១ កូរិនថូស ១
១ កូរិនថូស
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅតាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងលោកសូស្ថេនជាបងប្អូន។ ២ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជូនចំពោះពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅ ឲ្យធ្វើជាពួកបរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែង ដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់ពួកគេ និងរបស់យើង។ ៣សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
លោកប៉ូលថ្វាយការអរព្រះគុណដល់ ព្រះជាម្ចាស់
៤ខ្ញុំតែងតែអរព្រះគុណ ដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ច សម្រាប់អ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ ៥គឺថា ដោយសារព្រះអង្គអ្នករាល់គ្នាបានចម្រុងចម្រើន ក្នុងគ្រប់ការទាំងអស់ គឺទាំងពាក្យសំដី និងចំណេះដឹងគ្រប់យ៉ាង ៦ដ្បិតសេចក្ដីបន្ទាល់អំពីព្រះគ្រិស្ដ បានបញ្ជាក់នៅក្នុងអ្នករាល់គ្នា ៧ដូច្នេះហើយ អ្នករាល់គ្នា មិនខ្វះខាតអំណោយទានណាមួយឡើយ ពេលដែលកំពុងទន្ទឹងរង់ចាំ ការលេចមករបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ ៨ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុត ដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
៩ព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នា ឲ្យមានសេចក្ដីប្រកប ជាមួយនឹងព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
ការបាក់បែកនៅក្នុងក្រុមជំនុំ
១០ឥឡូវនេះ បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា សូមអ្នករាល់គ្នានិយាយសេចក្ដីតែមួយទាំងអស់គ្នា ហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ប៉ុន្ដែអ្នករាល់គ្នាត្រូវសាមគ្គីគ្នា ដោយមានចិត្ដតែមួយ និងគំនិតតែមួយ។ ១១ពីព្រោះបងប្អូនអើយ! មានពួកអ្នកផ្ទះនាងក្លូអេបានប្រាប់ឲ្យខ្ញុំដឹង អំពីអ្នករាល់គ្នាថា មានការឈ្លោះប្រកែកគ្នា ក្នុងចំណោមអ្នករាល់គ្នា ១២ខ្ញុំនិយាយដូច្នេះ ព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា និយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស ខ្ញុំជាសិស្សរបស់លោកកេផាស ឬខ្ញុំជាសិស្សរបស់ព្រះគ្រិស្ដ។ ១៣តើព្រះគ្រិស្ដត្រូវបំបែកជាច្រើនចំណែកឬ? តើប៉ូលបានជាប់ឆ្កាងជំនួសអ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នា បានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះប៉ូល? ១៤ខ្ញុំអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណា ក្នុងចំណោមអ្នករាល់គ្នាទេ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ ១៥ដូច្នេះ គ្មានអ្នកណាម្នាក់អាចនិយាយបានថា អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹក ក្នុងឈ្មោះខ្ញុំឡើយ។
១៦មែនហើយ ខ្ញុំបានធ្វើពិធីជ្រមុជទឹក ឲ្យក្រុមគ្រួសារលោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនដឹងថា ខ្ញុំបានធ្វើពិធីជ្រមុជទឹក ឲ្យអ្នកណាផ្សេងទៀតទេ។ ១៧ដ្បិតព្រះគ្រិស្ដមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ ហើយមិនមែនដោយពាក្យសំដី ដែលប្រកបដោយប្រាជ្ញាទេ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រិស្ដ គ្មានប្រយោជន៍។
ប្រាជ្ញារបស់ព្រះជាម្ចាស់
១៨ដ្បិតដំណឹងល្អអំពីឈើឆ្កាង ជាសេចក្ដីចម្កួតសម្រាប់ពួកអ្នក ដែលកំពុងវិនាស ប៉ុន្ដែជាអំណាចរបស់ព្រះជាម្ចាស់សម្រាប់យើង ដែលកំពុងទទួលការសង្គ្រោះ ១៩ព្រោះមានសេចក្ដីចែងទុកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ ហើយបដិសេធចំណេះរបស់មនុស្សឆ្លាតវៃ» ២០តើអ្នកប្រាជ្ញនៅឯណា? តើគ្រូវិន័យនៅឯណា? តើអ្នកដេញដោលសម័យនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញា របស់លោកិយនេះ ត្រលប់ជាល្ងង់ខ្លៅទេឬ? ២១ដ្បិតដោយសារប្រាជ្ញា របស់ព្រះជាម្ចាស់ហើយ បានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ ដោយសារប្រាជ្ញារបស់ខ្លួនទេ គឺព្រះជាម្ចាស់សព្វព្រះ ហឫទ័យសង្គ្រោះពួកអ្នក ដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ ២២ពីព្រោះជនជាតិយូដាសុំទីសំគាល់ ហើយជនជាតិក្រេកស្វែងរកប្រាជ្ញា ២៣រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដដែលត្រូវគេឆ្កាង ជាសេចក្ដីដែលនាំឲ្យជំពប់ដួលចំពោះជនជាតិយូដា និងជាសេចក្ដីល្ងង់ខ្លៅចំពោះសាសន៍ដទៃ ២៤ប៉ុន្ដែ ព្រះគ្រិស្ដជាអំណាចរបស់ព្រះជាម្ចាស់ និងជាប្រាជ្ញារបស់ព្រះជាម្ចាស់ សម្រាប់ពួកអ្នកដែលព្រះអង្គត្រាស់ហៅ ទាំងជនជាតិយូដា និងជនជាតិក្រេក ២៥ពីព្រោះសេចក្ដីល្ងង់ខ្លៅរបស់ព្រះជាម្ចាស់ មានប្រាជ្ញាលើសប្រាជ្ញារបស់មនុស្ស ហើយសេចក្ដីកម្សោយរបស់ព្រះជាម្ចាស់ ក៏មានកម្លាំងលើសកម្លាំងរបស់មនុស្សដែរ។
២៦បងប្អូនអើយ! សូមគិតអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាចុះ គឺមិនសូវមានអ្នកប្រាជ្ញ ខាងឯសាច់ឈាមច្រើនទេ មិនមានអ្នកមានអំណាចច្រើនទេ ហើយក៏មិនមានអ្នកត្រកូលខ្ពង់ខ្ពស់ច្រើនដែរ ២៧តែព្រះជាម្ចាស់បានជ្រើសរើសពួកល្ងង់ខ្លៅនៅលោកិយនេះ ដើម្បីធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្ដីខ្មាស ព្រះអង្គបានជ្រើសរើសពួកកម្សោយ នៅលោកិយនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស ២៨ហើយព្រះជាម្ចាស់ បានជ្រើសរើសពួកអ្នកទាបថោកនៅលោកិយនេះ និងពួកអ្នកដែលត្រូវគេមើលងាយ ព្រមទាំងអ្វីៗដែលគ្មានដើម្បីលុបបំបាត់អ្វីៗ ដែលមាន ២៩ដូច្នេះគ្មានមនុស្សណាម្នាក់អួតខ្លួននៅចំពោះព្រះជាម្ចាស់បានទេ។
៣០ប៉ុន្ដែដោយសារព្រះអង្គ នោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូ ដែលបានត្រលប់ជាប្រាជ្ញា មកពីព្រះជាម្ចាស់សម្រាប់យើង ទាំងខាងសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ ៣១ដើម្បីឲ្យស្របតាមសេចក្ដី ដែលចែងទុកថា៖ «អ្នកណាដែលអួត ត្រូវអួតអំពីព្រះអម្ចាស់»។