KCB - ២ កូរិនថូស ៤


២ កូរិនថូស ៤

ទ្រព្យសម្បត្ដិ​នៅ​ក្នុង​ភាជនៈ​ដី​

ហេតុ​នេះ ដោយសារ​យើង​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ ទើប​យើង​មាន​មុខងារ​បម្រើ​នេះ យើង​មិន​រសាយ​ចិត្ត​ទេ ​ប៉ុន្ដែ​យើង​លះបង់​អំពើ​លាក់​កំបាំង​ទាំង​ឡាយ​ ដែល​គួរ​​ខ្មាស​ ហើយ​មិន​រស់​នៅ​ដោយ​មាន​ល្បិចកល ឬ​បំភ្លៃព្រះបន្ទូល ​របស់​ព្រះជាម្ចាស់​ឡើយ ផ្ទុយទៅវិញ យើង​បង្ហាញ​ខ្លួន​យើង​ដល់​មនសិការ​​របស់​មនុស្ស​គ្រប់គ្នា​ ដោយ​បើកសំដែងអំពី​សេចក្ដី​ពិត នៅ​ចំពោះ​ព្រះជាម្ចាស់​ បើ​ដំណឹង​ល្អ​របស់​យើង​ត្រូវ​បាន​លាក់​​បាំង​មែន នោះគឺត្រូវ​បាន​លាក់​​បាំង​ នៅក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​វិនាស ជា​ពួកអ្នកដែល​​ព្រះ​នៃ​លោកិយ​នេះ​ បាន​ធ្វើ​ឲ្យ​​គំនិត​របស់​ពួក​អ្នក​គ្មាន​ជំនឿទៅជា​ងងឹត​ ដើម្បី​កុំ​ឲ្យពន្លឺ​ ដំណឹង​ល្អ​នៃ​សិរីរុងរឿង ​របស់​ព្រះគ្រិស្ដ​​​ដែល​ជា​រូបអង្គ​របស់​ព្រះជាម្ចាស់ បាន​ចែងចាំង​ឡើយ​ ព្រោះ​យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​អំពី​ព្រះ​យេស៊ូ​គ្រិស្ដ​ ដ៏ជា​ព្រះអម្ចាស់​វិញ ហើយ​ដោយ​ព្រោះ​ព្រះ​យេស៊ូ​ ខ្លួន​យើង​ត្រលប់​ជា​បាវ​បម្រើ​​អ្នករាល់គ្នា​​​ ពីព្រោះ​ព្រះជាម្ចាស់​ដែល​បាន​មានបន្ទូល​ឲ្យមាន​ពន្លឺ​ភ្លឺ​ ចេញ​ពី​សេចក្ដី​ងងឹត​ ព្រះអង្គ​បាន​ផ្ដល់​ពន្លឺ​​មក​ក្នុង​ចិត្ត​របស់​យើង ដើម្បី​បំភ្លឺ​ការ​យល់​ដឹង ​អំពីសិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់​ដែល​នៅ​លើ​ព្រះ​ភក្រ្ត​​ព្រះ​យេស៊ូ​គ្រិស្ដ។ ដូច្នេះ យើង​មាន​ទ្រព្យសម្បត្ដិ​ នៅ​ក្នុង​​ភាជនៈ​ដី​នេះដើម្បី​បញ្ជាក់​ថា​ អំណាច​ដ៏​ឧត្ដុង្គឧត្ដម​មក​ពី​ព្រះជាម្ចាស់ មិន​មែន​មក​ពី​យើង​ទេ។ យើង​ត្រូវគេ​សង្កត់​សង្កិន​គ្រប់​បែបយ៉ាង ប៉ុន្ដែ​មិន​ទាន់​ទាល់​​ច្រក​ទេ​ ហើយ​យើង​ស្មុគស្មាញ​​​​ ប៉ុន្ដែ​មិន​ទាន់​ទាល់​​គំនិត​ឡើយ ត្រូវគេ​បៀតបៀន ប៉ុន្ដែ មិន​ទាន់ ​ត្រូវ​បាន​បោះបង់​ចោល​​ឡើយ ហើយ​ត្រូវគេ​វាយ​ឲ្យដួល ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​សម្លាប់​ឡើយ។ ១០យើង​តែងតែ​ ផ្ទុកការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូក្នុង​ រូបកាយ​របស់​យើង​ជានិច្ច ដើម្បីឲ្យ​ ជីវិត​របស់​ព្រះ​យេស៊ូ បានបង្ហាញ​ឲ្យ​ឃើញ​ តាមរយៈ​រូបកាយ​របស់​យើង​ដែរ ១១ហើយ​ដោយព្រោះ​ព្រះ​យេស៊ូ យើង​ដែល​នៅរស់​នេះ​ ត្រូវ​បាន​​ប្រគល់​ទៅឯ‍សេចក្ដី​ស្លាប់​ជានិច្ច ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះ​យេស៊ូបានបង្ហាញ​ឲ្យ​ឃើញ​​​តាមរយៈ​រូបកាយ​របស់​យើង​ ដែល​តែងតែ​ស្លាប់​នេះ ​១២ដូច្នេះ​ហើយ​បានជា​សេចក្ដី​ស្លាប់​ធ្វើ​ការ​ក្នុងយើង ប៉ុន្ដែ​ជីវិត​ធ្វើការ​ក្នុង អ្នករាល់គ្នាវិញ​ ១៣គឺ​យើង​មាន​វិញ្ញាណ​​នៃ​ជំនឿ​តែ​មួយ ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ថា​៖ «ខ្ញុំ​ជឿ​ បានជា​ខ្ញុំ​និយាយ» ដូច្នេះយើង​ក៏​ជឿ​ដែរ​ បានជា​យើង​និយាយ​ ១៤ដោយ​ដឹង​ថា ព្រះអង្គ​ដែល​ប្រោស​ព្រះអម្ចាស់​យេស៊ូ ឲ្យរស់​ឡើង​វិញ​ ក៏​ប្រោស​យើង​ឲ្យរស់​ឡើង​វិញជាមួយ​នឹង​ព្រះ​យេស៊ូ​ដែរ ព្រមទាំង​ឲ្យឈរ​នៅ​ជាមួយ​​អ្នករាល់គ្នា​ទៀត​ផង។​ ១៥ដូច្នេះ អ្វីៗ​ទាំង​អស់​ជា​ប្រយោជន៍​សម្រាប់​អ្នករាល់គ្នា ដើម្បី​ឲ្យព្រះគុណ​មាន​កាន់តែ​ហូរហៀរ​​​​ ដល់​មនុស្ស​ជាច្រើន​ និង​ឲ្យមាន​ការ​អរ​ព្រះ​គុណ​​កាន់​តែ​ច្រើន ​​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់​ដែរ‍។​ ១៦ហេតុនេះ យើង​មិន​រសាយ​​ចិត្ត​ឡើយ ដ្បិត​ទោះ​បី​រូបកាយ​ខាង​ក្រៅ​របស់​យើង​ ខ្សោយទៅៗ​ក៏​ដោយ ក៏​មនុស្ស​ខាង​ក្នុង​របស់​យើង​​ត្រូវ​បាន​ផ្លាស់ប្រែ​ជា​ថ្មី ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ១៧ដ្បិត​សេចក្ដីវេទនា​​ដ៏​ស្រាល​​​របស់​យើង​តែ​មួយ​ភ្លែត​នេះ​ បាន​ធ្វើ​ឲ្យយើង​មាន​សិរី​រុងរឿង​ដ៏លើសលប់​អស់កល្ប​ជានិច្ចប្រៀប​ផ្ទឹម​មិន​បាន‍ឡើយ។​ ១៨ដូច្នេះ​ហើយ យើង​មិន​សម្លឹង​មើល​អ្វី​ដែល​មើលឃើញទេ​ គឺ​​អ្វីដែល​មើល​មិន​ឃើញវិញ​ ព្រោះ​អ្វី​ដែល​មើល​ឃើញ​នៅ​មួយ​ រយៈពេលប៉ុណ្ណោះ​ ប៉ុន្ដែ​អ្វី​ដែល​មើល​មិន​ឃើញ​នៅ​អស់កល្ប​ជានិច្ច។

២ កូរិនថូស ៤