២ កូរិនថូស ៦
៦ដោយយើងធ្វើការជាមួយព្រះ ជាម្ចាស់ យើងសូមដាស់តឿនអ្នករាល់គ្នាដែរថា កុំទទួលព្រះគុណរបស់ព្រះអង្គ ដោយឥតប្រយោជន៍ឡើយ ២ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងបានស្តាប់អ្នកនៅគ្រាមានសេចក្ដីមេត្ដា ហើយយើងបានជួយអ្នកនៅថ្ងៃនៃសេចក្ដីសង្គ្រោះ»។ មើល៍ឥឡូវនេះ ជាពេលនៃសេចក្ដីមេត្ដា មើល៍ឥឡូវនេះ ជាថ្ងៃនៃសេចក្ដីសង្គ្រោះ។
ការលំបាករបស់លោកប៉ូល
៣យើងមិនផ្ដល់សេចក្ដី ដែលនាំឲ្យ អ្នកណាម្នាក់ ជំពប់ដួលក្នុងកិច្ចការអ្វីឡើយ ដើម្បីកុំឲ្យមុខងារបម្រើនោះ ត្រូវរិះគន់ឡើយ ៤ផ្ទុយទៅវិញ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ នៅក្នុងគ្រប់ការទាំងអស់ ដោយការស៊ូទ្រាំ ជាច្រើនក្នុងការលំបាក សេចក្ដីវេទនា សេចក្ដីទុក្ខព្រួយ ៥ការវាយដំ ការជាប់ ឃុំឃាំង ភាពចលាចល ការនឿយហត់ ការអត់ងងុយ ការតមអាហារ ៦ដោយចិត្តបរិសុទ្ធ ចំណេះដឹង សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ព្រះវិញ្ញាណបរិសុទ្ធសេចក្ដីស្រឡាញ់ឥតពុតត្បុត ៧និងដោយព្រះបន្ទូលនៃសេចក្ដីពិត ដោយអំណាចអស្ចារ្យរបស់ព្រះជាម្ចាស់ តាម រយៈគ្រឿងសឹកនៃសេចក្ដីសុចរិត ដែលកាន់នៅដៃស្តាំ និងនៅដៃឆ្វេង ៨ទាំងមានកិត្តិយស ឬអាប់យស ទាំងមានការបង្អាប់បង្អោន ឬការសរសើរ ហើយត្រូវគេចាត់ទុកជាជនបោកប្រាស់ ប៉ុន្ដែតាមពិតទៀងត្រង់ទេ ៩ជាអ្នកគ្មានគេស្គាល់ ប៉ុន្ដែមានគេស្គាល់ច្បាស់ ជាអ្នកជិតស្លាប់ ប៉ុន្ដែយើងនៅរស់ ជាអ្នកត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែមិនត្រូវបានសម្លាប់ឡើយ ១០ជាអ្នកព្រួយចិត្ដ ប៉ុន្ដែត្រេកអរជានិច្ច ជាអ្នកក្រក្សត់ ប៉ុន្ដែធ្វើឲ្យមនុស្សជាច្រើនចម្រុងចម្រើន ជាអ្នកគ្មានអ្វីសោះ ប៉ុន្ដែមានសព្វគ្រប់។ ១១បងប្អូននៅក្រុង កូរិនថូសអើយ! យើងបាននិយាយដោយស្មោះត្រង់ទៅកាន់អ្នករាល់គ្នា រីឯចិត្តរបស់យើង ក៏ទូលំទូលាយដែរ ១២យើងមិនបាន បង្ខាំងអ្នករាល់គ្នាទេប៉ុន្ដែ ចិត្ដអ្នករាល់គ្នាបង្ខាំងអ្នករាល់គ្នាវិញ។ ១៣ឥឡូវនេះ ខ្ញុំនិយាយដូចជានិយាយទៅកូនៗរបស់ខ្ញុំថា ចូរអ្នករាល់គ្នាមានចិត្ដទូលាយ ទុកជាការតបស្នងដូចគ្នាដែរចុះ។
មិនត្រូវទឹមនឹមស្រៀកជាមួយ អ្នកមិនជឿឡើយ
១៤មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតប្រកបគ្នាយ៉ាងដូចម្ដេចបាន? តើពន្លឺលាយឡំនឹងសេចក្ដីងងឹតយ៉ាងដូចម្ដេចបាន? ១៥តើព្រះគ្រិស្ដ និងអារក្សបេលាល ស្រុះស្រួលគ្នាយ៉ាងដូចម្ដេចបាន? តើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿ យ៉ាងដូចម្ដេចបាន? ១៦តើព្រះវិហាររបស់ព្រះជាម្ចាស់ និងរូបព្រះរួមគ្នាយ៉ាងដូចម្ដេចបាន? ដ្បិតយើងជាព្រះវិហាររបស់ព្រះជាម្ចាស់ ដ៏មានព្រះជន្មរស់ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «យើងនឹងគង់នៅក្នុងចំណោមពួកគេ ហើយនឹងដើរជាមួយពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេ នឹងធ្វើជាប្រជារាស្ដ្ររបស់យើង» ១៧ដូច្នេះហើយ ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរចាកចេញពីក្នុងចំណោមពួកគេ ព្រមទាំងញែកខ្លួនចេញផង រួចកុំពាល់របស់មិនស្អាតឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា ១៨យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង គឺព្រះអម្ចាស់ដ៏មានព្រះចេស្តា លើអ្វីៗទាំងអស់មានបន្ទូលដូច្នេះ»។