២ ពេត្រុស ២
គ្រោះថ្នាក់នៃសេចក្ដីបង្រៀនខុសឆ្គង
២ដូចដែលធ្លាប់មាន អ្នកនាំព្រះបន្ទូលក្លែងក្លាយនៅក្នុងចំណោមប្រជាជនជាយ៉ាងណា នោះក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាជាយ៉ាងនោះដែរ ពួកគេនឹងនាំសេចក្ដីបង្រៀន ដែលនាំឲ្យហិនវិនាសចូលមកដោយសម្ងាត់ ពួកគេបដិសេធសូម្បីតែព្រះអម្ចាស់ ដែលបានលោះពួកគេ ហើយក៏នាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯងទៀតផង។ ២មនុស្សជាច្រើននឹងដើរតាម អំពើល្មោភកាមរបស់ពួកគេ ហើយផ្លូវនៃសេចក្ដីពិត នឹងត្រូវប្រមាថ ដោយព្រោះតែពួកគេ។ ៣ដោយសារសេចក្តីលោភលន់របស់ពួកគេ នោះពួកគេនឹងកេងចំណេញពីអ្នករាល់គ្នា ដោយប្រើពាក្យបោកបញ្ឆោត រីឯសេចក្ដីជំនុំជម្រះសម្រាប់ពួកគេ ដែលមានយូរមកហើយនោះមិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសសម្រាប់ពួកគេ ក៏មិនដេកលក់ដែរ។
៤ដ្បិតបើព្រះជាម្ចាស់មិនបានអត់ឱនឲ្យពួកទេវតាដែលបានធ្វើបាបទេ ប៉ុន្តែបានទម្លាក់ពួកគេ ទៅក្នុងស្ថាននរក ហើយបានប្រគល់ឲ្យឃុំទុក នៅក្នុងសេចក្ដីងងឹតដើម្បីជំនុំជម្រះ ៥ហើយបើព្រះអង្គ មិនបានអត់ឱនឲ្យពិភពលោកជំនាន់មុន នៅពេលដែលព្រះអង្គធ្វើឲ្យមានទឹកជំនន់លិច ពិភពលោករបស់មនុស្ស ដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែព្រះអង្គសង្គ្រោះលោកណូអេដែលជាអ្នកប្រកាសសេចក្តីសុចរិត និងមនុស្សប្រាំពីរនាក់ទៀត ៦បើព្រះអង្គបានកាត់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យវិនាសអន្តរាយ ដោយដុតឲ្យទៅជាផេះ ដើម្បីទុកជាគំរូដល់មនុស្សដែលនឹងរស់នៅ ដោយមិនគោរពកោតខ្លាចព្រះជាម្ចាស់ ៧ហើយបើព្រះអង្គបានសង្គ្រោះលោកឡុត ជាមនុស្សសុចរិតដែលព្រួយចិត្ត ដោយព្រោះអំពើល្មោភកាមរបស់មនុស្សថោកទាប ៨(ព្រោះមនុស្សសុចរិតនោះ បានរស់នៅក្នុងចំណោមពួកគេ ក៏ធ្វើឲ្យព្រលឹងដ៏សុច្ចរិតរបស់គាត់ឈឺចាប់ជារៀងរាល់ថ្ងៃ ដោយព្រោះបានឮ និងបានឃើញអំពើអាក្រក់របស់ពួកគេ) ៩នោះព្រះអម្ចាស់ក៏ដឹងអំពីរបៀបរំដោះមនុស្ស ដែលគោរពកោតខ្លាចព្រះជាម្ចាស់ ឲ្យរួចពីសេចក្តីល្បួង ហើយឃុំមនុស្សទុច្ចរិត ដើម្បីដាក់ទោសនៅថ្ងៃជំនុំជម្រះដែរ ១០ជាពិសេសពួកអ្នក ដែលដេញតាមសេចក្តីប៉ងប្រាថ្នាដ៏ស្មោកគ្រោកខាងសាច់ឈាម ហើយមើលងាយអំណាចគ្រប់គ្រង។ ពួកគេព្រហើន ហើយធ្វើតាមទំនើងចិត្ដ មិនញញើតនឹងប្រមាថពួកអ្នក ដែលប្រកបដោយសិរីរុងរឿងឡើយ ១១ទោះបីពួកទេវតាដែលមានកម្លាំង និងអំណាចធំជាងពួកគេក៏ដោយ ក៏មិនហ៊ានចោទប្រកាន់ ប្រមាថពួកអ្នកទាំងនោះនៅចំពោះព្រះអម្ចាស់ដែរ។
