KCB - ២ កូរិនថូស ៨


២ កូរិនថូស ៨

ការលើកទឹកចិត្ដឲ្យ​មាន​សប្បុរស​ធម៌​

បងប្អូន​អើយ​! យើង​ប្រាប់​អ្នក រាល់គ្នា​ ឲ្យដឹង​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់​ ដែល​បាន​ផ្តល់​ឲ្យ​​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​ម៉ាសេដូន ថា ក្នុង​ពេល​មាន​ការល្បង​យ៉ាង​ខ្លាំង ​តាមរយៈ​សេចក្ដី​វេទនា ​​ភាព​ហូរហៀរ​នៃ​អំណរ​​​ និងភាព​ក្រ​​តោកយ៉ាក​របស់ពួកគេ ​ក៏បង្ហូរ​ចេញ​សេចក្ដីសប្បុរសដ៏បរិបូរ​ ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ថា ពួកគេ​ស្ម័គ្រចិត្ត​តាម​សមត្ថភាព​របស់​ពួកគេ និង​ហួស​ពី​សមត្ថភាព​របស់​ពួកគេ​ទៅទៀត​ ពួកគេសូម​អង្វរ​យើង​យ៉ាងទទូច​ ដើម្បីអនុគ្រោះឲ្យពួកគេ​​​ មាន​ចំណែក​នៅក្នុង​ការ​​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ ហើយ​ហួស​ពី​ការ​ស្មាន​របស់​យើង មុន​ដំបូង​ពួកគេ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះអម្ចាស់ បន្ទាប់​មក​ដល់​​យើងដែរ តាម​បំណង​​របស់​ព្រះជាម្ចាស់។ ​ដូច្នេះ​ហើយ យើង​ក៏ ដាស់តឿន​លោក​ទីតុស​​ ឲ្យបង្ហើយ​ការប្រមូល​​ជំនួយ​នេះ​ ​ដែល​​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ពីមុន​ហើយ។​ ដូចដែល​អ្នករាល់គ្នា​បាន​ចម្រើន​ឡើង​ នៅ​ក្នុង​កិច្ចការ​ទាំងឡាយ​​ គឺទាំង​នៅក្នុង​ជំនឿ ពាក្យ​សំដី ​ចំណេះ​ដឹង និង​សេចក្ដី​ឧស្សាហ៍​ទាំងអស់ ព្រមទាំង​សេចក្ដី​ស្រឡាញ់ ដែលអ្នករាល់គ្នាមាន​ចំពោះយើង​​ជា​យ៉ាងណា នោះ​នៅ​ក្នុង​ការប្រមូល​ជំនួយ​​នេះ​ ​ចូរ​ឲ្យអ្នករាល់គ្នា​ចម្រើន​ឡើងជា​យ៉ាងនោះ​ដែរ​ ខ្ញុំ​មិន​មែន​និយាយ​បែប​​បង្គាប់​ទេ ប៉ុន្ដែដើម្បី​​ពិសោធ​​សេចក្ដី​ស្រឡាញ់ ដ៏​ស្មោះត្រង់​របស់​អ្នករាល់គ្នា​ តាមរយៈ​សេចក្ដី​ ឧស្សាហ៍​របស់​អ្នក​ដទៃ​វិញ។​ ដ្បិត​អ្នករាល់គ្នា​ ស្គាល់​ព្រះគុណ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​ព្រះអម្ចាស់​របស់​យើង​ហើយ គឺ​ថា ​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នកក្រ​ ដោយ​ព្រោះ​អ្នករាល់គ្នា ដើម្បី​ឲ្យអ្នករាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​

១០ខ្ញុំ​សូម​ផ្ដល់​យោបល់​នៅក្នុងរឿងនេះ​​ចុះ​ ដោយ​ព្រោះ​ការនេះជា​ប្រយោជន៍​ដល់​អ្នករាល់គ្នា ដែល​​មិន​គ្រាន់តែ​ ចាប់ផ្តើម​ធ្វើ​ការ​នេះ​​ តាំង​ពី​​ឆ្នាំ​មុន​មកទេ​ ថែម​​ទាំង​ចង់​​ធ្វើទៀតផង​ ១១ដូច្នេះឥឡូវនេះ ​ចូរ​បំពេញ​កិច្ចការ​នេះចុះ​​ គឺ​អ្នករាល់គ្នា​មាន​ចិត្ដ​សង្វាត​ចង់​ធ្វើ​ជា​យ៉ាង​ណា ក៏​បំពេញ​​ជា​យ៉ាង​នោះ​ចុះ​ ទៅតាម​​​អ្វី​ដែល​អ្នករាល់គ្នា​មាន‍។​ ១២ដ្បិត​បើ​មាន​ចិត្ត​សង្វាត​​មែន នោះអាច​ទទួល​យក​បាន​ហើយ គឺតាម​អ្វី​ដែល​អ្នក​នោះ​មាន មិន​មែន​តាម​អ្វី​ ដែល​អ្នក​នោះ​គ្មាន​ទេ ​១៣ប៉ុន្ដែ មិនមែនឲ្យអ្នក​ផ្សេង​មាន​ភាព ធូរស្បើយ​ ហើយ​ឲ្យអ្នករាល់គ្នា​មាន​សេចក្ដីវេទនា​នោះ​ទេ ផ្ទុយទៅវិញ​ឲ្យស្មើ​ភាព​គ្នា​ ១៤គឺ​នៅ​ពេល​បច្ចុប្បន្ន​នេះ ឲ្យ ភាព​ហូរហៀរ​​របស់​អ្នករាល់គ្នា​ ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត ​របស់​អ្នក​ទាំងនោះ ដើម្បី​ឲ្យភាព​ហូរហៀរ​​របស់​អ្នក​ទាំងនោះ​ អាច​នឹង​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​ របស់​អ្នករាល់គ្នា​វិញ​ ដូច្នេះ​​ទើប​​ស្មើ​​ភាពគ្នា​ ១៥ដូចមាន​សេចក្ដី​ចែង​ទុក​ថា៖ «អ្នក​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ណាស់​ណា ឯ​អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​ខ្វះ​ដែរ»។

