KCB - ២ ធីម៉ូថេ ៣


២ ធីម៉ូថេ ៣

ការអាក្រក់នៅថ្ងៃចុងក្រោយ

ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​​បង្អស់ ​នឹង​មាន​គ្រា​លំបាក​មក​ដល់។ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​លុយ​ អំនួត ក្អេងក្អាង ប្រមាថ​មើល​ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមិល​គុណ មិន​បរិសុទ្ធ​ គ្មាន​សេចក្ដី​ស្រឡាញ់​ គ្មាន​ការ​សម្រុះ​សម្រួល និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់ចិត្ត សាហាវ ស្អប់​ការ​ល្អ​ មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត មាន​ចិត្ត​ធំ ស្រឡាញ់​ការ​​​សប្បាយ ​ជាង​ស្រឡាញ់​ព្រះជាម្ចាស់ ​មាន​ឫកពា​ ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​អំណាច​នៃ​ការ​គោរព​បម្រើ ​ព្រះជាម្ចាស់​ទេ។​ ដូច្នេះ ​ចូរ​បែរ​ចេញ​ពី​មនុស្ស​ទាំង​នោះ​ចុះ​ ដ្បិត​ពី​ចំណោម​ពួកគេ​ទាំង​នោះ មាន​អ្នក​ខ្លះ​ បាន​លប​ចូល​ទៅ​ក្នុង​ផ្ទះ​នា​នា ហើយ​ទាក់​យក​ស្រី​ល្ងង់​ខ្លៅ ​ដែល​មាន​បាប​ពោរពេញ​​ ជា​ស្រី​ដែល​បណ្តោយ​តាម​ចំណង់តណ្ហា​​​ផ្សេងៗ​ ស្រ្ដី​ទាំង​នោះ​រៀន​រហូត ប៉ុន្ដែ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​បាន​ឡើយ​​ ​គឺ​ដូច​ដែល​យ៉ានេស​ និង​យ៉ាមប្រេស​​បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ជា​យ៉ាង​ណា អ្នក​ទាំង​នោះ​ក៏​ប្រឆាំង​ នឹង​សេចក្ដី​ពិត​ជា​យ៉ាង​នោះ​ដែរ គំនិត​របស់​ពួកគេ​ខូចអស់ហើយ​ រីឯ​​​ជំនឿ​របស់​ពួកគេគ្មាន​ប្រយោជន៍​ឡើយ។ ​​ពួកគេ​​ទៅមុខ​​ទៀត​មិនបានឆ្ងាយ​ឡើយ​ ​ដ្បិត​មនុស្ស​ទាំង​អស់​ នឹង​ឃើញ​សេចក្ដី​ល្ងង់​ខ្លៅ​របស់​ពួកគេ​យ៉ាង​ច្បាស់ ដូចជា​សេចក្ដី​ល្ងង់​ខ្លៅ​របស់​យ៉ានេស​ និង​យ៉ាមប្រេស​​ដែរ។

លោកប៉ូលណែនាំធីម៉ូថេ

១០រីឯ​​អ្នក​វិញ អ្នក​បាន​ស្គាល់​​អំពី​សេចក្ដី​​បង្រៀនរបស់​ខ្ញុំ​ កិរិយា​ប្រព្រឹត្ដ គោល​បំណង ជំនឿ សេចក្ដី​អត់ធ្មត់ សេចក្ដី​ស្រឡាញ់ ការ​ស៊ូទ្រាំ​ ១១ព្រមទាំង​ការ​បៀត​បៀន និង​ការ​រង​ទុក្ខ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​​ខ្ញុំ ​នៅ​ក្រុង​ឤន់ទីយ៉ូក​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​លីស្រ្តា គឺ​ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការ​​បៀត​បៀន​យ៉ាង​ខ្លាំង‍ ប៉ុន្ដែ​ព្រះ​អម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ ពី​សេចក្តី​​ទាំង​អស់នោះ​ ១២ហើយ​​​អស់​អ្នក​ ដែល​ចង់​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ ក៏នឹង​ត្រូវ​គេ​បៀត​បៀន​ដែរ​ ១៣​រីឯមនុស្ស​អាក្រក់ និង​ពួក​បោក​ប្រាស​វិញ​ នឹងកាន់តែ​​អាក្រក់​ទៅ‍ៗ ទាំង​បោក​បញ្ឆោតគេ​ ​ហើយ​ខ្លួនឯង​ក៏ចាញ់​បោក​គេ​ដែរ​ ១៤ប៉ុន្តែ​​អ្នក​វិញ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​​ជឿ​ប្រាកដ​ ដោយ​ដឹង​ថា អ្នក​បាន​រៀន​ពី​អ្នក​ណា ១៥ហើយ​អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ​​តាំង​ពី​តូច ​ដែល​អាច​នាំ​ឲ្យ​​អ្នក​មាន​ប្រាជ្ញា ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ​លើ ​​ព្រះគ្រិស្ដ​យេស៊ូ​ ១៦ដ្បិត​គ្រប់ទាំង​បទ​គម្ពីរ ​​ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​ មក​បណ្ដាល​ឲ្យ​សរសេរ​ឡើង​ ​ហើយមាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឮក​ឲ្យ​ដឹង​ខ្លួន ការ​កែតម្រង់​ និង​ការ​អប់រំអំពី​សេចក្ដី​សុចរិត​ ១៧ដើម្បី​ឲ្យ​​អ្នក​សំណព្វ​​របស់​ព្រះ​ជាម្ចាស់​បាន​គ្រប់​លក្ខណ៍ ហើយ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​បែប​យ៉ាង‍។

២ ធីម៉ូថេ ៣