KCB - ១ កូរិនថូស ១០


១ កូរិនថូស ១០

ការព្រមានចេញពីប្រវត្តិសាស្រ្ត អ៊ីស្រាអែល

១០បងប្អូន​អើយ! ខ្ញុំ​មិន​ចង់​ឲ្យអ្នករាល់គ្នានៅ​ល្ងង់ខ្លៅ​ទៀត​ទេ គឺ​ដូនតា​របស់​យើង​នៅ​ក្រោម​ពពក​​ទាំងអស់​គ្នា ហើយ​ឆ្លង​កាត់​ សមុទ្រ​ទាំងអស់​គ្នា ​ទាំង​​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទៅ​ក្នុងលោកម៉ូសេ​ នៅ​ក្នុង​ពពក និង​នៅ​ក្នុង​សមុទ្រទាំង​អស់​គ្នា​ ពួក​គេ​​ទាំងអស់​គ្នា​ បាន​បរិភោគ​អាហារ​ខាង​វិញ្ញាណ​តែមួយ​ ពួក​គេ​​ទាំងអស់​គ្នា​ បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែមួយ​ ព្រោះ​ពួក​គេ​បាន​ផឹក​ទឹក​ចេញពី​ថ្មដា​ខាង​វិញ្ញាណ​​ ដែល​បាន​មក​តាម​ពួក​គេ ហើយ​ថ្មដា​នោះ​ជា​ព្រះគ្រិស្ដ​ ប៉ុន្ដែ​ពួកគេ​ភាគ​ច្រើន បាន​ធ្វើ​ឲ្យព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ ដូច្នេះពួកគេ​បាន​ដួល​ស្លាប់​រាត់​រាយ​ នៅ​ទី​រហោឋាន។​

ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ទុកជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យយើង​ប្រាថ្នាចង់បានសេចក្ដី​​អាក្រក់ ដូចជា​ ពួកគេ ឬថ្វាយបង្គំ​រូប​ព្រះ​ដូច​ជា​​ពួកគេ​ឡើយ​ ដូចមាន​សេចក្ដី​ចែង​ទុក​ថា៖ «ប្រជាជន​បាន​អង្គុយ​ស៊ី​ផឹក និង​បាន​ក្រោក​ឡើង​ លេង​សប្បាយ» ​កុំ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ ​​ដូច​ជា​ពួកគេ​ខ្លះ​បាន​ប្រព្រឹត្ដ ហើយ​មាន​ពីរម៉ឺន​បីពាន់​នាក់​ បានដួល​ស្លាប់​ក្នុង​រយៈពេលតែមួយ​ថ្ងៃ​​ កុំ​​ល្បង​​នឹង​ព្រះគ្រិស្ដដូច​ជា​ពួកគេ​ខ្លះ​បាន​ល្បង​ ហើយ​ត្រូវស្លាប់ដោយ​ពស់ចឹក​ ១០កុំ​រអ៊ូរទាំ​ដូចជា​ពួកគេ​ខ្លះ​បាន​រអ៊ូរទាំ ហើយ​ត្រូវ​បាន​សម្លាប់​​ ដោយ​មច្ចុរាជ‍នោះឡើយ ១១ហេតុការណ៍​ទាំងនេះ បាន​កើត​ឡើង​ដល់​ពួកគេ​ទុកជា​គំរូ និង​ត្រូវ​បាន​ចែង​ទុកសម្រាប់​ការ​ព្រមានដល់​យើង​ ដែល​​រស់​នៅសម័យ​ចុងក្រោយ​​នេះ។​

១២ដូច្នេះអ្នក​ដែល​ស្មាន​ថា​ ខ្លួន​ឈរ​មាំមួន​​​ហើយ ចូរ​ប្រយ័ត្ន ក្រែងលោ​ដួល ១៣គ្មាន​សេចក្ដី​ល្បួង​ណា​ កើតឡើង​ចំពោះ​អ្នករាល់គ្នា​ទេ ក្រៅពី​សេចក្ដី​ល្បួង​ទូទៅ​សម្រាប់​មនុស្ស​លោក រីឯព្រះជាម្ចាស់​ស្មោះត្រង់​ ព្រះអង្គ​នឹង​មិន​បណ្តោយ​ឲ្យអ្នករាល់គ្នា​ត្រូវ​ល្បួង​ ហួស​ពី​អ្វី​ ដែល​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​ឡើយ គឺ​ព្រះអង្គ​នឹង​ប្រទាន​ផ្លូវ​ចេញ​ នៅពេលមាន​​សេចក្ដី​ល្បួង​ ដើម្បី​ឲ្យអ្នករាល់គ្នា​អាច​ទ្រាំទ្រ​បាន។

