KCB - ២ ពេត្រុស ១


២ ពេត្រុស ១

២ ពេត្រុស

ពាក្យ​ជម្រាប​សួរ​ពី​លោកពេត្រុស​

ខ្ញុំ ​ស៊ីម៉ូន​ពេត្រុស​ ជា​បាវ​បម្រើ និង​ ជា​សាវក​​របស់​ព្រះ​យេស៊ូ​គ្រិស្ដ ជូន​ចំពោះ​​ពួក​​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​មាន​តម្លៃ​ ដូចជា​ជំនឿ​របស់​​យើងដែរ​​​ តាមរយៈ​សេចក្តី​សុចរិត​របស់​ព្រះ​ជាម្ចាស់ និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​​យើង។ ដោយ​សារ​អ្នករាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​​ជា​ព្រះអម្ចាស់​របស់​យើង​ សូម​ឲ្យអ្នករាល់គ្នា​ បាន​ប្រកប​​ដោយ​ព្រះគុណ និង​សេចក្តី​សុខសាន្ត​កាន់​តែ​ច្រើន​ឡើងៗ។​​

ការ​រីក​ចម្រើន​ក្នុងការ​ស្គាល់​ ព្រះជាម្ចាស់

ដ្បិត​ព្រះ​ចេស្តា ​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​ មាន​អ្វីៗ​ទាំងអស់​សម្រាប់​ជីវិត និង​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់ ​តាមរយៈ​ការ​ស្គាល់​ព្រះ​អង្គ​ ដែល​បាន​ត្រាស់​ហៅ ​យើង​ឲ្យមក‍ឯ​សិរី​រុងរឿង និង‍សេចក្តី​ល្អ​​របស់​ព្រះអង្គផ្ទាល់​​ ហើយ​ដោយ​សារ​សេចក្ដី​ទាំងនោះ​ ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​សន្យាដ៏​វិសេស​អស្ចារ្យ​ដល់​​យើង​ ដើម្បី​ឲ្យអ្នករាល់គ្នា​ត្រលប់​​ជា​អ្នក​មាន​ចំណែក​ នៅក្នុង​​​លក្ខណៈ​ របស់​​ព្រះ​ជាម្ចាស់​តាម​រយៈ​​សេចក្ដី​សន្យា​ទាំងនោះ​ ព្រម​ទាំង​​រួច​ផុត​ពី​សេចក្ដី​​ពុករលួយ ​នៅ​ក្នុង​លោកិយ​​នេះ​ ដែល​កើត​ពី​សេចក្តី​ប៉ង​ប្រាថ្នា។​

ហេតុ​នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​ខំប្រឹង​​ឲ្យ​អស់​​ពី​សមត្ថភាព ដើម្បី​បន្ថែម​សេចក្តី​​ល្អ​​ ទៅ​លើ​ជំនឿ​របស់​អ្នករាល់​គ្នា ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ជាម្ចាស់​ ​ទៅលើ​សេចក្តី​​ល្អ​​នោះ​ បន្ថែម​ការ​គ្រប់​គ្រង​ចិត្ត ​ទៅលើ​​ការ​ស្គាល់​ព្រះជាម្ចាស់​ បន្ថែម​ការ​ស៊ូទ្រាំ ​ទៅលើ​ការ​​គ្រប់គ្រង​ចិត្ត បន្ថែម​ការគោរព​​កោតខ្លាច​ព្រះជា​ម្ចាស់​​ទៅលើ​ការ​ស៊ូទ្រាំ បន្ថែម​សេចក្ដី​ស្រឡាញ់​ជា​​បងប្អូន​ ទៅលើ​​​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់ ហើយ​បន្ថែម​សេចក្តី​ស្រឡាញ់​ ទៅលើ​​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ​ដ្បិត​បើ​សេចក្តី​​ទាំងនេះ​ បាន​កើន​ឡើង​នៅក្នុង​អ្នករាល់គ្នា មិន​ធ្វើ​ឲ្យអ្នក​រាល់គ្នា​ជាមនុស្សខ្ជិល​ច្រអូស​ ឬ​គ្មាន​ផល​ផ្លែ​ក្នុង​ការ​ស្គាល់​ព្រះ​​យេស៊ូ​គ្រិស្ដ​ជា​ព្រះ​​អម្ចាស់​របស់​​យើង​ឡើយ​ ព្រោះ​អ្នកណា​ដែល​គ្មាន​សេចក្តី​ទាំងនេះ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់​​ ឬ​ជា​មនុស្ស​មើល​មិន​បាន​ឆ្ងាយ ហើយ​ភ្លេច​ថា ព្រះជា​ម្ចាស់​បាន​សំអាត​​ពួក​គេ​ឲ្យ​បាន​រួច​ពី​​បាប​កាល​ពី​មុន​ហើយ។​

