២ កូរិនថូស ៣
៣តើយើងចាប់ផ្ដើមលើកតម្កើង ខ្លួនទៀតហើយឬ? ឬមួយយើងត្រូវការសំបុត្រណែនាំខ្លួន បង្ហាញអ្នករាល់គ្នា ឬពីអ្នករាល់គ្នា ដូចជាអ្នកខ្លះដែរឬ? ២អ្នករាល់គ្នាទេតើជាសំបុត្ររបស់យើង ដែលបានកត់ត្រាទុកនៅក្នុងចិត្ដរបស់យើង ដែលមនុស្សទាំងអស់បានអាន និងបានដឹងគ្រប់គ្នា ៣ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រិស្ដ ដែលយើងបានសរសេរ គឺមិនបានសរសេរនឹងទឹកខ្មៅទេ ប៉ុន្ដែនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ហើយមិនមែននៅលើបន្ទះថ្មទេ គឺនៅក្នុងចិត្តខាងសាច់ឈាមវិញ ៤ហើយយើង មានការទុកចិត្ដបែបនេះ ចំពោះព្រះជាម្ចាស់ដោយសារព្រះគ្រិស្ដ ៥មិនមែនថាយើង មានសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចាត់ទុកថា អ្វីមួយមកពីខ្លួនយើងទេ ព្រោះសមត្ថភាពរបស់យើងមកពីព្រះជាម្ចាស់។
សិរីរុងរឿងរបស់កិច្ចព្រមព្រៀងថ្មី
៦ព្រះអង្គ ក៏បានធ្វើឲ្យយើងមានសមត្ថភាព ធ្វើជាអ្នកបម្រើកិច្ចព្រមព្រៀងថ្មី ដែលមិនមែនសរសេរជាអក្សរទេ ប៉ុន្ដែដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរសម្លាប់ ប៉ុន្ដែព្រះវិញ្ញាណផ្ដល់ ជីវិត។ ៧បើអក្សរចារឹកលើថ្ម ដែល ជាមុខងារបម្រើសេចក្ដីស្លាប់ មានសិរីរុងរឿង រហូតធ្វើឲ្យកូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខ លោកម៉ូសេចំ ដោយព្រោះតែសិរីល្អ នៅលើមុខរបស់គាត់ ដែលនឹងសាបសូន្យទៅ ៨ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ នឹងមានសិរីរុងរឿង លើសជាងយ៉ាងណាទៀត។ ៩បើមុខងារបម្រើការផ្ដន្ទាទោស មានសិរីរុងរឿង នោះមុខងារបម្រើសេចក្ដីសុចរិតនឹងមានសិរីរុងរឿងកាន់តែច្រើនជាងទៅទៀត ១០ដោយព្រោះតែសិរីរុងរឿងដ៏លើសលប់នៅពេលនេះ នោះអ្វីដែលធ្លាប់មានសិរីរុងរឿង គ្មានសិរីរុងរឿងទៀតទេ ១១ហើយបើអ្វីដែលនឹងបាត់ទៅ មានសិរីរុងរឿង នោះអ្វីដែលនៅស្ថិតស្ថេរ នឹងមានសិរីរុងរឿង លើសជាងទៅទៀត។
១២ដូច្នេះ ដោយមានសង្ឃឹមបែបនេះហើយ ទើបយើងនិយាយដោយក្លាហាន ១៣មិនមែនដូចលោកម៉ូសេ ដែលបាំងស្បៃមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅ អ៊ីស្រាអែល មើលឃើញទីបញ្ចប់នៃអ្វីមួយ ដែលនឹងសាបសូន្យទៅ ១៤ប៉ុន្ដែគំនិតរបស់ពួកគេ ត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះ នៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញ នៅក្នុងព្រះគ្រិស្ដ ១៥រហូតដល់សព្វថ្ងៃនេះ ពេលណាក៏ដោយ ដែលពួកគេអានក្រឹត្យវិន័យរបស់លោកម៉ូសេ នោះមានស្បៃបាំងចិត្តរបស់ពួកគេ។
១៦ប៉ុន្ដែស្បៃនោះ ត្រូវបានដោះចេញ ពេលណាដែលពួកគេ បែរមករកព្រះអម្ចាស់ ១៧រីឯព្រះអម្ចាស់ជាព្រះវិញ្ញាណ ហើយកន្លែងណា មានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ កន្លែងនោះមានសេរីភាព ១៨ដូច្នេះយើងទាំងអស់គ្នា កំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿង ឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។