KCB - ១ កូរិនថូស ១២


១ កូរិនថូស ១២

អំណោយទានខាងវិញ្ញាណ​

១២បងប្អូន​អើយ! ចំពោះ​សេចក្ដី​ខាង​វិញ្ញាណ ខ្ញុំ​មិន​ចង់​ឲ្យអ្នករាល់គ្នា​ នៅ​ល្ងង់​ខ្លៅ​ទៀត​ទេ អ្នករាល់គ្នា​ដឹង​ហើយ​ថា កាល​អ្នករាល់គ្នា​ជា​សាសន៍​ដទៃ​នៅ​ឡើយ គេ​បាន​នាំ​អ្នករាល់គ្នា​ទៅ‍ឯ​រូបព្រះ ​ដែល​មិន​ចេះ​និយាយ​ គឺ​តាម​តែ​​គេ​ដឹកនាំ​ ដូច្នេះ​ហើយ ទើប​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​ថា ​គ្មាន​អ្នកណា​ម្នាក់​ និយាយ​ដោយ​នូវ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ថា ព្រះ​យេស៊ូ​ត្រូវ​បណ្តាសា ​ហើយ​បើ​គ្មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ក៏​គ្មាន​អ្នកណា​ម្នាក់​អាច​និយាយ​បាន​ថា ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​ដែរ។

មាន​អំណោយ​ទាន​ផ្សេងៗ​គ្នា​មែន​ ប៉ុន្ដែ មក​ពី​ព្រះវិញ្ញាណ​តែ​មួយ​ទេ។ មាន​មុខងារ​បម្រើ​ផ្សេងៗ​គ្នា​មែន​ ប៉ុន្ដែ​មក​ពី​ព្រះអម្ចាស់​តែ​មួយ‍ទេ។ ​មាន​សកម្មភាព​ផ្សេងៗ​គ្នា​មែន ប៉ុន្ដែ​គឺជាព្រះជាម្ចាស់​តែ​មួយ​ទេ ​ដែល​ធ្វើការ​សព្វគ្រប់​តាមរយៈ​មនុស្ស​ទាំងអស់ ដ្បិត​មនុស្ស​ម្នាក់ៗ​ បាន​ទទួល​ការ​បើក​សំដែង​មក​ពី​ព្រះវិញ្ញាណ សម្រាប់ជា​​ប្រយោជន៍​រួម ​គឺ​ម្នាក់​ទទួល​បាន​​ពាក្យសំដី​ប្រកប​ដោយ​ប្រាជ្ញាតាម​រយៈព្រះវិញ្ញាណ​ ម្នាក់​ទៀត​ទទួល​បាន​ពាក្យសំដី​ ប្រកប​ដោយ​ចំណេះ​ដឹង តាម​រយៈព្រះវិញ្ញាណដដែល​ ​ម្នាក់ទៀត​ទទួល​បាន​ជំនឿ​ ហើយ​ម្នាក់​ទៀត ​ទទួល​បាន​អំណោយ​ទាន​​ប្រោស​ឲ្យ​ជា​ តាមរយៈ​ព្រះវិញ្ញាណដដែល ១០ម្នាក់​ទៀត​​ធ្វើការ​អស្ចារ្យ ម្នាក់​ទៀត​ថ្លែង​ព្រះបន្ទូល​ ម្នាក់​ទៀត​ចេះ​សំគាល់​វិញ្ញាណ ម្នាក់​ទៀត​និយាយ​ភាសា​ចម្លែកអស្ចារ្យ​ ហើយ​ម្នាក់​ទៀត​បកប្រែ​ភាសាទាំងនោះ ១១ប៉ុន្ដែ​គឺជា​ព្រះ​វិញ្ញាណ​តែមួយ​ដដែល​ទេ​ ដែល​ធ្វើ​ការ​ទាំងអស់​នេះ ​ទាំង​ចែក​ចាយ​ដល់​មនុស្ស​ម្នាក់ៗ​​រៀងៗ​ខ្លួន​ តាម​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ។​

