KCB - ២ ធីម៉ូថេ ១


២ ធីម៉ូថេ ១

២ ធីម៉ូថេ

ពាក្យជម្រាប​សួរពីលោកប៉ូល

ខ្ញុំ​ប៉ូល​ជា​សាវក​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​​​ តាម​បំណង​​របស់​ព្រះ​ជាម្ចាស់​​ ស្រប​ទៅ​តាម​សេចក្ដី​សន្យា​​ឲ្យ​បាន​​ជីវិតនៅ​ក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​​ ជូន​ចំពោះ​ធីម៉ូថេ​ ​ជា​កូន​ជា​ទី​ស្រឡាញ់។ សូម​ឲ្យព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះ​គ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​​ព្រះគុណ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។

ការលើកទឹកចិត្ដឲ្យ​មានភាពស្មោះត្រង់

ខ្ញុំ​អរ​ព្រះគុណ​ព្រះ​ជាម្ចាស់ ដែល​ខ្ញុំ​បម្រើ​ដោយ​មនសិការ​បរិសុទ្ធ ​ដូច​ជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​ជា​និច្ច ​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទាំង​យប់​ ទាំង​ថ្ងៃ​ គឺ​នឹក​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​​ខ្ញុំ​ពេញ​ដោយ​អំណរ។

​ខ្ញុំ​នឹក​ចាំ​ពី​ជំនឿ​ដ៏​ឥត​ពុតត្បុត​​ដែល​មាន​នៅ​ក្នុង​អ្នក ដែល​មុន​ដំបូង​ជំនឿ​នោះ​ស្ថិត​នៅ​ក្នុង​ឡូអ៊ីស​ ជា​ជីដូន​របស់​អ្នក បន្ទាប់​មក នៅ​ក្នុង​អ៊ើនីស​ជា​ម្តាយ​របស់​អ្នក ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ ជំនឿ​នោះ​ក៏​នៅ​ក្នុង​អ្នក​ដែរ។ ​ហេតុ​នេះ​ហើយ​ខ្ញុំ​រំឮក​​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​​អំណោយទាន​របស់​ព្រះ​ជាម្ចាស់​ ដែល​មាន​នៅ​ក្នុង​អ្នក​តាម​រយៈ​​ការ​ដាក់​ដៃ​របស់​ខ្ញុំ​ ឲ្យ​មាន​សកម្មភាព​ឡើង​វិញ។ ​ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ប្រទានឲ្យ​​យើង ​មាន​​វិញ្ញាណ​​ដែល​ភ័យខ្លាច​ទេ ផ្ទុយ​ទៅ​វិញជា​​​វិញ្ញាណ​ដែល​មាន​កម្លាំង​ សេចក្ដី​ស្រឡាញ់ និង​គំនិត​នឹង​ធឹង។ ​ដូច្នេះ មិន​ត្រូវខ្មាស់​ដោយ​សារទីបន្ទាល់​អំពី​ព្រះ​អម្ចាស់​របស់ ​​យើង ឬ​ដោយសារ​ខ្ញុំ​ជា​អ្នក​ទោស​​ដោយ​ព្រោះ​​ព្រះអង្គ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ ចូរ​រួម​ទុក្ខ​លំបាក​ជាមួយ​ខ្ញុំ ​សម្រាប់​ដំណឹង​ល្អ​ ដោយ​អំណាច​របស់​ព្រះ​ជាម្ចាស់ ​ដែល​​ព្រះអង្គ​បាន​សង្គ្រោះ​យើង ហើយ​បាន​ត្រាស់​ហៅ​យើង ដោយ​ការ​ត្រាស់​ហៅ​ដ៏​បរិសុទ្ធ មិន​មែន​ដោយការ​ប្រព្រឹត្តិ​របស់​យើង​ទេ គឺ​ដោយ​គោល​បំណង និង​ព្រះគុណ​របស់​ព្រះអង្គ​ដែល​បាន​ប្រទាន​ឲ្យ​​យើង ​ក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​តាំងពី​មុន​ អស់កល្ប​ជានិច្ច​ម្ល៉េះ​ ១០ហើយ​ឥឡូវ​នេះ ព្រះ​គុណ​នោះ​បាន​បង្ហាញ​​ឲ្យ​​ឃើញ​ តាមរយៈ​ការ​យាង​មក​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​​យើង​ដែល​បាន​បំផ្លាញ​សេចក្ដី​ស្លាប់ ហើយបាន​​បំភ្លឺអំពីជីវិត និង​សេចក្ដី​ដែល​មិន​ចេះ​ស្លាប់ ​​តាមរយៈ​ដំណឹង​ល្អ​ ១១​ហើយ​សម្រាប់​ដំណឹង​ល្អ​នេះ ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​អ្នក​ប្រកាស ជា​សាវក​ ហើយ​ជា​គ្រូ​ផង ១២​​ហេតុ​នេះ​ហើយ​បានជាខ្ញុំ​រង​ទុក្ខ​លំបាក​ទាំងអស់នេះ​ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្មាសឡើយ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​ជឿ​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ព្រះអង្គ​អាច​​រក្សា​​អ្វីៗ ​ដែល​ព្រះអង្គផ្ញើ​ទុក​នឹង​ខ្ញុំ​​បាន​​​រហូតដល់​ថ្ងៃ​​នោះ។

១៣ចូរ​កាន់​តាម​ ពាក្យ​ត្រឹម​ត្រូវ​ទាំង​ឡាយ​​ដែល​អ្នក​បាន​ឮពី​ខ្ញុំ​ទុក​ជា​គំរូ​ដោយ​​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ចុះ។ ១៤​ចំពោះ​សេចក្ដី​ល្អ​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ ចូរ​រក្សា​ដោយ​​​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​គង់​នៅ​ក្នុង​យើង។

១៥អ្នក​​ដឹង​ការ​នេះ​ហើយ​​ថា ពួក​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​អស់ បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ ក្នុង​ចំណោម​​ពួកគេ​​មាន​លោក​ភីកេឡុស និង​លោក​ហ៊ើម៉ូនគេន‍។ ១៦​សូម​ព្រះ​អម្ចាស់​ប្រទាន ​សេចក្ដី​មេត្តា​ករុណា ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេស៊ិភ័រ ដ្បិត​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្រាល​ជា​ញឹកញាប់ ហើយ​ក៏​​មិន​ខ្មាសដោយ​សារចំណង​របស់​ខ្ញុំ​ដែរ ១៧​សូម្បី​តែ​នៅពេល​គាត់​​មក​ក្រុង​រ៉ូម គាត់​បាន​ព្យាយាម​ស្វែង​រក​ខ្ញុំរហូត​ទាល់​តែ​បាន​ជួប។ ១៨​សូម​ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​​គាត់​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះអម្ចាស់​ នៅ​ថ្ងៃ​នោះ ហើយកាល​នៅ​ក្រុង​អេភេសូរ អ្នក​ក៏​ដឹង​ច្បាស់​ជាង​គេ​ដែរ​ថា គាត់​បាន​បម្រើ​ច្រើន​យ៉ាង​ណា។

២ ធីម៉ូថេ ១