២ កូរិនថូស ៥
រូបកាយថ្មី
៥យើងដឹងថា បើរោងដែលជា លំនៅរបស់យើង នៅផែនដីនេះត្រូវរើចោល នោះយើងមានវិមានមកពីព្រះជាម្ចាស់ ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ដែលមិនធ្វើដោយដៃមនុស្សទេ ២ដ្បិតនៅក្នុងលំនៅនេះ យើងថ្ងូរចង់ពាក់លំនៅរបស់យើង ដែលមកពីស្ថានសួគ៌នោះណាស់ ៣បើបានពាក់ហើយ នោះយើងនឹងឃើញថា មិននៅអាក្រាតទៀតទេ។ ៤ដ្បិតពេលយើងកំពុងនៅក្នុងរោងនេះ យើងថ្ងូរណាស់ដោយមានបន្ទុកធ្ងន់ ប៉ុន្ដែមិនមែនដោយសារយើងចង់ដោះចេញទេ គឺចង់ពាក់វិញ ដើម្បីឲ្យជីវិតលេបយកអ្វីដែលតែងតែស្លាប់។ ៥ព្រះអង្គដែលបង្កើតយើងសម្រាប់ការនេះ គឺជាព្រះជាម្ចាស់ដែលបានប្រទានព្រះវិញ្ញាណមកយើង ទុកជារបស់បញ្ចាំចិត្ដ ៦ដូច្នេះហើយយើងមានចិត្ដក្លាហានជានិច្ច ហើយដឹងថា ពេលយើងនៅក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតឆ្ងាយពីព្រះអម្ចាស់ ៧ដ្បិតយើងរស់នៅដោយជំនឿ មិនមែនដោយការមើលឃើញទេ ៨ហេតុនេះហើយ យើងមានចិត្ដក្លាហាន ហើយពេញចិត្ដនឹងចាកចេញពីរូបកាយនេះ ទៅនៅជាមួយព្រះអម្ចាស់ប្រសើរជាង ៩ដូច្នេះហើយមិនថា នៅក្ដី ឬចាកចេញទៅក្ដី យើងមានបំណង ឲ្យគាប់ព្រះហឫទ័យព្រះអង្គណាស់ ១០ព្រោះយើងទាំងអស់គ្នាត្រូវបង្ហាញខ្លួន នៅចំពោះមុខទីជំនុំជម្រះរបស់ព្រះគ្រិស្ដ ដើម្បីឲ្យម្នាក់ៗទទួលផលតាមអ្វីដែលបានប្រព្រឹត្ត តាមរយៈរូបកាយនេះ មិនថាល្អ ឬអាក្រក់ឡើយ។
យើងជាទូតរបស់ព្រះជាម្ចាស់
១១ហេតុនេះហើយ ដោយស្គាល់ពីការកោតខ្លាចព្រះអម្ចាស់ បានជាយើងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ។ យើងបានបង្ហាញឲ្យឃើញច្បាស់ នៅចំពោះព្រះ ជាម្ចាស់ ហើយខ្ញុំក៏សង្ឃឹមថា បានបង្ហាញឲ្យឃើញច្បាស់ ដល់មនសិការរបស់អ្នករាល់គ្នាដែរ។ ១២យើងមិនមែនលើកតម្កើងខ្លួន នៅចំពោះអ្នករាល់គ្នាទៀតទេ គឺផ្តល់ឱកាសឲ្យអ្នករាល់គ្នា មានមោទនភាពអំពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នា ឆ្លើយតបនឹងពួកអ្នកដែលកំពុងអួតពីសំបកក្រៅ ប៉ុន្ដែមិនមែនពីក្នុងចិត្ត ១៣ដ្បិតបើយើងវង្វេងស្មារតី គឺដើម្បីព្រះជាម្ចាស់ ហើយបើយើងមានស្មារតីត្រឹមត្រូវ គឺដើម្បីអ្នករាល់គ្នា ១៤ព្រោះសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដ ជំរុញយើង យើងក៏វិនិច្ឆ័យដូច្នេះថា មនុស្សម្នាក់ បានស្លាប់ជំនួសមនុស្សទាំងអស់ ហេតុនេះមនុស្សទាំងអស់ ក៏បានស្លាប់ដែរ ១៥ហើយព្រះអង្គបានសោយទិវង្គតជំនួសមនុស្សទាំងអស់ នោះមនុស្សដែលរស់នៅ មិនរស់ដើម្បីខ្លួនឯងទៀតទេ គឺរស់ដើម្បីព្រះអង្គដែលបានសោយទិវង្គត និងបានរស់ឡើងវិញសម្រាប់ពួកគេ ១៦ដូច្នេះហើយ ចាប់ពីពេលនេះ តទៅ យើងឈប់ស្គាល់អ្នកណាម្នាក់ តាមបែបសាច់ឈាមទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដ តាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះយើងមិនស្គាល់ព្រះអង្គ តាមបែបនោះទៀតទេ។ ១៧ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី ហើយអ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍អ្វីៗត្រលប់ជាថ្មីវិញ ១៨អ្វីៗទាំងអស់ មកពីព្រះជាម្ចាស់ ដែលបានផ្សះផ្សាយើងជាមួយព្រះអង្គតាមរយៈព្រះគ្រិស្ដ ព្រមទាំងបានប្រទានមុខងារបម្រើ ខាងការផ្សះផ្សានោះមកយើងទៀតផង ១៩គឺនៅក្នុងព្រះគ្រិស្ដ ព្រះជាម្ចាស់កំពុងផ្សះផ្សាលោកិយនេះជាមួយព្រះអង្គ ដោយមិនប្រកាន់កំហុសរបស់ពួកគេឡើយ ហើយព្រះអង្គបានប្រគល់ព្រះបន្ទូល នៃការផ្សះផ្សានោះដល់យើង ២០ហេតុនេះ យើងជាទូតរបស់ព្រះគ្រិស្ដ ហាក់ដូចជាព្រះជាម្ចាស់ កំពុងដាស់តឿនតាមរយៈយើង ដូច្នេះយើងតំណាងឲ្យព្រះគ្រិស្ដ សូមអង្វរថា ចូរផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ ២១ដ្បិតព្រះអង្គបានធ្វើឲ្យព្រះមួយអង្គ ដែលគ្មានបាបសោះ ត្រលប់ជាបាបជំនួសយើង ដើម្បីឲ្យយើងត្រលប់ជាមនុស្សសុចរិត របស់ព្រះជាម្ចាស់នៅក្នុងព្រះមួយអង្គនោះ។