មានរូបកាយតែមួយ តែមានអវយវៈច្រើន

១២ដ្បិត​ដូចដែល​មាន​រូបកាយតែ​​មួយ​ ហើយមាន​អវយវៈ​​ច្រើន អវយវៈ​​ទាំងឡាយរបស់​រូបកាយ ទោះជា​ច្រើន​មែន ប៉ុន្ដែរួម​គ្នា​មក​ជា​រូបកាយ​តែមួយ​ទេ​ ហើយព្រះគ្រិស្ដ​ក៏​ដូច្នោះ​ដែរ​ ១៣ព្រោះ​យើង​ទាំងអស់គ្នា ​បាន​ទទួលពិធី​ជ្រមុជ​ទឹក​ទៅ​ក្នុង​រូបកាយ​តែមួយ​ ដោយ​សារ​​​ព្រះវិញ្ញាណ​តែមួយ​ មិនថាជនជាតិ​យូដា ឬ​ជនជាតិ​ក្រេក មិនថា​បាវបម្រើ ឬ​អ្នក​មាន​សេរីភាព​ឡើយ គឺ​ព្រះជាម្ចាស់​ប្រទាន​ឲ្យយើង​ទាំងអស់គ្នា ​ផឹក​ព្រះ​វិញ្ញាណ​តែ​មួយ​ ១៤ដ្បិត​រូបកាយ​ក៏​មិន​មែន​មាន​អវយវៈ​តែមួយ​ដែរ គឺ​មាន​ច្រើន​ ១៥ទោះបី​ជើង​និយាយ​ថា‍៖ «ខ្ញុំ​មិន​មែន​ជា​របស់​រូបកាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ‍» ក៏​​ជើង​នៅតែ​ជា​របស់​រូបកាយ មិន​ថាមាន​ហេតុផល​នេះ​ក៏ដោយ​ ​១៦ហើយ​ទោះបី​ត្រចៀក​និយាយ​ថា‍៖ «ខ្ញុំ​មិនមែន​ជា​របស់​រូបកាយ​ទេ ព្រោះ​ខ្ញុំ​មិនមែន​ជា​ភ្នែក» ក៏​ត្រចៀក​នៅតែ​ជា​របស់​រូបកាយ មិន​ថា​មាន​ហេតុផល​នេះ​ក៏ដោយ‍១៧បើ​រូបកាយ​ទាំងមូល​ជា​ភ្នែក តើ​នឹង‍ស្ដាប់ឮ​នៅ​ត្រង់ណា‍? បើ​រូបកាយ​ទាំងមូល​​ជា​ត្រ​ចៀក តើ​នឹង​ស្រង់ក្លិន​នៅ​ត្រង់ណា​? ១៨ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ដាក់​អវយវៈ​និមួយៗ​ នៅក្នុង​រូបកាយ​ តាម​​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ ១៩ហើយ​បើ​ទាំងអស់​​ជា​អវយវៈតែ​មួយ​ តើ​រូបកាយ​នៅ​ឯណា​? ២០ដូច្នេះទោះ​ជា​​មាន​អវយវៈ​ច្រើន​ក៏ដោយ ក៏​រូបកាយ​តែមួយ​​​២១ហើយ​ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា‍៖ «ខ្ញុំ​មិន​ត្រូវ​ការ​ឯង» ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា «ខ្ញុំ​មិន​ត្រូវ​ការ​ឯង‍» បានដែរ។​ ២២ផ្ទុយទៅ​វិញ ​អវយវៈណា​ដែល​មើលទៅដូចជាខ្សោយ​​ជាង​គេ​នៅក្នុង​រូបកាយ នោះត្រលប់​ជា​សំខាន់​​វិញ ២៣រីឯ​អវយវៈ​ណា​ ដែល​យើង​គិត​ថា​អាប់ឱន​ជាង​គេ​​នៅក្នុង​រូបកាយនោះ​ យើង​សម្អិត​សម្អាង​ឲ្យកាន់តែ​ថ្លៃថ្នូរ​​ ហើយ​អវយវៈរបស់យើង​​ណា​ដែល​មើល​ទៅ​មិន​ស្អាត​ នោះ​​ត្រលប់​ជា​កាន់តែស្អាត​​​ឡើង​​​ ២៤ប៉ុន្ដែអវយវៈ​របស់​យើង​ ដែល​ស្អាត​ហើយ​​នោះ​ មិន​​ត្រូវការសម្អិត​សម្អាង​​ឡើយ ដ្បិត​ ព្រះជាម្ចាស់​បាន​ផ្គុំរូបកាយ​ឡើង​ ដោយ​ប្រទានឲ្យ​មាន​​តម្លៃ​កាន់​តែ​​វិសេសដល់​អវយវៈណា ​​ដែល​មាន​ការ​ខ្វះខាត​ ២៥ដើម្បី​កុំ​ឲ្យមាន​ការ​បែកបាក់​នៅក្នុង​រូបកាយ ផ្ទុយទៅវិញឲ្យអវយវៈ​ទាំងឡាយ​ ខ្វល់​ខ្វាយ​​ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ២៦​បើ​អវយវៈ​ណា​មួយ​ឈឺ​ចាប់ នោះ​អវយវៈ​ទាំងអស់​ក៏​ឈឺ​ចាប់​​ដែរ ឬ​បើ​អវយវៈ​ណា​មួយ​​ទទួល​បាន​ការសរសើរ ​នោះ​អវយវៈ​ទាំងអស់ ​​ក៏​អរសប្បាយ​​ដែរ‍។

