២ ធីម៉ូថេ ៤
៤នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូ ដែលនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ព្រមទាំង ដោយការយាងមករបស់ព្រះអង្គ និងនគររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ថា ២ចូរប្រកាសព្រះបន្ទូល ហើយខិតខំប្រកាស មិនថាត្រូវពេល ឬខុសពេលឡើយ ចូរទូន្មាន ស្តីបន្ទោស លើកទឹកចិត្ត និងបង្រៀនដោយសេចក្តីអត់ធ្មត់ គ្រប់បែបយ៉ាង ៣ដ្បិតនឹងមានគ្រាមួយ ដែលពួកគេលែងស្ដាប់សេចក្ដីបង្រៀនត្រឹមត្រូវទៀតហើយ ផ្ទុយទៅវិញ ពួកគេនឹងប្រមូលគ្រូជាច្រើនសម្រាប់ខ្លួនឯង ទៅតាមសេចក្តីប៉ងប្រាថ្នា ដើម្បីឲ្យនិយាយអ្វីដែលត្រចៀករបស់ពួកគេរមាស់ចង់ស្ដាប់ ៤ពួកគេនឹងបែរត្រចៀកចេញពី សេចក្ដីពិត រួចបែរទៅស្តាប់រឿងព្រេងវិញ។ ៥រីឯអ្នកវិញ ចូរមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ចូរស៊ូទ្រាំនឹងទុក្ខលំបាក ចូរធ្វើកិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងបំពេញមុខងារបម្រើរបស់អ្នកឲ្យសព្វគ្រប់ចុះ។
ពាក្យសំដីចុងក្រោយរបស់លោកប៉ូល
៦ដ្បិតខ្ញុំត្រូវបានច្រូច ជាតង្វាយច្រូច ជាស្រេចហើយ ឯពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ដែរ ៧ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការប្រណាំងរបស់ខ្ញុំ ហើយខ្ញុំក៏បានរក្សាជំនឿដែរ។ ៨ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត នឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នក ដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។
៩ចូរព្យាយាមមកឯខ្ញុំ ជាប្រញាប់ ១០ដ្បិតលោកដេម៉ាស បានបោះបង់ខ្ញុំចោលហើយ គាត់បានទៅឯក្រុងថែស្សាឡូនិច ដោយព្រោះគាត់ស្រឡាញ់លោកិយនេះ។ លោកក្រេសេនទៅស្រុកកាឡាទី ទីតុសទៅស្រុកដាល់ម៉ាទា ១១មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ សូមនាំម៉ាកុសមកជាមួយផង ដ្បិតគាត់មានប្រយោជន៍សម្រាប់ខ្ញុំ នៅក្នុងមុខងារបម្រើ ១២រីឯលោកទីឃីកុសវិញ ខ្ញុំបានចាត់ឲ្យទៅឯក្រុងអេភេសូរ។ ១៣ពេលអ្នកមក សូមយកអាវធំដែលខ្ញុំទុកនឹងលោកការពូស នៅក្រុងទ្រអាសមកជាមួយផង ព្រមទាំងសៀវភៅទាំងឡាយដែរ ជាពិសេស សៀវភៅធ្វើពីស្បែក។
១៤លោកអ័លេក្សានត្រុសជាជាងស្ពាន់បានប្រព្រឹត្តអាក្រក់ច្រើនណាស់ មកលើខ្ញុំ ព្រះអម្ចាស់នឹងសងដល់គាត់តាមអំពើដែលគាត់បានប្រព្រឹត្តមិនខាន។
១៥ចូរអ្នកប្រយ័ត្ននឹងគាត់ដែរចុះ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំង នឹងសេចក្តីដែលយើងប្រកាស។
១៦ពេលដែល ខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាគាំទ្រខ្ញុំទេ គឺពួកគេ បានបោះបង់ខ្ញុំចោលទាំងអស់គ្នា សូមកុំឲ្យពួកគេជាប់ទោសដោយសារការនោះឡើយ។ ១៧ប៉ុន្ដែព្រះអម្ចាស់បានគង់ជាមួយខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យដំណឹងល្អបានប្រកាសសព្វគ្រប់ និងដើម្បីឲ្យសាសន៍ដទៃទាំងអស់បានឮតាមរយៈខ្ញុំ ហើយព្រះអង្គបានសង្គ្រោះខ្ញុំឲ្យរួចពីមាត់តោ។ ១៨ព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ ឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងនាំខ្ញុំចូលទៅក្នុង នគរស្ថានសួគ៌របស់ព្រះអង្គដោយសុវត្ថិភាព សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្ប ជានិច្ច អាម៉ែន។
ពាក្យសួរសុខទុក្ខចុងក្រោយរបស់លោកប៉ូល
១៩សូមជម្រាបសួរដល់ នាងព្រីសីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ិភ័រផងដែរ។ ២០លោកអេរ៉ាស្ទុសស្នាក់នៅក្រុងកូរិនថូស រីឯលោកទ្រភីម ខ្ញុំបានទុកឲ្យនៅក្រុងមីលេត ព្រោះគាត់ឈឺ។
២១ចូរអ្នកព្យាយាមមក ឲ្យបានមុនរដូវរងារ។ លោកអ៊ើប៊ូឡុស លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ ក៏ជម្រាបសួរមកអ្នកដែរ។
២២សូមព្រះអម្ចាស់ គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ៕