លោកទីតុស និងអ្នករួមការងាររបស់គាត់

១៦​ប៉ុន្ដែសូម​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យលោក​ទីតុស​​​មាន​សេចក្ដីឧស្សាហ៍​​នោះ ​នៅ​ក្នុងចិត្ដ ចំពោះ​អ្នករាល់គ្នា​ដែរ​ ១៧ដ្បិត​គាត់​បាន​ទទួល​ពាក្យ​អង្វរ​របស់​យើង ហើយ​កាន់ តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែមទៀត រួច​គាត់​ ក៏​មក​ឯ​អ្នករាល់គ្នា​ដោយ​ស្ម័គ្រចិត្ដ​ ១៨រីឯ​​យើង​ ក៏​បាន​ចាត់​បងប្អូន​ម្នាក់​ ដែល​​មាន​ការ​សរសើរពី​​ក្រុម​ជំនុំ​ទាំងអស់ នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ ឲ្យមក​ជាមួយ​គាត់​ដែរ​ ១៩មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្រុម​ជំនុំ​ទាំង​ឡាយ​ក៏​បាន​ជ្រើស​រើស​អ្នក​នោះ​ ឲ្យរួម​ដំណើរ​ជាមួយ​យើង​នៅ​ក្នុង​ការ​ប្រមូល​ជំនួយ​​ ដែល​យើង​កំពុង​ចាត់ចែង ​ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ ព្រះអម្ចាស់​ផ្ទាល់ និង​ដើម្បី​បង្ហាញ​ពី​ចិត្ដ​សង្វាត​របស់​យើង​ដែរ ២០ព្រមទាំង​​ចៀស​វាង​​ កុំ​ឲ្យអ្នក​ណា​ម្នាក់​រិះគន់​យើង​បាន​ឡើយ​ចំពោះ​​ជំនួយ​ដ៏ច្រើន​ ដែល​យើង​កំពុង​ចាត់ចែង​ ២១ដ្បិត​យើង​តាំង​ចិត្ដ​ធ្វើ​ការ​ល្អ​ មិន​មែន​តែ​នៅ​ចំពោះ​ ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​នៅ​ចំពោះ​មុខ​មនុស្ស​ដែរ។ ​២២យើង​ចាត់​បងប្អូន​ម្នាក់​ទៀត​ឲ្យទៅ​ជាមួយ​ពួកគេ ព្រោះ​យើង​បាន​ពិសោធ​អ្នក​នោះជាញឹកញាប់​ ហើយឃើញ​ថា​ គាត់មាន​សេចក្ដី​ឧស្សាហ៍​នៅ​ក្នុងកិច្ចការ​ជា​ច្រើន ឥឡូវ​នេះគាត់​កាន់ តែ​មាន​សេចក្ដី​ឧស្សាហ៍​​ថែម​ទៀត ដោយ​ការ​​ទុកចិត្ដ​ជា​ខ្លាំង​ លើ​អ្នករាល់គ្នា។​ ២៣ចំពោះ​លោក​ទីតុស​ គាត់​ជា​គូកន​របស់​ខ្ញុំ និង​ជា​អ្នក​រួមការងារ​​ជាមួយ​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា រីឯ​​ពួក​បងប្អូន​របស់​យើងផ្សេងទៀត ពួកគេជា​សាវក​របស់ក្រុម​ជំនុំ​ទាំងឡាយ និង​ជា​សិរី​រុងរឿង​របស់​ព្រះគ្រិស្ដ​ ២៤ដូច្នេះ​ ចូរ​បង្ហាញ ​ភស្ដុតាង​ពី​សេចក្ដី​ស្រឡាញ់ របស់​អ្នករាល់គ្នា និងមោទនៈភាព​របស់​យើង​អំពីអ្នករាល់គ្នា ឲ្យពួកគេ​បាន​ឃើញ​ នៅចំពោះ​មុខ​​ក្រុម​ជំនុំ​ទាំងឡាយចុះ។

២ កូរិនថូស ៨