KCB - ២ ធីម៉ូថេ ២


២ ធីម៉ូថេ ២

ទាហានដ៏ល្អរបស់ព្រះគ្រិស្ដ

ដូច្នេះ កូន​អើយ!​ ចូរ​មាន​កម្លាំង​ឡើង​ ដោយសារ​​ព្រះ​គុណដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ហើយសេចក្ដី​ទាំង​ឡាយ ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​ចំពោះ​មុខ​សាក្សី​ជា​ច្រើន​នោះ ត្រូវ​ប្រគល់​ឲ្យ​​មនុស្ស​ស្មោះ​ត្រង់ ​ដែល​អាច​បង្រៀន​អ្នក‍ផ្សេង​ទៀត​បាន​ដែរ‍។​

ចូរ​រួម​ទុក្ខ​លំបាក​ ក្នុង​នាម​ជា​ទាហាន​ដ៏​ល្អ​ របស់​ព្រះ​គ្រិស្ដ​យេស៊ូ‍។ ​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ទាហានហើយ នៅតែ​​ជាប់​ទាក់ទិន នឹង​កិច្ចការ​ក្នុង​​ជីវិត​ទេ គឺ​ឲ្យ​តែ​ពេញ​ចិត្ត​មេ​កំណែន​របស់​ខ្លួនប៉ុណ្ណោះ។​ បើ​មាន​អ្នក​ណា​ម្នាក់​ចូល​រួម​ក្នុង​ការ​ប្រកួត គេ​មិន​ទទួល​បាន​មកុដ​ឡើយ លើកលែង​​តែ​គេ​ប្រកួត​​ឲ្យត្រូវ​តាម​ច្បាប់‍។ ​កសិករ​ដែល​​ធ្វើ​ការ​នឿយ​ហត់ត្រូវ​តែ​ទទួល​បាន​ផល​​មុន​គេ។ ​ចូរ​ពិចារណា​សេចក្ដី​ ដែល​ខ្ញុំ​និយាយ​ចុះ ដ្បិត​ព្រះអម្ចាស់​ នឹង​ប្រទាន​ឲ្យអ្នកមាន​ការ​យល់​ដឹង​ក្នុង​ការ​ទាំង​អស់។

​ចូរ​នឹក​ចាំ​ពី​ព្រះ​យេស៊ូ​គ្រិស្ដ​ ដែល​មាន​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រះអង្គ​ជា​ពូជ​ពង្ស​ស្តេច​ដាវីឌ​ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​​ប្រកាស ​ហើយ​ខ្ញុំ​បាន​រង​ទុក្ខ​លំបាក​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ​រហូត​ដល់​ជាប់​ចំណង ​ដូច​ជា​មនុស្ស​ មាន​ទោស​ធ្ងន់​ ប៉ុន្ដែ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ មិន​បាន​ជាប់​ចំណង​ទេ។​ ១០ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ​សម្រាប់​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ ព្រម​ជាមួយ​នឹង​សិរី​រុងរឿង​ ដ៏​នៅ​អស់កល្ប​ជានិច្ច​ផង។ ១១​ពាក្យ​នេះគួរឲ្យ​ជឿ​ ​បើ​យើង​បាន​ស្លាប់​ជាមួយ​ព្រះអង្គ នោះ​យើង​ក៏នឹង​រស់​ជាមួយ​ព្រះអង្គ​ដែរ ១២​បើ​យើង​ស៊ូទ្រាំនោះ​យើង​នឹង​សោយ​រាជ្យ​ជាមួយ​ព្រះអង្គ បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញដែរ ១៣​ទោះ ជា​យើង​មិន​ស្មោះ​ត្រង់ ក៏​ព្រះអង្គ​នៅ​តែ​ស្មោះ​ត្រង់ ដ្បិត​ព្រះអង្គ​មិន​អាច​បដិសេធ​ខ្លួនឯង​បាន​ទេ។​

