KCB - ២ កូរិនថូស ១២


២ កូរិនថូស ១២

និមិត្ដ​របស់លោកប៉ូល និងបន្លាក្នុងសាច់របស់គាត់

១២ខ្ញុំ​ត្រូវតែ​អួត ទោះបី​​គ្មាន​ប្រយោជន៍​​ក៏ដោយ ប៉ុន្ដែខ្ញុំ​នឹង​​បន្ដ​អួតអំពីនិមិត្ដ​ និង​ការ​បើក​សំដែងរបស់​ព្រះអម្ចាស់​ ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដែល​កាល​ពី​ដប់បួន​ឆ្នាំ​មុន ត្រូវ​បាន​ឆក់​យក​ទៅ​ស្ថានសួគ៌​​​ទី​បី​ (‍ទោះបី​​គាត់​ទៅ​ទាំង​នៅក្នុងរូបកាយ ឬ​ក្រៅ​រូបកាយ​ នោះ​ខ្ញុំមិន​ដឹង​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប‍)​ ហើយ​ខ្ញុំ​ដឹង​ទៀត​ថា​ មនុស្ស​បែបនេះ​ (​ទោះបី​​គាត់​ទៅ​ ទាំង​នៅក្នុងរូបកាយ ឬ​ក្រៅ​រូបកាយនោះ ​ខ្ញុំមិន​ដឹង​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប‍)​ ត្រូវ​បាន​ឆក់​យក​ទៅ​ស្ថាន​សួគ៌​ ​ហើយ​​បាន​ឮ​ពាក្យ​​ ដែលមិន​អាច​បរិយាយ ​បាន ក៏​​មិន​អនុញ្ញាត​ឲ្យមនុស្សនិយាយ​ឡើយ។ ​ខ្ញុំ​នឹង​អួត​អំពីមនុស្ស​បែប​នេះ ប៉ុន្ដែចំពោះ​ខ្លួន​ខ្ញុំ ខ្ញុំ​មិន​អួត​ទេ លើកលែងតែអំពីភាព​កម្សោយ​របស់ខ្ញុំ​​ ​ព្រោះទោះបី​ខ្ញុំ​ចង់​អួត ក៏​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ល្ងង់​ដែរ ដ្បិត​ខ្ញុំ​និយាយ​​សេចក្ដី​ពិត ប៉ុន្ដែ​ខ្ញុំ​ចៀសទៅចុះ​ ក្រែងលោ​មាន​អ្នក​ណា​ម្នាក់​វាយ​តម្លៃ​ខ្ញុំ‍ លើស​ពី​អ្វី​ដែល​គេ​បាន​ឃើញ​ ឬបាន​ឮ​អំពី​ខ្ញុំ​ និងដោយព្រោះភាព​​ឧត្ដុង្គឧត្ដមនៃការ​បើក​សំដែង​​នេះ។​ ដូច្នេះហើយ ដើម្បី​កុំ​ឲ្យខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក​ ទើបខ្ញុំទទួលបាន​​បន្លា​មួយ​នៅ​ក្នុង​សាច់​របស់​ខ្ញុំ ​ជា​ទេវតា​របស់​អារក្ស​សាតាំង​​ដែល​វាយ​​ខ្ញុំ គឺដើម្បី​កុំ​ឲ្យខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក។​ ចំពោះ​សេចក្ដីនេះ​ ខ្ញុំ​បាន​សូម​អង្វរ​ព្រះអម្ចាស់​បី​ដងមក​ហើយ ដើម្បី​ដក​វា​ចេញ​ពី​ខ្ញុំ​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់​យើង ​នឹងសម្រេច​នៅក្នុង​​ភាព​កម្សោយ»។ ដូច្នេះ​ហើយ ខ្ញុំ​នឹង​អួត​​អំពី​ភាព​កម្សោយ​របស់​ខ្ញុំ ដោយ​អំណរ​បំផុត​ ដើម្បី​ឲ្យព្រះចេស្តា​របស់​ព្រះគ្រិស្ដ​បាន​សណ្ឋិត​លើ​ខ្ញុំ​ ១០ហេតុនេះ​ហើយ ដោយព្រោះ​ព្រះគ្រិស្ដ ខ្ញុំ​ពេញចិត្ដ​​នឹង​​ភាព​កម្សោយ​ ការ​ត្មះតិះដៀល ការ​លំបាក ការ​បៀត​បៀន ព្រម​ទាំង​សេចក្ដីទុក្ខព្រួយ​ ដ្បិត​ពេល​ណា​ខ្ញុំ​ខ្សោយ ពេល​នោះ​ខ្ញុំ​រឹងមាំ។

