KCB - ២ យ៉ូហាន ១


២ យ៉ូហាន

២ យ៉ូហាន

ពាក្យ​ជម្រាប​​សួរ​ពី​លោកយ៉ូហាន​

ខ្ញុំ​ជា​ចាស់ទុំ ​ជូនចំពោះ​លោក​ស្រី​​​ដែល​ព្រះ​ជាម្ចាស់ ​​​បាន​ជ្រើសរើស និង​​កូន​ៗ​​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់នៅក្នុង​សេចក្ដី​ពិត ហើយ​មិន​មែន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺអស់​អ្នក​​ដែល​ស្គាល់​សេចក្ដី​ពិត​ដែរ​ ដ្បិត​សេចក្ដី​ពិត​នោះ​នៅ​ក្នុង​យើង ហើយ​នឹង​នៅ​ជាមួយ​យើង​​អស់កល្ប​​ជានិច្ច​ផង។​ ព្រះគុណ សេចក្ដី​មេត្តា​ករុណា និង ​សេចក្ដី​សុខសាន្ត​ពី​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា និង​ពីព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះរាជបុត្រា​របស់​ព្រះអង្គ​នឹងស្ថិត​ជាមួយយើង​ ​នៅក្នុង​សេចក្ដី​ពិត និង​សេចក្ដី​ស្រឡាញ់។​

ការ​រស់នៅ​ក្នុងសេចក្ដីពិត​

ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់ ដោយ​បាន​ឃើញ​កូនៗមួយ​​ចំនួន ​​របស់​​លោក​ស្រីប្រព្រឹត្ត​តាម​សេចក្ដី​ពិត​​ ស្រប​​តាម​បញ្ញត្តិ​ដែល​យើង​បាន​ទទួល​ពី​ព្រះវរ​បិតា​មក។​ ឥឡូវ​នេះ លោក​ស្រី​អើយ!​ ខ្ញុំ​សុំលោក​ស្រី​ថា​ យើង​ត្រូវ​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក‍។​ ខ្ញុំ​​​មិន​មែន​សរសេរបញ្ញត្តិ​មួយ​ថ្មី​​​​សម្រាប់​លោក​ស្រី​ទេ ប៉ុន្ដែ​ជា​បញ្ញត្តិ​​ ដែល​យើង​មាន​​តាំង​ពី​ដើម​ដំបូង​មក។​ នេះហើយ​​​ជា​សេចក្ដី​ស្រឡាញ់ គឺ​យើង​ត្រូវ​ប្រព្រឹត្ត​តាមបញ្ញត្ដិ​របស់​ព្រះអង្គ​ ហើយ​នេះជាបញ្ញត្តិ​ គឺ​អ្នករាល់គ្នា ត្រូវរស់នៅក្នុងសេចក្ដីស្រឡាញ់ ដូចដែល​អ្នករាល់គ្នា​បាន​ឮ​តាំង​ពី​ដើមដំបូង​​មក​ ព្រោះ​មាន​ជន​បោកប្រាស់​ជា​ច្រើន​ បាន​ចេញ​ទៅ​ក្នុង​លោកិយ​នេះ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូ​គ្រិស្ដ​បាន​យាង​មក​ក្នុង​សាច់​ឈាម​ទេ គឺ​អ្នក​នោះ​ហើយ​ជា​ជន​​បោក​ប្រាស់​ ហើយ​ជា​អ្នក‍ប្រឆាំង​ព្រះគ្រិស្ដ‍។​ ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​​អ្នករាល់គ្នា​បាត់​បង់​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ គឺ​ឲ្យ​ទទួល​បាន​​រង្វាន់​ដ៏​ពេញ​លេញ​វិញ។​ អស់​អ្នក​ដែល​ទៅ​ហួស ហើយ​​មិន​​នៅ​ជាប់​​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ នោះ​គ្មាន​ព្រះជាម្ចាស់​ទេ ប៉ុន្ដែ​​អ្នកណាដែល​នៅ​ជាប់​នឹង​​សេចក្ដី​បង្រៀន​​របស់​ព្រះគ្រិស្ដ អ្នកនោះ​មាន​ទាំង​ព្រះវរបិតា និង​ព្រះរាជ​បុត្រា។​ ១០បើ​អ្នកណា​មក​ឯ​អ្នក​រាល់​គ្នា ប៉ុន្ដែ​ មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ ចូរ​​កុំ​ទទួល​គេមក​ក្នុង​ផ្ទះ​ ឬ​​ជម្រាបសួរគេ​ឡើយ​ ១១ដ្បិត​​អ្នកណា​ដែល​ជម្រាបសួរ​គេ​ អ្នក​នោះ​ក៏​រួម​ចំណែក​ក្នុង​អំពើ​អាក្រក់​របស់​គេ​ដែរ។​

សេចក្ដីបញ្ចប់​

១២ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ ដែល​ត្រូវ​សរសេរ​មក​អ្នក​រាល់គ្នា ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ក្រដាស និង​ទឹក​ខ្មៅ​នេះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​ជួប​អ្នករាល់គ្នា ហើយ​និយាយ​ដោយ​ផ្ទាល់​មាត់វិញ​ ដើម្បី​​ឲ្យ​អំណរ​របស់​យើង​បាន​​ពេញ​បរិបូរ។​ ១៣កូន​ៗ​​បងស្រី​របស់​លោក​ស្រី​ដែល​​ព្រះជាម្ចាស់​បាន​​ជ្រើស​រើស​នោះ​ ក៏​​​ជម្រាប​សួរ​មក​លោកស្រី​ដែរ៕

២ យ៉ូហាន