អ្នកបម្រើ​ដែលព្រះជាម្ចាស់ស្គាល់

១៤ចូរ​រំឭក​ពួកគេ ​ពី​សេចក្ដី​ទាំងនេះ ហើយ​ដាស់តឿន​ពួកគេ ​យ៉ាង​ម៉ឺង​ម៉ាត់​នៅ​ចំពោះ​​ព្រះ​ជាម្ចាស់ កុំ​ឲ្យ​​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ ដ្បិត​គ្មាន​ប្រយោជន៍​​ឡើយ មាន​តែ​​ធ្វើឲ្យ​​ពួក​អ្នក​ស្តាប់អន្តរាយ​ប៉ុណ្ណោះ។ ១៥​ចូរខិតខំដើម្បីថ្វាយខ្លួន​ដល់​​ព្រះ​ជាម្ចាស់ទុក​ជាអ្នក​ខ្ជាប់​ខ្ជួន​ គឺជា​អ្នក​ធ្វើ​ការ​ដែល​មិន​ខ្មាស់​អៀន ​ទាំង​បង្រៀន​​ព្រះ​បន្ទូល ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ ១៦​រួច​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ ​ដែល​គ្មាន​ខ្លឹម​សារ​ ដ្បិត​សំដី​ទាំងនោះ​ ធ្វើ​ឲ្យ​​ការ​មិន​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ កាន់​តែច្រើន​​ឡើង​ថែម​ទៀត ១៧​ពាក្យ​សំដី​របស់​ពួកគេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​មហារីក​ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​លោក​ហ៊ីមេនាស​ និង ​លោក​ភីលេត ១៨ពួកគេ​បាន​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​ដោយ​និយាយ​ថា ការ​រស់​ឡើង​វិញ​បាន​កើត​មាន​រួច​ហើយ ហើយ​ពួកគេ​ក៏​បង្វែរ​អ្នកខ្លះ ​ចេញ​ពីជំនឿ​ទៀត​ផង។

១៩​ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក្ដី គ្រឹះ​ដ៏​រឹង​មាំ​របស់​ព្រះជាម្ចាស់​ នៅ​ស្ថិតស្ថេរ​ដរាប ដោយ​មាន​អក្សរ​ចារឹក​ដូច្នេះ​ថា ព្រះ​អម្ចាស់​ស្គាល់​ អស់​អ្នកដែល​ជា​របស់​ព្រះអង្គ ​ និង​ចូរ​ឲ្យ​​អស់​អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះ​អម្ចាស់​ ចាក​ចេញ​ពី​សេចក្ដី​ទុច្ចរិត។

២០​នៅ​ក្នុង​ផ្ទះ​ដ៏​ធំ​មួយ​ ​មិន​មែន​មាន​សុទ្ធ​តែ​ប្រដាប់​ប្រដា​ធ្វើ​អំពី​មាស ឬប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​ប្រដាប់​ប្រដា​ធ្វើ​អំពី​ឈើ និង​ដី​ផង​ដែរ ប្រដាប់​​ប្រដា​ខ្លះ​សម្រាប់​សេចក្តីថ្លៃ​ថ្នូរ ហើយ​ខ្លះ​ទៀត​សម្រាប់សេចក្តី​អាប់​ឱន។​ ២១ដូច្នេះបើ​អ្នក​ណា​ជម្រះ​ខ្លួន​ពី​សេចក្ដី​ទាំងនេះ អ្នកនោះ ​នឹង​ត្រលប់​​ជា​ប្រដាប់​ប្រដា​សម្រាប់​សេចក្ដី​ថ្លៃ​ថ្នូរ ដោយ​​បាន​ញែក​ជា​បរិសុទ្ធ ហើយ​មាន​ប្រយោជន៍​ដល់​ម្ចាស់ ជា​ប្រដាប់​ប្រដា ​ដែល​រៀប​ចំ​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​យ៉ាង។ ២២​ដូច្នេះចូរ​រត់​គេច​ពី ​សេចក្ដី​ស្រើប​ស្រាល​របស់​យុវវ័យ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខសាន្ត​ជាមួយ​ពួក​អ្នក​ ដែល​អំពាវ​នាវ​ដល់​ព្រះ​អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ។

២៣​ចូរ​ចៀសវាង​ការសួរ​ដេញ​ដោល​​ដ៏​ល្ងង់ខ្លៅ​ និង​លេលា ដោយ​ដឹង​ថាសេចក្ដី​ទាំង​នោះ​បង្ក​ឲ្យ​មាន​​​ជម្លោះ​តែ​ប៉ុណ្ណោះ។ ២៤បាវ​បម្រើ​របស់​ព្រះអម្ចាស់ ​មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​ទេ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​មាន​ចិត្ដ​សុភាព​រាប​សារ​ ចំពោះ​​មនុស្ស​ទាំង​អស់ ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន មាន​ចិត្ត​អត់ធ្មត់ ២៥​និង​ប្រដៅ​ពួក​ប្រឆាំង​ដោយ​ចិត្ដ​សុភាព ក្រែង​លោ​ព្រះ​ជាម្ចាស់​បណ្ដាល​ឲ្យ​​គេ​ប្រែ​ចិត្ត ​​ស្គាល់​សេចក្ដីពិត ២៦ហើយ​​ភ្ញាក់​ខ្លួន ​ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្សសាតាំង​ដែល​វា​ចាប់​គេ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។

២ ធីម៉ូថេ ២