KCB - ២ ថែស្សាឡូនីច ៣


២ ថែស្សាឡូនីច ៣

សំណូមពរអធិស្ឋានរបស់​លោកប៉ូល

នៅ​ទី​បញ្ចប់​នេះ បងប្អូន​អើយ! សូម​អធិស្ឋាន​ឲ្យយើង​ផង ដើម្បី​ឲ្យព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ប្រកាស​ចេញ​ទៅ​ យ៉ាង​ឆាប់​រហ័ស និង​ទទួល​បានការ​សរសើរ ​​ដូចជា​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ដែរ​ ហើយ​ឲ្យយើង​បាន​រួច​ផុត​ពី​មនុស្ស​ពាល និង​ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​សុទ្ធតែ​មាន​ជំនឿ​ទេ​ ប៉ុន្ដែ​ព្រះអម្ចាស់​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​ពង្រឹង​អ្នករាល់គ្នា ​ឲ្យមាំមួន​ឡើង ហើយ​ការ​ពារ​អ្នករាល់គ្នា​ពី​អារក្សសាតាំងផង។​ ​យើង​ក៏ជឿជាក់នៅក្នុង​​ព្រះអម្ចាស់​ អំពី​អ្នករាល់គ្នា​​ដែរ​ថា អ្នករាល់គ្នា​កំពុង​ប្រព្រឹត្ត ​ហើយ​នឹងប្រព្រឹត្តតទៀតតាម​សេចក្ដី​ ដែល​យើង​បាន​បង្គាប់​មកអ្នករាល់គ្នា។ សូម​ព្រះអម្ចាស់​នាំ​ចិត្ត​អ្នករាល់គ្នា​ ទៅ​ក្នុង​សេចក្ដីស្រឡាញ់​​របស់​ព្រះជាម្ចាស់ និង​ការស៊ូទ្រាំ​​របស់​ព្រះគ្រិស្ដ​ចុះ។

ការ​ទូន្មានដល់​ការរស់នៅគ្មាន សណ្តាប់ធ្នាប់

ឥឡូវ​នេះ បងប្អូន​អើយ! យើង​បង្គាប់​អ្នករាល់គ្នា​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ថា ចូរ​ចៀស​ឲ្យផុត​ពី​​​បងប្អូន​ណា ​ដែល​រស់​នៅ​គ្មាន​សណ្ដាប់​ធ្នាប់ ហើយ​មិនស្រប​​តាម​សេចក្តី​ដែល​អ្នករាល់គ្នា​ បាន​រៀន​ពី​យើង​ ដ្បិត​​អ្នករាល់គ្នា​ដឹង​ហើយ​ថា​ ​ត្រូវ​យក​តម្រាប់​តាម​យើង​របៀប​​ណា ព្រោះ​យើង​មិន​​បាន​រស់​នៅ​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​ចំណោម​អ្នករាល់គ្នា​ទេ ​យើង​ក៏​មិន​បាន ​បរិភោគ​អាហារ​របស់​​អ្នក​ណា​​ម្នាក់​ដោយ​ទទេ​ដែរ គឺ​យើង​ធ្វើ​ការ​​នឿយ​ហត់​ ហើយ​​លំបាក​​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យយើង​ទៅ​ជា​បន្ទុក​ដល់​អ្នក​ណា​ម្នាក់​ ក្នុង​ចំណោម​អ្នករាល់គ្នា​ឡើយ ​នេះ​មិន​មែន​មាន​ន័យ​ថា ​យើង​គ្មាន​សិទ្ធិ​នោះ​ទេ គឺយើងធ្វើ​ជា​គំរូ ដើម្បីឲ្យ​អ្នក​រាល់គ្នា យក​តម្រាប់​តាម​យើង‍វិញ​ ១០ដ្បិត​កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​បង្គាប់អ្នក​រាល់គ្នា​ អំពី​ការ​នេះដែរ​ថា បើ​អ្នក​ណា​មិន​ចង់​ធ្វើ​ការ ​មិន​ត្រូវ​ឲ្យអ្នក​នោះ​បរិភោគ​ទេ​​ ១១​ព្រោះ​យើង​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នករាល់គ្នា​រស់​នៅ​គ្មាន​សណ្ដាប់​ធ្នាប់ ហើយ​មិន​ធ្វើ​ការ​អ្វី​សោះ ប៉ុន្តែចូល​ចិត្ត​ជ្រៀត​ជ្រែក​កិច្ចការ​អ្នក​ដទៃ។

១២​ដូច្នេះយើង​​បង្គាប់ និង​ដាស់​តឿន​ដល់​មនុស្ស​បែប​នោះ ​ក្នុង​ព្រះ​អម្ចាស់​យេស៊ូ​គ្រិស្ដ​ថា​ សូម​ឲ្យពួកគេ​ធ្វើ​ការ​ដោយ​ស្ងៀមស្ងាត់​ ហើយ​​បរិភោគ​អាហារ​របស់​ខ្លួន​ចុះ‍។ ១៣ចំពោះអ្នករាល់គ្នា​វិញ បងប្អូន​អើយ! ​កុំ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​ល្អ​ឡើយ។ ១៤​បើ​អ្នកណា​មិន​ស្តាប់​តាម ​ពាក្យ​សំដីរបស់​យើង​ក្នុង​សំបុត្រ​នេះ​ទេ ចូរ​សំគាល់​​អ្នក​នោះ​ចុះ ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​​ជាមួយ​​គេ​ឡើយ​ ដើម្បី​ឲ្យគេ​​ខ្មាស ១៥ប៉ុន្ដែ​មិន​ត្រូវ​រាប់​គេ​ជា​សត្រូវ​ឡើយ ផ្ទុយ​ទៅ​វិញ​ ​ត្រូវ​ដាស់​តឿន​គេ​ដូច​ជា​បងប្អូន​វិញ។

ពាក្យជម្រាបសួរចុងក្រោយរបស់​ លោកប៉ូល

១៦​សូម​ព្រះអម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ប្រទាន​សេចក្ដី​សុខ​សាន្ត​​ ដល់​អ្នករាល់គ្នា​គ្រប់ពេលវេលា​​ជានិច្ច។​ ​សូម​ព្រះអម្ចាស់​គង់​ជាមួយ​អ្នករាល់គ្នា។

១៧​ខ្ញុំ​ ប៉ូល សរសេរពាក្យ​ជម្រាប​សួរ​នេះ​​ដោយផ្ទាល់​ដៃ​​​ ហើយ​ជា​សំគាល់​​នៅក្នុង​គ្រប់​សំបុត្រ​​របស់​ខ្ញុំ ខ្ញុំ​សរសេរ​ដូច្នេះ​ថា ១៨សូម​ឲ្យអ្នក​រាល់គ្នា​​បានប្រកប​ដោយ​ព្រះគុណ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ​ជា​ព្រះអម្ចាស់​របស់​​យើង៕

២ ថែស្សាឡូនីច ៣