២៧អ្នករាល់គ្នា​ជា​រូបកាយ​របស់​ព្រះគ្រិស្ដ ហើយ​ជា​អវយវៈ​តាម​ផ្នែក​រៀង​ៗ​ខ្លួន។​​​ ២៨​នៅក្នុង​ក្រុម​ជំនុំ​ ព្រះជាម្ចាស់​បាន​តាំង​ឲ្យ​មាន​​ពួក​សាវក​ជាមុន​ ទីពីរ​ឲ្យ​មាន​​ពួក​អ្នកនាំ​ព្រះបន្ទូល​ ទីបី​ឲ្យ​មាន​ពួក​គ្រូ​ បន្ទាប់​មក​ឲ្យ​មាន​​អ្នក​​ធ្វើ​ការអស្ចារ្យ បន្ទាប់​មក​ទៀត​​ អំណោយ​ទាននៃ​ការ​​ប្រោស​ឲ្យ​ជា អ្នកជំនួយការ​ អ្នកបម្រើរ​ការ និង​អ្នក​និយាយ​ភាសា​ចម្លែកអស្ចារ្យ។ ២៩តើ​គ្រប់គ្នា​ជា​សាវក​ឬ​? តើ​គ្រប់គ្នា​ជា​អ្នកនាំ​ព្រះបន្ទូល​ឬ​? តើ​គ្រប់គ្នា​ជា​គ្រូ​ឬ​? តើ​គ្រប់គ្នា​ជា​អ្នក​​ធ្វើ​ការអស្ចារ្យ​ឬ​?​ ៣០តើ​គ្រប់គ្នា​មាន​អំណោយ​ទាន​នៃ​​ការប្រោសឲ្យ​ជា​​ឬ​? តើ​គ្រប់គ្នា​និយាយ​ភាសា​ចម្លែកអស្ចារ្យ​ឬ​? តើ​គ្រប់គ្នា​បកប្រែ​ភាសា​ចម្លែកអស្ចារ្យ​ឬ​? ៣១ដូច្នេះ ចូរ​អ្នករាល់គ្នា​សង្វាត​ឲ្យបាន​អំណោយ​ទាន ​ដែល​​ប្រសើរ​​ជាងគេ​​ចុះ ហើយខ្ញុំនឹង​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ​បំផុត​មួយ​ដល់​អ្នករាល់គ្នាទៀត។

១ កូរិនថូស ១២