២ កូរិនថូស ១
២ កូរិនថូស
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំប៉ូល ជាសាវកម្នាក់របស់ ព្រះគ្រិស្ដយេស៊ូ តាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងធីម៉ូថេ ជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះ ជាម្ចាស់នៅក្រុងកូរិនថូស រួមទាំងពួកបរិសុទ្ធទាំងអស់ នៅស្រុកអាខៃទាំង មូល ២សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
ព្រះនៃការកម្សាន្តចិត្តគ្រប់បែបយ៉ាង
៣គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ដែលជាព្រះវរបិតានៃសេចក្ដីមេត្តាករុណា ជាព្រះជាម្ចាស់នៃការ កម្សាន្ដចិត្ដគ្រប់បែបយ៉ាង ៤ជាព្រះដែលកម្សាន្ដចិត្តយើង ក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង ដើម្បីឲ្យយើងអាចកម្សាន្ដចិត្តអស់អ្នកដែលជួបសេចក្ដីវេទនាគ្រប់បែបយ៉ាងបាន តាមរយៈការកម្សាន្ដចិត្តដែលយើងបានទទួលពីព្រះជាម្ចាស់ ៥ដ្បិតការរងទុក្ខរបស់ព្រះគ្រិស្ដ មានកាន់តែច្រើនដល់យើងយ៉ាងណា ការកម្សាន្ដចិត្តដល់យើងតាមរយៈព្រះគ្រិស្ដ ក៏មានកាន់តែច្រើនយ៉ាងនោះដែរ។ ៦បើយើងត្រូវរងទុក្ខ នោះគឺដើម្បីជាការកម្សាន្ដចិត្ដ និងសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ឬបើយើងទទួលការកម្សាន្ដចិត្ដវិញ ក៏ដើម្បីជាការកម្សាន្ដចិត្ត ដល់អ្នករាល់គ្នាដែរ ដែលកើតពីការស៊ូទ្រាំ នឹងការរងទុក្ខតែមួយ ដែលយើងក៏រងទុក្ខដែរ ៧ហើយយើងមានសេចក្ដីសង្ឃឹមមុតមាំ ចំពោះអ្នករាល់គ្នាដោយដឹងថា អ្នករាល់គ្នាជាអ្នករួមចំណែក ក្នុងការរងទុក្ខជាយ៉ាង ណា អ្នករាល់គ្នាក៏រួមចំណែកក្នុងការ កម្សាន្ដចិត្តជាយ៉ាងនោះដែរ។ ៨ដ្បិតបងប្អូនអើយ! យើងមិនចង់ឲ្យអ្នករាល់គ្នានៅតែមិនដឹង អំពីសេចក្ដីវេទនារបស់យើង ដែលកើតឡើងនៅស្រុកអាស៊ី គឺយើងមានបន្ទុកធ្ងន់ធ្ងរលើសកម្លាំង ធ្វើឲ្យយើងអស់សង្ឃឹមនឹងរស់នៅទៀត ៩ប៉ុន្ដែ យើងមានទោសប្រហារជីវិតជាប់ខ្លួន ដើម្បីកុំឲ្យយើងទុកចិត្តលើខ្លួនឯងឡើយ គឺឲ្យទុកចិត្តលើព្រះជាម្ចាស់ជាព្រះ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ១០ព្រះអង្គបានសង្គ្រោះយើង ពីសេចក្ដីស្លាប់ដ៏ធំសម្បើម ហើយនឹងសង្គ្រោះយើងទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គក៏នឹងនៅតែសង្គ្រោះដែរ។ ១១អ្នករាល់គ្នាក៏រួមចំណែកជួយយើងដែរ តាមរយៈការទូលអង្វរ ហើយតាមរយៈការទូលអង្វររបស់មនុស្សជាច្រើន ធ្វើឲ្យមនុស្សជាច្រើនអរព្រះគុណជំនួសយើងសម្រាប់អំណោយទានដែលបានផ្ដល់ឲ្យយើង។
ការផ្លាស់ប្ដូរផែនការរបស់លោកប៉ូល
១២មោទនភាពរបស់យើង គឺបែប នេះ មនសិការរបស់យើងធ្វើបន្ទាល់ថា យើងមានអាកប្បកិរិយា ក្នុងពិភពលោកនេះ ដោយសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ មិនមែនដោយសារប្រាជ្ញា ខាងសាច់ឈាមទេ ប៉ុន្ដែ ដោយសារព្រះគុណរបស់ព្រះ ជាម្ចាស់វិញ ជាពិសេសចំពោះអ្នករាល់គ្នា។ ១៣យើងមិនសរសេរអ្វីផ្សេងមកអ្នករាល់គ្នាទេ លើកលែងតែអ្វីដែល អ្នករាល់គ្នាអាចអាន ឬអាចយល់បានប៉ុណ្ណោះ ១៤ដូចដែលអ្នករាល់គ្នាបានស្គាល់យើងខ្លះហើយ ប៉ុន្ដែនៅថ្ងៃរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់សព្វគ្រប់ថា យើងជាមោទនភាពរបស់អ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ជាមោទនភាពរបស់យើងយ៉ាងនោះដែរ។
១៥ដោយការទុកចិត្ដដូច្នេះហើយ បានជាខ្ញុំមានបំណង មកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណទ្វេដង ១៦ហើយទៅស្រុកម៉ាសេដូនដោយឆ្លងកាត់អ្នករាល់គ្នា រួចសឹមត្រលប់ពីស្រុកម៉ាសេដូន មកជួបអ្នករាល់គ្នាម្ដងទៀត ហើយឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំ បន្ដទៅស្រុកយូដា។ ១៧ពេលខ្ញុំសម្រេចចិត្ដដូច្នេះ តើខ្ញុំធ្វើដោយខ្ជីខ្ជាឬ? ឬមួយអ្វីដែលខ្ញុំសម្រេចចិត្ដ ខ្ញុំសម្រេចចិត្ដតាមសាច់ឈាម បានជាខ្ញុំ «បាទ» ផង «ទេ» ផងដូច្នេះ? ១៨ប៉ុន្ដែព្រះជាម្ចាស់ស្មោះត្រង់ បានជាពាក្យសំដីរបស់យើង ទៅកាន់អ្នករាល់គ្នាមិនមែនបាទផង ទេផងនោះទេ ១៩ដ្បិតព្រះយេស៊ូគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលពួកយើង មានខ្ញុំ លោកស៊ីលវ៉ាន និងលោកធីម៉ូថេបានប្រកាសក្នុងចំណោមអ្នករាល់គ្នា នោះមិនមែន បាទផង ទេផងនោះទេ គឺ នៅក្នុងព្រះអង្គ មានតែបាទប៉ុណ្ណោះ ២០ដ្បិតសេចក្ដីសន្យាទាំងឡាយ របស់ព្រះជាម្ចាស់សុទ្ធតែជា «បាទ» នៅក្នុង ព្រះអង្គ ដូច្នេះហើយបានជាយើង ថា «អាម៉ែន» ដែរ តាមរយៈព្រះអង្គសម្រាប់សិរីរុងរឿង របស់ព្រះជាម្ចាស់។ ២១គឺព្រះជាម្ចាស់ហើយ ដែលបានចាក់ប្រេងតាំង ព្រមទាំងធ្វើឲ្យយើងនៅខ្ជាប់ខ្ជួនជាមួយអ្នករាល់គ្នា ក្នុងព្រះគ្រិស្ដ ២២ព្រះអង្គបានបោះត្រាលើយើង ព្រមទាំងប្រទានព្រះវិញ្ញាណមកក្នុងចិត្តរបស់យើងទុកជារបស់បញ្ចាំចិត្ដ។
២៣ខ្ញុំសុំព្រះជាម្ចាស់ ធ្វើជាសាក្សី អំពីចិត្ដរបស់ខ្ញុំថា ដែលខ្ញុំមិនមកក្រុង កូរិនថូសទៀត គឺដើម្បីអត់ឱនឲ្យអ្នករាល់គ្នា ២៤មិនមែនយើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាទេ ប៉ុន្ដែ យើងជាអ្នករួមការងារជាមួយអ្នករាល់គ្នាសម្រាប់អំណររបស់អ្នករាល់គ្នាវិញ ព្រោះអ្នករាល់គ្នា បានឈរមាំមួនដោយជំនឿរួចហើយ។