២ ពេត្រុស ៣
ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់
៣ឥឡូវនេះ បងប្អូនជាទីស្រឡាញ់អើយ! នេះជាសំបុត្រទីពីរ ដែលខ្ញុំបានសរសេរមកអ្នករាល់គ្នា ហើយនៅក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំឭក និងដាស់គំនិតដ៏ស្មោះត្រង់របស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង ២ដើម្បីឲ្យអ្នករាល់គ្នានឹកចាំអំពីសេចក្ដី ដែលពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធ បានថ្លែងទុកកាលពីមុន និងពីបញ្ញត្តិរបស់ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះដែលពួកសាវករបស់អ្នករាល់គ្នាបានប្រាប់។
៣មុនដំបូង ចូរដឹងអំពីសេចក្ដីនេះចុះថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអក ដែលដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេមក ទាំងចំអក ៤ដោយនិយាយថា តើសេចក្ដីសន្យាអំពីការយាងមករបស់ព្រះអង្គនៅឯណា ដ្បិតតាំងពីពួកដូនតាដេកលក់ទៅ នោះអ្វីៗទាំងអស់នៅតែដដែល តាំងពីដើមកំណើតផែនដីមក។
៥ព្រោះគេចង់បំភ្លេចសេចក្ដីនេះ ថា តាំងពីយូរណាស់មកហើយ នោះមានផ្ទៃមេឃ ហើយផែនដីក៏ត្រូវបានបង្កើតឡើងឲ្យផុសចេញពីទឹក និងនៅក្នុងទឹក ដោយសារព្រះបន្ទូល របស់ព្រះជាម្ចាស់ ៦បន្ទាប់មក ពិភពលោកត្រូវទឹកនោះជន់លិចបំផ្លាញ ៧ហើយដោយសារព្រះបន្ទូលដដែល ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង ព្រមទាំងទុកសម្រាប់ថ្ងៃជំនុំជម្រះ និងថ្ងៃនៃសេចក្ដីវិនាសរបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។
៨បងប្អូនជាទីស្រឡាញ់អើយ! សូមកុំភ្លេចសេចក្ដីមួយនេះឡើយថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ។ ៩ព្រះអម្ចាស់មិនយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់ព្រះអង្គ ដូចជាអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា មិនចង់ឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។ ១០ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដូចជាចោរ នៅថ្ងៃនោះ ផ្ទៃមេឃនឹងរលាយបាត់ទៅ ដោយសូរគ្រាំគ្រេង ធាតុទាំងឡាយនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ រីឯផែនដី និងអ្វីៗដែលនៅផែនដីក៏នឹងវិនាសអស់ដែរ។
១១បើអ្វីៗទាំងនេះ នឹងត្រូវបំផ្លាញបែបនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅបែបណា គឺអ្នករាល់គ្នាត្រូវមានកិរិយាបរិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ ១២ទាំងទន្ទឹងរង់ចាំឲ្យថ្ងៃរបស់ព្រះជាម្ចាស់ឆាប់មកដល់ ព្រោះនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ រីឯធាតុទាំងឡាយក៏នឹងឆេះរលាយអស់ដែរ ១៣ប៉ុន្ដែយើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មីតាមសេចក្ដីសន្យារបស់ព្រះអង្គ ដែលនៅទីនោះមានតែសេចក្តីសុចរិត។
១៤ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំសេចក្ដីទាំងនេះ ចូរខ្នះខ្នែងយ៉ាងណាឲ្យព្រះអង្គទតឃើញអ្នករាល់គ្នា ឥតស្លាកស្នាម ឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីសុខសាន្តផង ១៥ហើយចូរយល់ថា សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ជាសេចក្ដីសង្គ្រោះ ដូចដែលលោកប៉ូលជាបងប្អូនជាទីស្រឡាញ់របស់យើង បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញា ដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់ ១៦ហើយដូចនៅក្នុងសំបុត្រទាំងឡាយរបស់គាត់ គាត់បាននិយាយអំពីសេចក្ដីទាំងនេះ ហើយមានសេចក្ដីខ្លះពិបាកយល់ ដែលពួកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បានបង្វែរន័យសំបុត្រទាំងនោះ ដូចគេបង្វែរបទគម្ពីរផ្សេងទៀតដែរ ដែលនាំឲ្យមានសេចក្ដីវិនាសលើខ្លួនឯង។
បណ្ដាំចុងក្រោយរបស់លោកពេត្រុស
១៧ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ដោយព្រោះអ្នករាល់គ្នាបានដឹងសេចក្ដីនេះជាមុនរួចហើយ ចូរប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នា ត្រូវសេចក្ដីខុសឆ្គងរបស់ពួកមនុស្សអាក្រក់ អូសទាញ ហើយបាត់បង់ សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្លួននោះឡើយ ១៨ផ្ទុយទៅវិញ ចូរឲ្យអ្នករាល់គ្នាបានចម្រើនឡើងខាងឯព្រះគុណ និងខាងឯការស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងទាំងនៅពេលឥឡូវនេះ និង រហូតអស់កល្បជានិច្ច អាម៉ែន៕