KCB - ២ ថែស្សាឡូនីច ១


២ ថែស្សាឡូនីច ១

២ ថែស្សាឡូនីច

ពាក្យជម្រាបសួរពីលោកប៉ូល

ខ្ញុំ​ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ​ ជូន​ចំពោះ​ក្រុម​ជំនុំ ​នៅ​ក្រុង​ថែស្សាឡូនីច​​ ដែល​នៅ​ក្នុង​ព្រះជាម្ចាស់ ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។ សូម​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​​យើង និងព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​​អ្នករាល់គ្នា។​

ការលើកទឹកចិត្តនៅពេលមានការបៀតបៀន

បងប្អូន​អើយ! យើង​ត្រូវ​អរ​ព្រះគុណព្រះជាម្ចាស់ជានិច្ច​ អំពី​អ្នករាល់គ្នា ​ដ្បិត​​ជា​ការ​ស័ក្ដិសម​ណាស់​ ពីព្រោះ​ជំនឿ​របស់​អ្នករាល់គ្នា ចម្រើន​ឡើងយ៉ាងខ្លាំង​ ហើយ​សេចក្ដីស្រឡាញ់ ​​ដែល​​អ្នក​រាល់គ្នាមាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក ក៏ចម្រើនឡើង​ដែរ។ ដូច្នេះ​ហើយ បាន​ជា​​យើង​អួត​អំពី​អ្នករាល់គ្នា ​នៅ​តាម​ក្រុម​ជំនុំ​ទាំងឡាយ​​របស់​ព្រះជាម្ចាស់ ដោយ​ព្រោះ​ជំនឿ និង​ការស៊ូទ្រាំ​ដែលអ្នករាល់គ្នា​មាន​នៅក្នុង​ការ​បៀត​បៀន និង​សេចក្តី​វេទនា​គ្រប់បែបយ៉ាង។ ​នោះជា​ភស្តុតាង​ អំពី​ការ​ជំនុំ​ជម្រះ​ ដ៏​សុចរិត​របស់​ព្រះជាម្ចាស់ ដើម្បី​ឲ្យអ្នករាល់គ្នា​ បាន​រាប់​ជា​ស័ក្តិសម​នឹង​នគរ​របស់​ព្រះជាម្ចាស់​ ដ្បិត​អ្នករាល់គ្នា​​រងទុក្ខ​ដោយ​ព្រោះ​នគរ​នោះ​ឯង។

​ដ្បិតនេះ​ជា​សេចក្តី​សុចរិត​នៅចំពោះ​ព្រះជាម្ចាស់​ គឺ​ព្រះអង្គ​នឹង​សង​​សេចក្ដី​វេទនាដល់​ពួក​អ្នក​ ដែល​ធ្វើ​ទុក្ខ​អ្នករាល់គ្នា​​​​វិញ ហើយ​ឲ្យអ្នករាល់គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​ បានសម្រាក​ជាមួយ​យើង នៅពេល​ដែល​ព្រះអម្ចាស់​យេស៊ូ​ លេច​មក​ពី​ស្ថានសួគ៌ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ​ នៅ​​ក្នុង​អណ្តាត​ភ្លើង ដើម្បី​សងសឹក​​​​អស់​អ្នក​មិន​ស្គាល់​ព្រះជាម្ចាស់ និង​អស់​អ្នក​មិន​ស្តាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូ ​ជាព្រះអម្ចាស់​របស់​យើង។ ​ពួកគេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​វិនាស​ដ៏អស់កល្ប​ជានិច្ច គឺ​ឃ្លាតឆ្ងាយ​​ពី​ព្រះ​ភក្រ្ត​​ព្រះអម្ចាស់ និងពី​អំណាច​ ដ៏មានសិរី​រុងរឿង​​​របស់​ព្រះអង្គ ១០នៅពេល​ដែល​ព្រះអង្គ​យាង​មក ដើម្បី​ទទួល​ការ​លើក​​តម្កើង នៅក្នុង​ចំណោម​​ពួក​បរិសុទ្ធ​ និង​ដើម្បី​​ទទួល​ការ​ស្ងើច​សរសើរ​នៅក្នុង​ចំណោម​ពួក​អ្នក​ជឿ​ទាំង​អស់​នៅ​ថ្ងៃ​​នោះ ព្រោះ​អ្នករាល់គ្នា​បាន​ជឿ​សេចក្ដី​បន្ទាល់​របស់​យើងហើយ។

១១​ហេតុនេះហើយ បានជាយើងអធិស្ឋាន​ឲ្យ​​អ្នករាល់គ្នា​ជានិច្ច សូមឲ្យព្រះជាម្ចាស់​របស់​​យើង​រាប់​អ្នករាល់គ្នា​ជាស័ក្ដិសម​នឹង​ការ​ត្រាស់​ហៅរបស់​ព្រះ​អង្គ​ ហើយឲ្យ​​ព្រះអង្គសម្រេច គ្រប់ទាំង​បំណង​​ល្អ​ និងកិច្ចការដែល​ធ្វើ​ដោយ​ជំនឿ ដោយ​​អំណាច​របស់ព្រះអង្គ ១២ដើម្បី​ឲ្យ​ព្រះនាម​របស់​ព្រះ​យេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​​ ទទួល​ការ​លើក​តម្កើងនៅ​ក្នុង​ចំណោម​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក៏ទទួល​ការ​​លើក​តម្កើង ​នៅ​ក្នុង​ព្រះអង្គ​ដែរ តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់របស់​​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។

២ ថែស្សាឡូនីច ១