១២ប៉ុន្ដែមនុស្សទាំងនេះ ដូចជាសត្វតិរច្ឆានគ្មានវិចារណញ្ញាណទេ កើតមកសម្រាប់ឲ្យគេចាប់ និងសម្លាប់តែប៉ុណ្ណោះ គេប្រមាថអ្វីៗដែលគេមិនស្គាល់។ សត្វតិរច្ឆានវិនាសជាយ៉ាងណា ពួកគេក៏នឹងត្រូវវិនាស ជាយ៉ាងនោះដែរ ១៣ហើយទទួលបានផលពី អំពើទុច្ចរិតរបស់ខ្លួន។ ពួកគេចាត់ទុកសេចក្ដីស្រើបស្រាលទាំងថ្ងៃ ជាការសប្បាយ។ ពួកគេជាស្នាមប្រឡាក់ ជាសេចក្ដីស្មោកគ្រោក ហើយពេលពួកគេស៊ីលៀង ជាមួយអ្នករាល់គ្នា ពួកគេសប្បាយនៅក្នុងការបោកបញ្ឆោតរបស់ខ្លួន ១៤ពួកគេមានភ្នែកពេញដោយអំពើផិតក្បត់ ហើយមិនឈប់ប្រព្រឹត្តបាបឡើយ ក៏ទាក់ទាញមនុស្សដែលមិនខ្ជាប់ខ្ជួនផង ពួកគេមានចិត្ត ដែលត្រូវបានបង្វឹកឲ្យមានសេចក្ដីលោភ ជាកូនត្រូវបណ្តាសា។ ១៥ពួកគេបានបោះបង់ផ្លូវត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាម ជាកូនរបស់បេអ៊រដែលស្រឡាញ់កម្រៃ ដែលបានមកពីអំពើទុច្ចរិត ១៦ដូច្នេះគាត់បានទទួលការស្តីបន្ទោសចំពោះការបំពានរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយភាសាមនុស្ស រារាំងភាពចម្កួតរបស់អ្នកនាំព្រះបន្ទូលនោះ។
១៧មនុស្សទាំងនេះ ជាប្រភពទឹករីងស្ងួត ជាពពកដែលព្យុះបានបក់ផាត់ ហើយសេចក្តីងងឹតសូន្យសុង ត្រូវបានបម្រុងទុកសម្រាប់ពួកគេហើយ ១៨ដ្បិតពួកគេនិយាយ ពាក្យអួតអាងឥតប្រយោជន៍ ហើយទាក់ទាញអស់អ្នកដែលទើបតែរួចចេញពី ពួកអ្នករស់នៅក្នុងសេចក្ដីវង្វេង ដោយសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម និងការល្មោភកាម ១៩ទាំងសន្យាឲ្យអ្នកទាំងនោះ មានសេរីភាព ប៉ុន្ដែខ្លួនពួកគេផ្ទាល់ជាទាសករនៃសេចក្ដីពុករលួយ ដ្បិតអ្នកណាដែលត្រូវគេបង្រ្កាបបាន អ្នកនោះនឹងត្រលប់ជាទាសកររបស់អ្នក ដែលបង្រ្កាបខ្លួននោះហើយ។ ២០ដ្បិតបើពួកគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកិយដោយការស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះរបស់យើង ប៉ុន្ដែបែរជាទៅជាប់ជំពាក់នឹង សេចក្ដីទាំងនោះម្តងទៀត ហើយឲ្យសេចក្ដីទាំងនោះបង្រ្កាបពួកគេបាន នោះស្ថានភាពចុងក្រោយសម្រាប់ពួកគេ នឹងត្រលប់ជាអាក្រក់ជាងមុនទៅទៀត។ ២១ដ្បិតសម្រាប់ពួកគេ បើមិនបានស្គាល់ផ្លូវនៃសេចក្ដីសុចរិត នោះប្រសើរជាងស្គាល់ ហើយបែរចេញពីបញ្ញត្តិបរិសុទ្ធ ដែលបានប្រគល់ឲ្យពួកគេ។ ២២ការដែលកើតឡើងចំពោះពួកគេ គឺដូចសុភាសិតពិតមួយពោលថា ឆ្កែបានត្រលប់ទៅរកកម្អួតរបស់វា រីឯមេជ្រូកដែលលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ។