១ កូរិនថូស ១១
សេចក្ដីណែនាំអំពីការថ្វាយបង្គំ
១១ចូរយកគំរូតាមខ្ញុំ ដូច ដែលខ្ញុំ យកគំរូតាម ព្រះគ្រិស្ដចុះ ២ហើយខ្ញុំសូមសរសើរអ្នករាល់គ្នា ដែលអ្នករាល់គ្នានឹកចាំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ ព្រមទាំងធ្វើតាមសេចក្ដីបង្រៀន ដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន ៣ប៉ុន្ដែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រិស្ដជាក្បាលរបស់បុរសគ្រប់គ្នា ហើយបុរសជាក្បាលរបស់ស្ដ្រី ឯព្រះជាម្ចាស់វិញ ជាព្រះសិររបស់ព្រះគ្រិស្ដ ៤បុរសគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមានពាក់អ្វីនៅលើក្បាល នោះបានបន្ថោកដល់ក្បាលរបស់ខ្លួនហើយ ៥ផ្ទុយទៅវិញ ស្ត្រីគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនគ្របបាំងក្បាល នោះបានបន្ថោកក្បាលរបស់ខ្លួនវិញ ដ្បិតដូចដែលកោរសក់ដែរ ៦ដូច្នេះបើស្ត្រីមិនគ្របបាំងក្បាលទេ ចូរឲ្យនាងកោរសក់ទៅ ប៉ុន្ដែបើការកាត់សក់ ឬការកោរសក់ធ្វើឲ្យស្ដ្រីនោះខ្មាស ចូរឲ្យនាងគ្របបាំងក្បាលចុះ ៧ហើយបុរសមិនគួរគ្របបាំងក្បាលទេ ព្រោះជារូបអង្គ និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ រីឯស្ដ្រីវិញជាសិរីរុងរឿងរបស់បុរស ៨ដ្បិតបុរសមិនបានមានកំណើតពីស្ត្រីទេ គឺស្ត្រីមានកំណើតពីបុរសវិញ ៩ហើយព្រះជាម្ចាស់ក៏មិនបានបង្កើតបុរសសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ ១០ដូច្នេះហើយ ស្ត្រីគួរមានសិទ្ធិអំណាច នៅលើក្បាល ដោយយល់ដល់ពួកទេវតា ១១ប៉ុន្ដែនៅក្នុងព្រះអម្ចាស់ ស្ត្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ ១២ដ្បិតស្រ្ដីមានកំណើតពីបុរសយ៉ាងណា បុរសក៏មានកំណើតពីស្រ្ដីយ៉ាងនោះដែរ ប៉ុន្ដែ អ្វីៗទាំងអស់ មានកំណើតពីព្រះជាម្ចាស់។
១៣ចូរពិចារណាដោយខ្លួនឯងចុះ តើគប្បីឲ្យស្ត្រីអធិស្ឋាន ទៅព្រះជាម្ចាស់ដោយឥតគ្របបាំងក្បាល ដែរឬទេ? ១៤តើធម្មជាតិ មិនបានបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ ១៥ផ្ទុយទៅវិញ បើស្ត្រីទុកសក់វែង នោះជាភាពរុងរឿងដល់នាង ព្រោះព្រះជាម្ចាស់បានប្រទានសក់វែងឲ្យនាង ជំនួសគ្រឿងគ្របបាំងស្រាប់ ១៦ប៉ុន្ដែបើមានអ្នកណាម្នាក់គិតប្រកែកតវ៉ា នោះត្រូវដឹងថា យើងគ្មានទម្លាប់បែបនេះទេ ហើយក្រុមជំនុំរបស់ព្រះជាម្ចាស់ ក៏គ្មានទម្លាប់បែបនេះដែរ។
ពិធីលៀងព្រះអម្ចាស់
១៧នៅក្នុងសេចក្ដីទូន្មានបន្ដទៀតនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាជួបជុំគ្នា មិនមែនដើម្បីឲ្យបានប្រសើរឡើងទេ ប៉ុន្ដែដើម្បីឲ្យបានកាន់តែអាក្រក់ថែមទៀត ១៨ដ្បិតមុនដំបូង ខ្ញុំបានឮថា ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងក្រុមជំនុំ នោះមានការបែកបាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿខ្លះៗដែរ ១៩ដ្បិតត្រូវតែមានបក្សពួកនៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកអ្នកខ្ជាប់ខ្ជួនបង្ហាញខ្លួនកាន់តែច្បាស់នៅក្នុងចំណោមអ្នករាល់គ្នា ២០ដូច្នេះ ពេលអ្នករាល់គ្នាជួបជុំគ្នា នៅកន្លែងណាមួយនោះ មិនមែនបរិភោគពិធីលៀងព្រះអម្ចាស់ទេ ២១ព្រោះពេលបរិភោគ ម្នាក់ៗយកអាហាររបស់ខ្លួនមុនគេ ដូច្នេះក៏មានម្នាក់នៅឃ្លាន ហើយម្នាក់ទៀតស្រវឹងទៅហើយ ២២តើអ្នករាល់គ្នាគ្មានផ្ទះទេឬ ម្ដេចមិនស៊ីផឹកនៅផ្ទះទៅ? ឬមួយអ្នករាល់គ្នា មើលងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងធ្វើឲ្យពួកអ្នកអត់អាម៉ាស់មុខ? តើឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងដូចម្ដេច? តើឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ចំពោះការនេះខ្ញុំមិនសរសើរទេ។ ២៣ដ្បិតអ្វីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មក ខ្ញុំក៏ប្រគល់ឲ្យអ្នករាល់គ្នាដែរ គឺនៅយប់ ដែលព្រះអម្ចាស់យេស៊ូត្រូវគេបញ្ជូននោះ ព្រះអង្គបានយកនំប៉័ងមក ២៤ហើយពេលអរព្រះគុណរួចហើយ ព្រះអង្គក៏កាច់នំប៉័ង ទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ទុកជាការរំឭកដល់ខ្ញុំចុះ»។ ២៥បន្ទាប់ពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងមកបែបដូច្នោះដែរ ទាំងមានបន្ទូលថា៖ «នេះជាពែងនៃកិច្ចព្រមព្រៀងថ្មី ដោយឈាមរបស់ខ្ញុំ ចូរធ្វើដូច្នេះ ទុកជាការរំឭកដល់ខ្ញុំ រាល់ពេលដែលអ្នករាល់គ្នាផឹកចុះ»។ ២៦ដ្បិតរាល់ពេល ដែលអ្នករាល់គ្នាបរិភោគនំប៉័ង ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសោយទិវង្គត របស់ព្រះអម្ចាស់ រហូតដល់ពេលព្រះអង្គយាងមកវិញ ២៧ដូច្នេះអ្នកណាដែលបរិភោគនំប៉័ង ឬផឹកពីពែងនៃព្រះអម្ចាស់ ដោយមិនសមរម្យ នោះនឹងមានទោសចំពោះរូបកាយ និងឈាមរបស់ព្រះអម្ចាស់ហើយ ២៨ដូច្នេះ ចូរឲ្យម្នាក់ៗពិសោធខ្លួនឯងចុះ រួចសឹមបរិភោគនំប៉័ង ហើយផឹកពីពែងនេះ ២៩ដ្បិតអ្នកណាដែលបរិភោគ ហើយផឹក ដោយមិនបានយល់ដល់រូបកាយរបស់ព្រះគ្រិស្ដ នោះនាំទោសដល់ខ្លួនតាមរយៈការបរិភោគ និងផឹកនោះហើយ។ ៣០ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយ ហើយឈឺ និងមួយចំនួនធំបានស្លាប់ ៣១ដូច្នេះបើយើងពិនិត្យមើលខ្លួនឯង នោះយើងមិនជាប់ជំនុំជម្រះទេ ៣២ប៉ុន្ដែពេលព្រះអម្ចាស់វិនិច្ឆ័យយើង ព្រះអង្គនឹងពិន័យយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកិយនេះ។ ៣៣ដូច្នេះ បងប្អូនរបស់ខ្ញុំអើយ! នៅពេលអ្នករាល់គ្នាមកជួបជុំគ្នាបរិភោគ ចូរចាំគ្នាផង ៣៤បើមានអ្នកណាម្នាក់ឃ្លាន ចូរឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យមានទោសនៅពេលអ្នករាល់គ្នាមកជួបជុំគ្នាឡើយ រីឯបញ្ហាផ្សេងទៀត ខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមកដល់។