សំណែន​អារក្ស និងពិធីលៀងរបស់​ព្រះ​​អម្ចាស់​​

១៤ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ​! ចូរ​គេច​ឲ្យផុត​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។​ ១៥​ខ្ញុំ​និយាយ​ដូចជា​និយាយ​ទៅកាន់​មនុស្ស​ឆ្លាត ចូរ​អ្នករាល់គ្នា​វិនិច្ឆ័យ​អំពី​អ្វី​ ដែល​ខ្ញុំ​និយាយ​ចុះ ១៦តើ​ពែង​នៃ​ព្រះពរ​ ដែល​យើង​អរព្រះគុណ​មិនមែន​​ជា​ការ​រួមចំណែក ​ក្នុង​ឈាម​​របស់​ព្រះគ្រិស្ដ​ទេ‍ឬ‍? តើ​នំប៉័ង​ដែល​យើង​កាច់ មិនមែន​ជា​ការ​រួមចំណែក​ក្នុង​រូបកាយ​របស់​ព្រះគ្រិស្ដ​ទេ‍ឬ‍?១៧ដោយព្រោះ​នំប៉័ង​មាន​តែ​មួយ នោះ​យើង​ដែល​មាន​គ្នា​ច្រើន​ ក៏​ជា​រូបកាយ​តែ​មួយ​ដែរ ដ្បិត​យើង​ទាំងអស់​គ្នា ​បាន​ទទួល​ចំណែក​ពី​នំប៉័ង​តែ​មួយ‍។ ១៨សូម​មើល​ពី​ជនជាតិ​អ៊ីស្រាអែល​ ខាង​សាច់​ឈាម​​ចុះ ​ពួក​អ្នកដែល​​បរិភោគ​តង្វាយ​យញ្ញបូជា​ តើមិន​មែន​ជា​អ្នក​រួមចំណែក​ នៅកន្លែង​ថ្វាយ​តង្វាយ​ទេ​ឬ​? ១៩តើ​ខ្ញុំ​កំពុង​និយាយ​អំពី​អ្វី‍?​ តើ​សំណែន​ដល់​​រូបព្រះ​សំខាន់​ឬ តើ​រូបព្រះ​សំខាន់​ឬ‍? ២០ទេ​ ខ្ញុំនិយាយ​អំពីអ្វី​ដែល​ពួកគេ​ថ្វាយ ​គឺ​ពួកគេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ដល់​ព្រះជាម្ចាស់​ទេ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យអ្នករាល់គ្នា​ ត្រលប់​ជា​គូកន​របស់​អារក្ស​ឡើយ​ ២១អ្នករាល់គ្នា​ មិន​អាច​ផឹក​ពី​ពែងរបស់​ព្រះអម្ចាស់​ផង និង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ហើយ​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះអម្ចាស់​ផង និង​ជាមួយ​អារក្ស​ផង​បាន​ដែរ ​២២ឬ​មួយ​ យើង​ធ្វើ​ឲ្យព្រះអម្ចាស់​ប្រចណ្ឌ?​ តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះអង្គ​ឬ​?​

សេរីភាពរបស់​អ្នកជឿ

២៣ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មែន ប៉ុន្ដែ​ មិនមែន​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ ហើយ​ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មែន ប៉ុន្ដែ​មិន​មែនទាំងអស់​សុទ្ធតែ​ស្អាង​ឡើង​​ទេ ២៤ដូច្នេះ ចូរ​កុំ​ឲ្យអ្នកណា​ម្នាក់​ ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួនឡើយ ប៉ុន្ដែ​ ចូរ​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ‍។​ ២៥ចូរ​បរិភោគ​អ្វីៗ​ទាំងអស់​ដែល​គេ​លក់​នៅ​ផ្សារ​ចុះ កុំ​សួរអ្វី​ឡើយ​ ​ដោយ​យល់​ដល់​មនសិការ​​ ២៦ដ្បិត​ផែនដី​ និង​របស់​សព្វ​សារពើ​នៅ​ផែនដី​ជា​របស់​ព្រះអម្ចាស់‍។

២៧​បើ​មាន​អ្នក​មិនជឿ​ណា​ម្នាក់​អញ្ជើញ​អ្នករាល់គ្នា​ឲ្យទៅ​បរិភោគ ហើយ​អ្នករាល់គ្នា​ចង់​ទៅ​ដែរ ចូរ​បរិភោគ​អ្វីៗ​ទាំងអស់​ដែល​គេ​បាន​ដាក់ ​នៅ​ចំពោះ​មុខ​អ្នករាល់គ្នា​ចុះ កុំ​សួរ​អ្វី​ឡើយ​ ដោយ​យល់​ដល់​មនសិការ​​ ២៨ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​ប្រាប់​អ្នករាល់គ្នា​ថា នេះ​ជា​សំណែនដល់​​រូបព្រះ ចូរ​កុំ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ​ និងដោយ​យល់​ដល់​មនសិការ​ ២៩ខ្ញុំ​មិន​និយាយ​អំពី​មនសិការ​ផ្ទាល់​ខ្លួន​ទេ ប៉ុន្ដែអំពីមនសិការ​របស់​អ្នក​ដទៃ​វិញ តើ​ហេតុអ្វី​បានជា​មនសិការ​របស់​អ្នក​ដទៃ​ វិនិច្ឆ័យ​សេរីភាព​របស់​ខ្ញុំ​ដូច្នេះ​? ៣០បើ​ខ្ញុំ​ចូលរួម​បរិភោគ​ដោយ​អរ​ព្រះគុណ​ ហេតុអ្វី​បានជា​គេ​និយាយ​បង្ខូច​ខ្ញុំ​ សម្រាប់​អ្វី​ដែល​ខ្ញុំ​បាន​អរព្រះគុណ​ហើយ​ដូច្នេះ​? ៣១ដូច្នេះទោះបី​អ្នករាល់គ្នា​បរិភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏ដោយ ចូរ​ធ្វើ​អ្វី​ទាំងអស់​ដើម្បី​សិរី​រុង​រឿង​របស់​ព្រះជាម្ចាស់​ចុះ ៣២សូម​កុំ​ឲ្យក្រុម​ជំនុំ​របស់​ព្រះជាម្ចាស់​ ជំពប់ដួល​ឡើយ ទាំង​ជនជាតិ​យូដា និង​ជនជាតិក្រេក​ ៣៣ដ្បិត​ខ្ញុំ​ក៏​ផ្គាប់ចិត្ដ​មនុស្ស​គ្រប់គ្នា​នៅក្នុង​គ្រប់ការ​ទាំងអស់​ដែរ ទាំង​មិន​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ស្វែងរក​ប្រយោជន៍​ សម្រាប់​មនុស្ស​ជាច្រើន​វិញ ដើម្បី​ឲ្យពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។

១ កូរិនថូស ១០