២ កូរិនថូស ១៣
សេចក្ដីព្រមានចុងក្រោយ របស់លោកប៉ូល
១៣នេះ ជាលើកទីបី ហើយ ដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ពាក្យសំដីទាំងអស់ នឹងត្រូវរាប់ជាបានការ ដោយមាត់សាក្សីពីរ ឬបីនាក់ ២ខ្ញុំធ្លាប់ប្រាប់រួចមកហើយ កាលនៅជាមួយអ្នករាល់គ្នា លើកទីពីរ ប៉ុន្ដែឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំប្រាប់ជាមុនទៀត ដល់ពួកអ្នកដែលបានប្រព្រឹត្ដបាបពីមុន និងពួកអ្នកទាំងអស់ផ្សេងទៀតថា បើខ្ញុំមកម្តងទៀត ខ្ញុំមិនអត់ឱនឲ្យទេ។ ៣ដ្បិតអ្នករាល់គ្នាកំពុងរកភស្តុតាង អំពីការដែលព្រះគ្រិស្ដមានបន្ទូលតាមរយៈខ្ញុំ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺព្រះអង្គមានអំណាចនៅក្នុងអ្នករាល់គ្នា ៤ទោះបីព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយក៏ដោយ ក៏ព្រះអង្គមានព្រះជន្មរស់ ដោយសារអំណាចរបស់ព្រះជាម្ចាស់ដែរ ដូច្នេះទោះបីយើងខ្សោយក្នុងព្រះអង្គ ក៏យើងនឹងរស់នៅជាមួយព្រះអង្គ ដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ ដែលមានចំពោះអ្នករាល់គ្នាដែរ។ ៥ចូរអ្នករាល់គ្នាល្បងខ្លួនឯងទៅ តើអ្នករាល់គ្នាមានជំនឿដែរឬទេ? ចូរពិសោធខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាទេឬ? លើកលែងតែអ្នករាល់គ្នា ត្រូវបានបដិសេធចោលប៉ុណ្ណោះ ៦ប៉ុន្ដែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងមិនត្រូវបានបដិសេធចោលឡើយ។ ៧ខ្ញុំអធិស្ឋានដល់ព្រះ ជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ នេះមិនមែនដើម្បីបង្ហាញឲ្យឃើញថា យើងត្រូវបានទទួលស្គាល់នោះទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើល្អប៉ុណ្ណោះ ទោះបីមើលទៅ យើងដូចជាត្រូវបានបដិសេធចោលក៏ដោយ ៨ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្ដីពិតបានទេ គឺធ្វើដើម្បីសេចក្ដីពិត ៩ព្រោះយើងត្រេកអរ ពេលដែលយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ ប៉ុន្ដែ យើងអធិស្ឋានសុំសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នា បានគ្រប់លក្ខណ៍។ ១០ហេតុនេះហើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា កាលនៅឆ្ងាយនៅឡើយ ដើម្បីពេលមកដល់ កុំឲ្យខ្ញុំប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាច ដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ត គឺមិនមែនសម្រាប់ការបំផ្លាញទេ។
ពាក្យជម្រាបសួរចុងក្រោយ របស់លោកប៉ូល
១១ទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការលើកទឹកចិត្ដ ចូរមានគំនិតតែមួយ ចូររស់នៅដោយសុខសាន្តចុះ នោះព្រះជាម្ចាស់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា ១២ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធ រីឯពួកបរិសុទ្ធទាំងអស់ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ១៣សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណ របស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីប្រកបក្នុងព្រះវិញ្ញាណបរិសុទ្ធ៕