២ កូរិនថូស ៧
៧ហេតុនេះហើយ បងប្អូនជា ទីស្រឡាញ់អើយ! ដោយមានសេចក្ដីសន្យាទាំងនេះ ចូរយើងសំអាតខ្លួន ពីភាពស្មោកគ្រោកទាំងឡាយខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបំពេញសេចក្ដីបរិសុទ្ធ ដោយការកោតខ្លាចព្រះជាម្ចាស់។
អំណររបស់លោកប៉ូលដោយសារ ការប្រែចិត្ដរបស់ពួកគេ
២សូមទទួលយើងផង យើងមិនបានធ្វើខុសនឹងអ្នកណាទេ យើងមិនបានបំផ្លាញអ្នកណាទេ ហើយយើងក៏មិនបានបោកប្រាស់អ្នកណាដែរ។ ៣ខ្ញុំនិយាយនេះ មិនមែនជាការផ្តន្ទាទោសដល់អ្នករាល់គ្នាទេ ដ្បិតខ្ញុំបានបា្រប់អ្នករាល់គ្នាជាមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តរបស់យើង ដើម្បីបានស្លាប់រស់ជាមួយគ្នា ៤ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ដោយក្លាហាន ហើយមាន មោទនភាពយ៉ាងខ្លាំង ដោយព្រោះអ្នករាល់គ្នា ខ្ញុំបានទទួលការកម្សាន្ដចិត្ដយ៉ាងពោរពេញ ហើយខ្ញុំក៏មានអំណរយ៉ាងបរិបូរដែរ នៅក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង។ ៥ម្យ៉ាងទៀត កាលយើងបានមកដល់ស្រុកម៉ាសេដូន នោះរូបកាយរបស់យើង គ្មានភាពធូរស្បើយសោះ ប៉ុន្ដែ ត្រូវរងទុក្ខលំបាកគ្រប់បែបយ៉ាង គឺខាងក្រៅមានការតទល់ រីឯខាងក្នុងមានសេចក្ដីភ័យខ្លាច ៦ប៉ុន្ដែព្រះជាម្ចាស់ដែលកម្សាន្ដចិត្ដ ពួកអ្នកដែលបាក់ទឹកចិត្ដ បានកម្សាន្ដចិត្ដយើងដែរ តាមរយៈការមកដល់របស់លោកទីតុស ៧មិនត្រឹមតែ តាមរយៈការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺតាមរយៈការកម្សាន្ដចិត្ដ ដែលអ្នករាល់គ្នាបានកម្សាន្ដចិត្ដគាត់ដែរ គាត់បានប្រាប់យើង ពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាដែលមានចំពោះយើង ដូច្នេះធ្វើឲ្យខ្ញុំកាន់តែត្រេកអរថែមទៀត។ ៨បើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដ ដោយសារសំបុត្រនោះ ខ្ញុំមិនស្តាយក្រោយទេ ទោះបីខ្ញុំស្ដាយក្រោយក៏ដោយ ដោយព្រោះខ្ញុំយល់ឃើញថាសំបុត្រនោះ បានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដ តែមួយរយៈពេលប៉ុណ្ណោះ ៩ឥឡូវនេះ ខ្ញុំត្រេកអរណាស់ ប៉ុន្ដែមិនមែនដោយព្រោះអ្នក រាល់គ្នាព្រួយចិត្ដទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្ដ រហូតដល់មានការប្រែចិត្ដ ដ្បិតអ្នករាល់គ្នាព្រួយចិត្ដ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះអ្នករាល់គ្នា មិនបានទទួលការខាតបង់អ្វីមួយដោយសារយើងទេ ១០ព្រោះការព្រួយចិត្ដ ដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើឲ្យមានការប្រែចិត្តដែលនាំទៅឯសេចក្ដីសង្គ្រោះ នោះមិនគួរស្ដាយក្រោយឡើយ ប៉ុន្ដែការព្រួយចិត្ដរបស់លោកិយវិញ ធ្វើឲ្យមានសេចក្ដីស្លាប់ ១១ដ្បិតមើល៍ ការព្រួយចិត្ដបែបនេះ ដែលស្របតាមព្រះហឫទ័យរបស់ ព្រះជាម្ចាស់ បានធ្វើឲ្យអ្នករាល់គ្នា ឧស្សាហ៍ មានការការពារខ្លួន ការឈឺចិត្ដ ការភ័យខ្លាច ការទន្ទឹងមើលផ្លូវ ភាព ប្ដូរផ្ដាច់ និងយុត្ដិធម៌! ដូច្នេះចំពោះបញ្ហានេះ អ្នករាល់គ្នាបានបង្ហាញឲ្យឃើញ ថា ខ្លួនបរិសុទ្ធក្នុងគ្រប់ការទាំងអស់។ ១២ទោះបីខ្ញុំ បានសរសេរមកអ្នករាល់គ្នាមែនក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬអ្នកដែលត្រូវគេធ្វើខុសលើនោះដែរ ប៉ុន្ដែដើម្បីបង្ហាញឲ្យអ្នករាល់គ្នាឃើញពីសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នា ដែលមានចំពោះយើង នៅចំពោះព្រះ ជាម្ចាស់ ១៣ដោយព្រោះការនេះ យើងត្រូវបានកម្សាន្ដចិត្ដ ប៉ុន្ដែលើសពីការ កម្សាន្ដចិត្ដនេះ យើងកាន់តែត្រេកអរថែមទៀត ចំពោះអំណររបស់លោក ទីតុស ដ្បិតអ្នកទាំងអស់គ្នាបានធ្វើឲ្យវិញ្ញាណរបស់គាត់ធូរស្បើយ។ ១៤ទោះបីខ្ញុំបានអួតគាត់ខ្លះៗ អំពីអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនមានសេចក្ដីខ្មាសដែរ ព្រោះសេចក្ដីទាំងឡាយដែលយើងប្រាប់ដល់អ្នករាល់គ្នា ជាសេចក្តីពិតយ៉ាងណា នោះការដែលយើងអួតលោកទីតុសអំពីអ្នករាល់គ្នា ក៏ជាសេចក្តីពិតយ៉ាងនោះដែរ ១៥ហើយគាត់ កាន់តែមានចិត្ដស្រឡាញ់ ចំពោះអ្នករាល់គ្នាខ្លាំងឡើងៗ ដោយនឹកចាំពីការស្ដាប់បង្គាប់ របស់អ្នករាល់គ្នា ពេលអ្នករាល់គ្នាបានទទួលគាត់ដោយចិត្ដកោតខ្លាច និងញាប់ញ័រ ១៦ខ្ញុំត្រេកអរណាស់ ដែលខ្ញុំទុកចិត្តលើអ្នករាល់គ្នាគ្រប់បែបយ៉ាង។