១ កូរិនថូស ១៣
សេចក្ដីស្រឡាញ់វិសេសជាងគេ
១៣ទោះបីខ្ញុំអាចនិយាយភាសារបស់មនុស្ស និងភាសារបស់ពួកទេវតាក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេខ្ញុំត្រលប់ដូចជាគងដែលបញ្ចេញសំឡេង ឬជួងដែលឮខ្ទរ។ ២ទោះបីខ្ញុំអាចថ្លែងព្រះបន្ទូល និងស្គាល់អស់ទាំងអាថ៌កំបាំង ព្រមទាំងមានចំណេះដឹងគ្រប់យ៉ាងក៏ដោយ ឬទោះបីខ្ញុំមានជំនឿរហូតដល់រើភ្នំបាន ក៏ដោយ ប៉ុន្ដែ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានបានការឡើយ។ ៣ទោះបីខ្ញុំចែកទាន ទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ហើយ សុខចិត្ដឲ្យគេដុតរូបកាយរបស់ខ្ញុំក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានប្រយោជន៍ឡើយ។
៤សេចក្ដីស្រឡាញ់ អត់ធ្មត់ សេចក្ដីស្រឡាញ់ សប្បុរស និងមិនច្រណែន សេចក្ដីស្រឡាញ់ មិនអួតខ្លួន និងមិនបំផ្លើស ៥មិនឈ្លើយ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនក្ដៅក្រហាយ មិនប្រកាន់ទោស ៦មិនត្រេកអរនឹងសេចក្ដីទុច្ចរិតឡើយ ប៉ុន្ដែត្រេកអរនឹងសេចក្ដីពិតវិញ ៧ទ្រាំទ្រទាំងស្រុង ជឿទាំងស្រុង សង្ឃឹមទាំងស្រុង ហើយស៊ូទ្រាំទាំងស្រុង។ ៨ទោះបីការថ្លែងព្រះបន្ទូល នឹងត្រូវកន្លងផុតទៅ ភាសាចម្លែកអស្ចារ្យលែងមាន ហើយចំណេះដឹង នឹងត្រូវសាបសូន្យក៏ដោយ ក៏សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ ៩ដ្បិតយើងចេះដឹងតែមួយចំណែក ហើយថ្លែងព្រះបន្ទូលបានតែមួយចំណែកទេ ១០ប៉ុន្ដែពេលភាពពេញលេញមកដល់ នោះភាពមិនពេញលេញនឹងសាបសូន្យ។
១១កាលខ្ញុំនៅជាកូនក្មេង ខ្ញុំនិយាយដូចជាកូនក្មេង គិតដូចជាកូនក្មេង ហើយយល់ឃើញដូចជាកូនក្មេង ប៉ុន្ដែពេលខ្ញុំត្រលប់ជាពេញវ័យ ខ្ញុំក៏បញ្ឈប់អ្វីៗដែលជាលក្ខណៈកូនក្មេង។ ១២ដ្បិតឥឡូវនេះ យើងមើលតាមកញ្ចក់ឃើញមិនច្បាស់ទេ ប៉ុន្ដែនៅពេលក្រោយយើងនឹងឃើញមុខផ្ទាល់។ ឥឡូវនេះ ខ្ញុំស្គាល់ព្រះអង្គតែមួយចំណែក ប៉ុន្ដែក្រោយមក ខ្ញុំនឹងស្គាល់ព្រះអង្គច្បាស់ ដូចជាព្រះអង្គស្គាល់ខ្ញុំច្បាស់ដែរ។ ១៣ដូច្នេះឥឡូវនេះ មានសេចក្ដីបីដែលនៅគង់វង្ស គឺជំនឿ សង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្ដែក្នុងចំណោមទាំងបីនេះ សេចក្ដីស្រឡាញ់វិសេសជាងគេ។