១០ដូច្នេះបងប្អូន​អើយ! ចូរ​មានចិត្ដ សង្វាតដើម្បី​ធ្វើ​ឲ្យការ​ត្រាស់​ហៅ និង​ការជ្រើសរើស​របស់អ្នក​រាល់​គ្នា ​ប្រាកដ​ប្រជា ដ្បិត​បើប្រព្រឹត្ត​សេចក្ដីទាំងនេះ នោះអ្នករាល់គ្នា​ នឹង​មិន​ជំពប់​ដួល​សោះឡើយ​ ១១ហើយអ្នករាល់គ្នា ​នឹង​ទទួល​បាន​សិទ្ធិ​ពេញលេញ​ ​​ចូល​ទៅក្នុង​នគរ​ដ៏​អស់​កល្ប​​ជានិច្ច​របស់​ព្រះ​យេស៊ូ​​គ្រិស្ដ ​ជា​ព្រះអម្ចាស់ និងជា​​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​

ការ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​បទគម្ពីរ​

១២ហេតុនេះហើយ​​ ​ ខ្ញុំ​នឹង​រំឭក​អ្នករាល់គ្នា​ អំពី​សេចក្ដី​ទាំងនេះ​ជានិច្ច ទោះបី​អ្នករាល់គ្នា​បាន​​ស្គាល់ ព្រមទាំង​បាន​មាំមួន​ឡើង​នៅក្នុង​សេចក្ដី​ពិត​ដែល​អ្នករាល់គ្នា​មាន​ហើយនេះ ​ក៏​ដោយ។​ ១៣ដរាប​ណា​ ខ្ញុំ​ស្ថិត​នៅក្នុងរូបកាយ​នេះ​នៅ​ឡើយ នោះ​ខ្ញុំ​យល់​ឃើញ​ថា ​ជា​ការ​ត្រឹមត្រូវ​ណាស់​​ដែលត្រូវ​​រំឭក​​​ និង​ដាស់​អ្នករាល់គ្នាឲ្យ​ភ្ញាក់​ឡើង​ ១៤ដោយ​​ដឹង​ថា ខ្ញុំ​នឹង​ដោះរូបកាយនេះ​ចេញ ​នៅក្នុង​ពេល​​ឆាប់ៗ​នេះ​ ដូចដែល​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​ព្រះ​អម្ចាស់​​របស់​យើង​​បាន​បង្ហាញ​ឲ្យខ្ញុំ​ឃើញ​ច្បាស់​ ១៥ខ្ញុំ​នឹង​ខ្នះ​ខ្នែង​​​ដើម្បី​ឲ្យក្រោយ​ពេល ​ខ្ញុំ​ចាកចេញពីលោកនេះ អ្នករាល់គ្នា​នៅតែចងចាំ​ពី​សេចក្ដី​ទាំងនេះ ​គ្រប់​​ពេល​វេលា​ជានិច្ច​១៦ដ្បិត​ការ​ដែល​​យើង ​​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ដឹងព្រះ​ចេស្តា និង​ការ​យាងមក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់របស់​​យើងនេះ​ មិនមែនជា​​រឿង​ព្រេង​តៗគ្នា​ដែល​គេ​ប្រឌិត​ ​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ ប៉ុន្ដែយើង​​ជា​សាក្សី​ផ្ទាល់​​ភ្នែក ដែល​បាន​ឃើញ​​​​ព្រះ​ចេស្ដា​​​របស់​ព្រះអង្គ។​ ១៧ដ្បិតពេល​ដែល​ព្រះ​អង្គ ​បាន​ទទួល​​កិត្តិយស និង​សិរីរុងរឿង​ពី​ព្រះ​ជាម្ចាស់​ ដ៏​​ជា​ព្រះវរបិតា នោះ​ក៏មាន​សំឡេង​​មួយ​ចេញ​មក​ពី​សិរីរុងរឿង​ដ៏​ឧត្តុង្គ​ឧត្តម​ មាន​ប​ន្ទូល​មក​កាន់​​ព្រះអង្គ​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​ ១៨យើង​បាន​ឮ​សំឡេង​នេះ ​ចេញពី​ស្ថាន​សួគ៌​មក នៅពេល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​ព្រះអង្គ។

១៩យើង​មាន​ពាក្យ របស់​អ្នក​នាំ​ព្រះ​បន្ទូល​ដ៏​ប្រាកដ​ប្រជា​ ដែល​អ្នករាល់គ្នា​យក​ចិត្ដ​ទុកដាក់​ស្តាប់​យ៉ាង​ល្អ ទុកជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​ រហូត​ដល់​​ថ្ងៃរះ និង​ រហូត​ដល់​​ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់គ្នា។ ២០ជាបឋម ត្រូវដឹង​​​​ថា​ គ្រប់​ទាំង​ការ​ថ្លែង​ព្រះ​បន្ទូល ​​​នៅ​ក្នុង​បទ​គម្ពីរ​ មិន​មែនជា​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នកណា​ម្នាក់​ទេ ២១ដ្បិត​​ការ​ថ្លែង​​​ព្រះបន្ទូល​​ មិន​មែន​ចេញ​​មក​ពី​បំណង​របស់​មនុស្ស​ទេ គឺ​មនុស្សថ្លែង​ព្រះបន្ទូលរបស់​​ព្រះ​ជាម្ចាស់ តាមដែលព្រះ​វិញ្ញាណ​បណ្តាល។

២ ពេត្រុស ១