២ យ៉ូហាន
២ យ៉ូហាន
ពាក្យជម្រាបសួរពីលោកយ៉ូហាន
១ខ្ញុំជាចាស់ទុំ ជូនចំពោះលោកស្រីដែលព្រះជាម្ចាស់ បានជ្រើសរើស និងកូនៗរបស់លោកស្រី ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតដែរ ២ដ្បិតសេចក្ដីពិតនោះនៅក្នុងយើង ហើយនឹងនៅជាមួយយើងអស់កល្បជានិច្ចផង។ ៣ព្រះគុណ សេចក្ដីមេត្តាករុណា និង សេចក្ដីសុខសាន្តពីព្រះជាម្ចាស់ ជាព្រះវរបិតា និងពីព្រះយេស៊ូគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះអង្គនឹងស្ថិតជាមួយយើង នៅក្នុងសេចក្ដីពិត និងសេចក្ដីស្រឡាញ់។
ការរស់នៅក្នុងសេចក្ដីពិត
៤ខ្ញុំត្រេកអរខ្លាំងណាស់ ដោយបានឃើញកូនៗមួយចំនួន របស់លោកស្រីប្រព្រឹត្តតាមសេចក្ដីពិត ស្របតាមបញ្ញត្តិដែលយើងបានទទួលពីព្រះវរបិតាមក។ ៥ឥឡូវនេះ លោកស្រីអើយ! ខ្ញុំសុំលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនមែនសរសេរបញ្ញត្តិមួយថ្មីសម្រាប់លោកស្រីទេ ប៉ុន្ដែជាបញ្ញត្តិ ដែលយើងមានតាំងពីដើមដំបូងមក។ ៦នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងត្រូវប្រព្រឹត្តតាមបញ្ញត្ដិរបស់ព្រះអង្គ ហើយនេះជាបញ្ញត្តិ គឺអ្នករាល់គ្នា ត្រូវរស់នៅក្នុងសេចក្ដីស្រឡាញ់ ដូចដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក ៧ព្រោះមានជនបោកប្រាស់ជាច្រើន បានចេញទៅក្នុងលោកិយនេះ ជាពួកអ្នកដែលមិនព្រមទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ដបានយាងមកក្នុងសាច់ឈាមទេ គឺអ្នកនោះហើយជាជនបោកប្រាស់ ហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។ ៨ចូរអ្នករាល់គ្នាប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងបានធ្វើនោះ គឺឲ្យទទួលបានរង្វាន់ដ៏ពេញលេញវិញ។ ៩អស់អ្នកដែលទៅហួស ហើយមិននៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ នោះគ្មានព្រះជាម្ចាស់ទេ ប៉ុន្ដែអ្នកណាដែលនៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។ ១០បើអ្នកណាមកឯអ្នករាល់គ្នា ប៉ុន្ដែ មិនបាននាំសេចក្ដីបង្រៀននេះមកទេ ចូរកុំទទួលគេមកក្នុងផ្ទះ ឬជម្រាបសួរគេឡើយ ១១ដ្បិតអ្នកណាដែលជម្រាបសួរគេ អ្នកនោះក៏រួមចំណែកក្នុងអំពើអាក្រក់របស់គេដែរ។
សេចក្ដីបញ្ចប់
១២ខ្ញុំមានសេចក្ដីជាច្រើន ដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយក្រដាស និងទឹកខ្មៅនេះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់វិញ ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរ។ ១៣កូនៗបងស្រីរបស់លោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើសនោះ ក៏ជម្រាបសួរមកលោកស្រីដែរ៕