KCB - ៣ យ៉ូហាន ១


៣ យ៉ូហាន

៣ យ៉ូហាន

ពាក្យ​ជម្រាប​​សួរ​ពី​លោក​យ៉ូហាន​

ខ្ញុំ​ជា​ចាស់​ទុំ ជូនចំពោះ​លោក​កៃយុស​ជា​ទី​ស្រឡាញ់ ដែល​ខ្ញុំ​ស្រឡាញ់​នៅក្នុង​សេចក្ដី​ពិត‍។​ ប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ខ្ញុំ​អធិស្ឋាន សូម​ឲ្យអ្នក​បាន​ចម្រើន​ឡើង ​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ឲ្យមាន​សុខភាព​ល្អ ដូច​ជា​ព្រលឹង​របស់​អ្នក​​បាន​ចម្រើន​ឡើង​ដែរ។​ ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​ ព្រោះ​​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់អំពី​​អ្នក​ថា ​បាន​នៅក្នុង​សេចក្តី​​ពិត​ ដូច​ដែល​អ្នក​​កំពុង​ប្រព្រឹត្ត​តាម​​សេចក្ដី​ពិត​នោះហើយ។​ ខ្ញុំ​គ្មាន​​អំណរ​ណាលើស​​ជាង​សេចក្ដី​ទាំង​​នេះ​ទេ គឺដោយ​ខ្ញុំ​បាន​​ឮ​ថា កូន‍ៗ​របស់​ខ្ញុំ​កំពុងប្រព្រឹត្ត​តាម​​សេចក្ដី​ពិត។

ការ​គាំពារ​អ្នកបម្រើ​ព្រះអម្ចាស់

ប្អូន​​ជា​ទី​ស្រឡាញ់​អើយ!​ អ្វី​ៗ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ពួក​បងប្អូន និង​​សម្រាប់​អ្នក​ក្រៅ​ គឺ​​អ្នក​​បាន​ធ្វើ​ដោយ​ស្មោះត្រង់ ហើយ​​​​ពួកគេ​បាន​​ធ្វើ​បន្ទាល់​អំពីសេចក្ដី​ស្រឡាញ់​របស់​អ្នក​នៅ​ចំពោះ​មុខ​ក្រុម​ជំនុំ។ ពេល​អ្នក​ជូន​ដំណើរ​ពួកគេ​បន្ដទៀត ​តាម​បែប​ស័ក្តិសម​​នឹង​ព្រះ​ជា​ម្ចាស់​ នោះអ្នកធ្វើល្អហើយ​ ដ្បិត​គេ​បាន​ចេញ​ទៅ ដោយ​ព្រោះ​ព្រះ​នាម​របស់​​ព្រះ​អង្គ​​ ហើយ​​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ឡើយ។​ ដូច្នេះ យើង​ត្រូវ​ជួយ​ទំនុក​បម្រុង​មនុស្ស​បែប​នេះ ដើម្បី​ឲ្យយើង​​ត្រលប់​​ជា​អ្នក​រួមការងារ​សម្រាប់​សេចក្ដី​ពិត។​​​

ខ្ញុំ​បាន​សរសេរ​​សេចក្ដី​ខ្លះ​​ ជូន​ក្រុ​ម​ជំនុំ​​​ ប៉ុន្ដែ​លោក​​ឌីអូត្រេព​​​​​ ដែល​​​ចូល​​ចិត្ត​​ធ្វើ​ជា​អ្នក​ធំ​​ក្នុងចំណោម​ពួក​គេ​ គាត់​​មិន​​​​ទទួល​​យើង​​ទេ​ ១០ដូច្នេះ ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំឭកពី​ការ​ដែល​គាត់​ធ្វើ គាត់​ចេះតែនិយាយអំ​ពី​យើង ដោយ​ពាក្យ​អាក្រក់​ ហើយ​​ប៉ុណ្ណឹង​មិន​​ស្កប់​ចិត្ត​ទេ​ គាត់​ថែម​ទាំង​​មិន​ទទួល​បង​ប្អូន​ ហើយ​ហាមឃាត់អស់​អ្នក​ដែល​ចង់​ទទួល​​ ទាំងបណ្ដេញ​​ពួកគេ​​ចេញ​ពី​ក្រុម​ជំនុំ​ទៀត​ផង។

១១ប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ត្រាប់​តាម​សេចក្ដី​ល្អ កុំ​ឲ្យត្រាប់​តាម​សេចក្ដី​អាក្រក់​ឡើយ​ អ្នក​​ដែល​ប្រព្រឹត្ត​​ល្អ អ្នកនោះ​មក​​ពី​ព្រះជាម្ចាស់​ហើយ រីឯ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់វិញ​ អ្នកនោះ​មិនបាន​​ឃើញ​ព្រះជាម្ចាស់​ឡើយ។​

១២មនុស្ស​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ពិតក៏​ធ្វើ​បន្ទាល់​ល្អៗ​ពី​លោក​ដេមេទ្រាស រីឯ​យើង​វិញ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​អ្នក​ក៏​ដឹងដែរ​​ថា សេចក្ដី​បន្ទាល់​របស់​យើងជាពិត។

សេចក្ដីបញ្ចប់​

១៣ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន ដែល​ត្រូវ​សរសេរ​មក​អ្នក​ ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ស្លាប​ប៉ាក​កា និង​ទឹក​ខ្មៅ​នោះទេ​ ១៤ព្រោះ​​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​​ជួប​អ្នក​​​ឆាប់ៗ​នេះ​ ហើយ​និយាយ​ដោយ​ផ្ទាល់​មាត់។

១៥សូម​ឲ្យអ្នក​ បាន​ប្រកប​​ដោយ​សេចក្ដី​សុខសាន្ត។ ​មិត្ដ​សម្លាញ់​ដែល​នៅ​ទីនេះ​ក៏​ជម្រាប​សួរ​មក​អ្នក​​ដែរ សូម​ជម្រាប​សួរ​​ដល់​មិត្ដ​សម្លាញ់ ​ដែល​នៅ​ទីនោះតាម​ឈ្មោះ​​ផង​៕

៣ យ៉ូហាន