KCB - ២ កូរិនថូស ២


២ កូរិនថូស ២

ខ្ញុំ​សម្រេច​ចិត្ដ​ដូច្នេះ​ថា ខ្ញុំ​មិន​ មក​ជួប​អ្នក​រាល់គ្នា​ ទាំងមានការព្រួយ​ចិត្ដទៀត​ឡើយ ​បើ​ខ្ញុំ​ធ្វើ​ឲ្យអ្នករាល់គ្នា​ព្រួយ តើ​មាន​អ្នក​ណា​ធ្វើ​ឲ្យខ្ញុំ​អរ​សប្បាយ​បាន‍ ក្រៅពីអ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ ព្រួយ​ប៉ុណ្ណោះ​ ដូច្នេះ​ខ្ញុំ​បានសរសេរ​សេចក្ដី​នេះ ដើម្បី​កុំ​ឲ្យខ្ញុំ​មាន​ការព្រួយ​ចិត្ដ​ ដោយសារអស់​អ្នក​ដែល​គួរ​ធ្វើ​ឲ្យខ្ញុំ​ត្រេកអរ​នៅ​ពេល​ខ្ញុំ​មក​ដល់‍។​​ ខ្ញុំ​ជឿជាក់ចំពោះ​អ្នក​ទាំងអស់​គ្នា​ថា អំណរ​របស់​ ខ្ញុំ​ ជា​អំណរ​របស់​អ្នក​ទាំងអស់​គ្នា​ដែរ។ ខ្ញុំបានសរសេរ​មក​អ្នករាល់គ្នា​ទាំងស្រក់​ទឹក​ភ្នែក ដោយមានសេចក្ដីវេទនាជា​ច្រើន និងឈឺចាប់ក្នុង​ចិត្ដ​ មិន​មែន​ដើម្បី​ឲ្យអ្នករាល់គ្នា​ព្រួយ​ទេ គឺ​ដើម្បី​ឲ្យអ្នករាល់គ្នា​ដឹង​ពី​សេចក្ដី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​យ៉ាង​លើសលប់​​ចំពោះ​អ្នករាល់គ្នា។

ការលើកលែងទោសសម្រាប់ មនុស្សបាប

ប៉ុន្ដែ ​បើ​អ្នកណា​ម្នាក់ធ្វើឲ្យព្រួយ អ្នកនោះ​មិន​មែន​ធ្វើ​ឲ្យខ្ញុំ​ព្រួយ​ទេ ប៉ុន្ដែ​ឲ្យអ្នក​ទាំងអស់​គ្នា​ព្រួយ​ខ្លះ គឺ‍ខ្ញុំមិនបំផ្លើសទេ ហើយ​ការ​ដាក់ទោសសម្រាប់​មនុស្សបែបនេះ ពី​មនុស្ស​ភាគច្រើន នោះល្មម​​ហើយ​ ដូច្នេះ អ្នករាល់គ្នា​គួរ​លើកលែង​ទោស ព្រមទាំង​កម្សាន្ត​​​ទឹកចិត្ដ​គាត់​វិញ ក្រែង​លោ​ការព្រួយចិត្ដ​ហួសប្រមាណលេបយកអ្នកនោះ​ទៅ ហេតុនេះ ខ្ញុំសូម​ដាស់តឿនអ្នករាល់គ្នា​ ឲ្យ​បញ្ជាក់​​​ពី​សេចក្ដី​ស្រឡាញ់ចំពោះ​គាត់។ ខ្ញុំ​ក៏បាន​សរសេរ​សេចក្ដី​នេះ​ ដើម្បី​ឲ្យខ្ញុំ​ដឹងពីភាពស្មោះ​ត្រង់ របស់​អ្នករាល់គ្នា​ថា​ តើ​អ្នករាល់គ្នា​ស្តាប់​បង្គាប់តាម​គ្រប់​បែបយ៉ាង​ដែរ‍ឬ​ទេ​ ១០បើ​អ្នករាល់​គ្នា​លើកលែង​ទោស​រឿង​អ្វី​មួយ ឲ្យអ្នកណាម្នាក់​ ខ្ញុំ​ក៏​លើកលែង​ទោស​ ឲ្យអ្នកនោះ​ដែរ ហើយរឿងអ្វីមួយដែលខ្ញុំបាន​លើកលែង​ទោសហើយនោះ បើ​ខ្ញុំ​លើកលែង​ទោសរឿងអ្វីមួយមែន គឺ​ខ្ញុំបានលើក​លែងទោសដោយសារ​អ្នករាល់គ្នា​ នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះគ្រិស្ដ​ ១១ក្រែងលោអារក្ស​សាតាំង​​បោកប្រាស់​​យើង​ ដ្បិត​យើងមិនមែនមិនដឹង​ពី​គំនិត​​របស់​វា​ទេ។

អ្នកបម្រើកិច្ចព្រមព្រៀងថ្មី

១២ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យខ្ញុំ​ ១៣ប៉ុន្ដែ ​ខ្ញុំ​មិន​មាន​ភាព​ធូរស្បើយ ​នៅក្នុង​វិញ្ញាណ​របស់​ខ្ញុំ​សោះ ព្រោះ​មិនបានជួប​លោក ទីតុសជា​បងប្អូន​របស់​ខ្ញុំ​ ដូច្នេះ​ ខ្ញុំ​ក៏​លា​ពួកគេ​មក​ឯ​ស្រុក​ម៉ាសេដូន‍។ ​១៤ប៉ុន្ដែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ដែល​តែងតែ​នាំ​យើង​ចូល​ក្នុង​ក្បួន​ជ័យជម្នះ​​ របស់​ព្រះគ្រិស្ដជានិច្ច ហើយ​ព្រះអង្គ​សាយ​ភាយ​ក្លិន​​ដែលនាំឲ្យ​ស្គាល់​ព្រះអង្គ​ នៅ​គ្រប់ទី​កន្លែង​តាមរយៈ​យើង ១៥ព្រោះ​យើង​ជា​ក្លិនពិដោរ​របស់​ព្រះគ្រិស្ដ សម្រាប់​ព្រះជាម្ចាស់​ក្នុង​ចំណោម​​ពួក​អ្នក ​ដែល​ទទួល​បាន​សេចក្ដីសង្គ្រោះ និងពួក​អ្នក​ដែល​កំពុង​វិនាស​ ១៦សម្រាប់​ពួកអ្នក​ដែល​កំពុង​វិនាស យើង​ជា​ក្លិននៃសេចក្ដី​ស្លាប់ដែលនាំឲ្យ​ស្លាប់‍ ប៉ុន្ដែ​សម្រាប់ពួក​អ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ យើង ជា​ក្លិននៃ​ជីវិត​ដែលនាំឲ្យ​មាន​ជីវិត​ តើ​អ្នក​ណា​ស័កិ្តសម​ នឹង​កិច្ចការទាំង​នេះ​? ១៧ដ្បិត ​យើង​មិន​ដូច​ជា​មនុស្ស​ជាច្រើន​ដែលរកចំណេញ ពីព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទេ ប៉ុន្ដែយើង​និយាយដោយអស់​ពី​ចិត្ដនៅក្នុង​ព្រះគ្រិស្ដ​ ​​​​នៅ​ចំពោះ​ព្រះជាម្ចាស់​ ដូច​ជា​អ្នក​ដែល​​ព្រះជាម្ចាស់​បាន​ចាត់ឲ្យ​មក។

២ កូរិនថូស ២