ការព្រួយបារម្ភរបស់លោកប៉ូលចំពោះអ្នកក្រុងកូរិនថូស

១១ខ្ញុំ​បាន​ត្រលប់​ជា​មនុស្ស​ល្ងង់ដោយ​សារ​អ្នករាល់គ្នា​​បង្ខំ​ខ្ញុំ តាមពិត​​​ខ្ញុំ​គួរ​ទទួល​បាន​ការលើក​​តម្កើង​ ពី​អ្នករាល់គ្នា ព្រោះ​​ទោះបី​​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏ដោយ ​ក៏​ខ្ញុំ​គ្មាន​អ្វីចាញ់​ពួក​កំពូល​សាវក​ ទាំងនោះ​​ដែរ។ ១២មាន​ទី​សំគាល់​ច្បាស់​អំពី​មុខងារ​​​ជា​សាវករបស់​ខ្ញុំ​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា​ តាមរយៈ​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង​ តាមរយៈ​ទី​សំគាល់ ព្រមទាំង​ការ​អស្ចារ្យ និង​កិច្ចការ​ដ៏​មាន​អំណាច​ទាំង​ឡាយ។​ ១៣តើ​អ្នករាល់គ្នា​ មាន​អ្វី​អន់​ជាង​ក្រុម​ជំនុំផ្សេងទៀត​ ក្រៅពី​ការ​ដែល​ខ្លួនខ្ញុំ​មិនមែន​ជាបន្ទុកដល់អ្នករាល់គ្នា​​នោះ?​ សូម​លើកលែង​ទោស​ឲ្យខ្ញុំ​ ចំពោះ​កំហុស​នេះ​ផង។​ ១៤មើល៍ ខ្ញុំ​ត្រៀម​មក​ជួបអ្នករាល់គ្នា​ជា​លើក​ទី​បី​ហើយ ប៉ុន្ដែ​ខ្ញុំ​ក៏​មិន​ធ្វើជាបន្ទុក​ដែរ ដ្បិត​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នករាល់គ្នា​ឡើយ គឺ​ចង់​បាន​អ្នករាល់គ្នា​វិញ ព្រោះ​មិន​មែន​កូន‍ៗ​ទេ ដែល​ត្រូវ​សន្សំ​អ្វី​ទុក​ឲ្យឪពុក​ម្ដាយ គឺ​ឪពុកម្តាយ​ទេ​​ ដែល​ត្រូវ​សន្សំ​ទុក​ឲ្យកូន‍ៗវិញ។​ ១៥រីឯ​​ខ្ញុំ​វិញ ដើម្បី​ព្រលឹង​របស់​អ្នករាល់គ្នា ខ្ញុំ​​នឹង​ចំណាយ​ទ្រព្យដោយ​អំណរ​បំផុត​ សូម្បីតែ​ត្រូវ​ចំណាយ​ខ្លួនខ្ញុំ​ឲ្យអស់ក្ដី បើ​ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា​ កាន់តែ​ខ្លាំង​ឡើងៗ​ តើ​អ្នករាល់គ្នា​ស្រឡាញ់ខ្ញុំ​ កាន់​តែ​តិច​ទៅៗ​ឬ​?​ ១៦​ខ្ញុំ​មិនមែន​ជាបន្ទុកដល់អ្នករាល់គ្នាទេ​ក៏ដោយ​ ប៉ុន្ដែ​គេ​ថា ខ្ញុំជាមនុស្ស​មាន​ល្បិច​បោកប្រាស់​ យក​​ពី​អ្នករាល់គ្នា​​ ១៧តើ​ខ្ញុំ​បាន​បោកប្រាស់​អ្នករាល់គ្នា​ តាមរយៈ​អ្នក​ណា​ម្នាក់ ​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យមក‍ឯ​អ្នករាល់គ្នា‍ ដែរ​ឬ​អត់​?​ ១៨ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​លោក​ទីតុស និងបាន​ចាត់​បងប្អូន​ម្នាក់​ ឲ្យមក​ជាមួយ​គ្នា តើ​​លោក​ទីតុស​ បានបោកប្រាស់​អ្នករាល់គ្នា​ដែរ‍ឬ​អត់​? តើ​យើង​មិន​បានដើរ​តាម​​វិញ្ញាណ​តែ​មួយ និងតាមលំអាន​​តែ​មួយ​ទេ​ឬ​?​ ១៩អ្នករាល់គ្នា​ស្មាន​​ជារហូត​មក​ថា ​យើង​ដោះសា​នឹងអ្នករាល់គ្នា ប៉ុន្ដែ​យើង​និយាយ​នៅក្នុង​ព្រះ​គ្រិស្ដ នៅ​ចំពោះ​ព្រះ​ជាម្ចាស់​វិញ បងប្អូន​ជាទី​ស្រឡាញ់អើយ! សេចក្ដី​ទាំង​អស់​នោះ​ គឺ សម្រាប់​ស្អាង​ចិត្ត​អ្នករាល់គ្នា​ទេ។ ២០ដ្បិត ​ខ្ញុំ​ខ្លាច​ក្រែងលោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​ឃើញថា​ អ្នករាល់គ្នា​មិន​ដូច​​ជាអ្វីដែល​​ខ្ញុំ​ប៉ង រីឯ​​អ្នករាល់គ្នា​ក៏​ឃើញ​​ថា ​ខ្ញុំ​មិន​ដូច​ជា​អ្វី ដែល​អ្នករាល់គ្នា​ប៉ង​​ដែរ ឬ​ក្រែង​លោ​​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស កំហឹង ការ​ប្រជែង​ ការនិយាយ​បង្ខូច​​ ការ​បរិហារ​កេរ្ដិ៍​​ ការក្រអឺតក្រទម​ និង​សេចក្ដីវឹកវរ​ ២១ឬ​ក្រែងលោ​ពេល​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះជាម្ចាស់​របស់ខ្ញុំនឹងបន្ទាប​ខ្ញុំ​ នៅ​ចំពោះ​មុខ​អ្នករាល់គ្នា ហើយ​ខ្ញុំ​ត្រូវ​កើត​​ទុក្ខ​ ចំពោះ​​មនុស្ស​ជា​ច្រើន​ដែល​​បាន​ប្រព្រឹត្ដ​បាប​ពីមុន ប៉ុន្ដែ​មិន​​ប្រែចិត្ត​ពី​សេចក្ដី​ស្មោក​​គ្រោក អំពើ​ អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​អំពើល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ត។​

២ កូរិនថូស ១២