អាច​ទទួល​នគរ​ព្រះជាម្ចាស់​​ ទុក​ជា​មរតក​បាន​ឡើយ ហើយ​ភាព​ពុករលួយ​ ក៏​មិន​អាច​ទទួល​ភាព​មិន​ពុក​រលួយ​ ទុកជាមរតក​បាន​ដែរ។​ ៥១មើល៍ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​អំពី​អាថ៌កំបាំង​មួយ​ថា យើង​ទាំងអស់​គ្នា​នឹង​មិន​ស្លាប់ទេ ព្រោះ​យើង​នឹង​ត្រូវ​ផ្លាស់ប្រែ​ទាំងអស់​គ្នា ៥២ក្នុងរយៈពេលដ៏ខ្លី គឺតែ​មួយ​ប៉ប្រិច​ភ្នែកប៉ុណ្ណោះ ​នៅ​ពេលសំឡេង​ត្រែ​ចុង​ក្រោយ​លាន់​ឡើង ពេល​នោះ​ មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យរស់​ឡើង​វិញ មិនពុក​រលួយ​ទៀត​ទេ​ រួច​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ​​ ៥៣ដ្បិត​រូបកាយដែល​ពុក​រលួយ​នេះ​ ត្រូវ​តែ​ពាក់​ភាព​មិន​ពុក​រលួយ​ ហើយ​រូបកាយ​ដែល​តែងតែ​ស្លាប់​នេះ​ ត្រូវ​តែ​ពាក់​ភាព​មិន​ចេះ​ស្លាប់​ ៥៤ហើយ​នៅពេល​រូបកាយ​ ដែល​ពុក​រលួយ​នេះ​ ពាក់​ភាព​មិន​ពុក​រលួយ ​រួច​រូបកាយ​ដែល​តែងតែ​ស្លាប់​នេះ​ ពាក់​ភាព​មិន​ចេះ​ស្លាប់ ពេលនោះ​នឹង​សម្រេច​ព្រះបន្ទូល​ដែល​បាន​ចែង​ថា៖ «ជ័យជម្នះ​​បាន​លេប​យក​សេចក្ដី​ស្លាប់​ហើយ‍៥៥ឱ​សេចក្ដី​ស្លាប់​អើយ​! តើ​ជ័យជម្នះ​​របស់​ឯង​នៅឯណា​?​ ឱ​សេចក្ដី​ស្លាប់​អើយ! តើ​ទ្រនិច​របស់​ឯង​នៅឯ​ណា​៥៦ដ្បិត​ទ្រនិច​របស់​សេចក្ដី​ស្លាប់​ជា​​បាប ហើយ​អំណាច​របស់​​បាប​ ជា​ក្រឹត្យវិន័យ​ ៥៧ប៉ុន្ដែ ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​​ជ័យជម្នះ​​ដល់​យើង​តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង‍។​

៥៨ដូច្នេះ បងប្អូន​ជាទី​ស្រឡាញ់​អើយ! ចូរ​ត្រលប់​ជា​អ្នក​មាំមួន ហើយ​មាន​ចិត្ដនឹង ទាំងធ្វើ​ការ​របស់​ព្រះ​អម្ចាស់ ​ឲ្យ​កាន់​តែ​​ច្រើន​ជានិច្ចចុះ​​ ដោយ​ដឹង​ថា​ ការ​នឿយ​ហត់​របស់​អ្នករាល់គ្នា​ នៅ​ក្នុង​ព្រះ​អម្ចាស់​ មិន​ឥត​ប្រយោជន៍​ឡើយ។

១ កូរិនថូស ១៥