២ កូរិនថូស ៤
ទ្រព្យសម្បត្ដិនៅក្នុងភាជនៈដី
៤ហេតុនេះ ដោយសារយើងបានទទួលសេចក្ដីមេត្ដាករុណា ទើបយើងមានមុខងារបម្រើនេះ យើងមិនរសាយចិត្តទេ ២ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយ ដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូល របស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិត នៅចំពោះព្រះជាម្ចាស់ ៣បើដំណឹងល្អរបស់យើងត្រូវបានលាក់បាំងមែន នោះគឺត្រូវបានលាក់បាំង នៅក្នុងចំណោមពួកអ្នកដែលកំពុងវិនាស ៤ជាពួកអ្នកដែលព្រះនៃលោកិយនេះ បានធ្វើឲ្យគំនិតរបស់ពួកអ្នកគ្មានជំនឿទៅជាងងឹត ដើម្បីកុំឲ្យពន្លឺ ដំណឹងល្អនៃសិរីរុងរឿង របស់ព្រះគ្រិស្ដដែលជារូបអង្គរបស់ព្រះជាម្ចាស់ បានចែងចាំងឡើយ ៥ព្រោះយើងមិនប្រកាសអំពីខ្លួនយើងទេ គឺអំពីព្រះយេស៊ូគ្រិស្ដ ដ៏ជាព្រះអម្ចាស់វិញ ហើយដោយព្រោះព្រះយេស៊ូ ខ្លួនយើងត្រលប់ជាបាវបម្រើអ្នករាល់គ្នា ៦ពីព្រោះព្រះជាម្ចាស់ដែលបានមានបន្ទូលឲ្យមានពន្លឺភ្លឺ ចេញពីសេចក្ដីងងឹត ព្រះអង្គបានផ្ដល់ពន្លឺមកក្នុងចិត្តរបស់យើង ដើម្បីបំភ្លឺការយល់ដឹង អំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលនៅលើព្រះភក្រ្តព្រះយេស៊ូគ្រិស្ដ។ ៧ដូច្នេះ យើងមានទ្រព្យសម្បត្ដិ នៅក្នុងភាជនៈដីនេះដើម្បីបញ្ជាក់ថា អំណាចដ៏ឧត្ដុង្គឧត្ដមមកពីព្រះជាម្ចាស់ មិនមែនមកពីយើងទេ។ ៨យើងត្រូវគេសង្កត់សង្កិនគ្រប់បែបយ៉ាង ប៉ុន្ដែមិនទាន់ទាល់ច្រកទេ ហើយយើងស្មុគស្មាញ ប៉ុន្ដែមិនទាន់ទាល់គំនិតឡើយ ៩ត្រូវគេបៀតបៀន ប៉ុន្ដែ មិនទាន់ ត្រូវបានបោះបង់ចោលឡើយ ហើយត្រូវគេវាយឲ្យដួល ប៉ុន្ដែមិនទាន់ត្រូវបានសម្លាប់ឡើយ។ ១០យើងតែងតែ ផ្ទុកការសោយទិវង្គតរបស់ព្រះយេស៊ូក្នុង រូបកាយរបស់យើងជានិច្ច ដើម្បីឲ្យ ជីវិតរបស់ព្រះយេស៊ូ បានបង្ហាញឲ្យឃើញ តាមរយៈរូបកាយរបស់យើងដែរ ១១ហើយដោយព្រោះព្រះយេស៊ូ យើងដែលនៅរស់នេះ ត្រូវបានប្រគល់ទៅឯសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានបង្ហាញឲ្យឃើញតាមរយៈរូបកាយរបស់យើង ដែលតែងតែស្លាប់នេះ ១២ដូច្នេះហើយបានជាសេចក្ដីស្លាប់ធ្វើការក្នុងយើង ប៉ុន្ដែជីវិតធ្វើការក្នុង អ្នករាល់គ្នាវិញ ១៣គឺយើងមានវិញ្ញាណនៃជំនឿតែមួយ ស្របតាមសេចក្ដីដែលបានចែងទុកថា៖ «ខ្ញុំជឿ បានជាខ្ញុំនិយាយ» ដូច្នេះយើងក៏ជឿដែរ បានជាយើងនិយាយ ១៤ដោយដឹងថា ព្រះអង្គដែលប្រោសព្រះអម្ចាស់យេស៊ូ ឲ្យរស់ឡើងវិញ ក៏ប្រោសយើងឲ្យរស់ឡើងវិញជាមួយនឹងព្រះយេស៊ូដែរ ព្រមទាំងឲ្យឈរនៅជាមួយអ្នករាល់គ្នាទៀតផង។ ១៥ដូច្នេះ អ្វីៗទាំងអស់ជាប្រយោជន៍សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណមានកាន់តែហូរហៀរ ដល់មនុស្សជាច្រើន និងឲ្យមានការអរព្រះគុណកាន់តែច្រើន សម្រាប់ជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែរ។ ១៦ហេតុនេះ យើងមិនរសាយចិត្តឡើយ ដ្បិតទោះបីរូបកាយខាងក្រៅរបស់យើង ខ្សោយទៅៗក៏ដោយ ក៏មនុស្សខាងក្នុងរបស់យើងត្រូវបានផ្លាស់ប្រែជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ១៧ដ្បិតសេចក្ដីវេទនាដ៏ស្រាលរបស់យើងតែមួយភ្លែតនេះ បានធ្វើឲ្យយើងមានសិរីរុងរឿងដ៏លើសលប់អស់កល្បជានិច្ចប្រៀបផ្ទឹមមិនបានឡើយ។ ១៨ដូច្នេះហើយ យើងមិនសម្លឹងមើលអ្វីដែលមើលឃើញទេ គឺអ្វីដែលមើលមិនឃើញវិញ ព្រោះអ្វីដែលមើលឃើញនៅមួយ រយៈពេលប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលមើលមិនឃើញនៅអស់កល្បជានិច្ច។