KCB - ២ កូរិនថូស ១៣


២ កូរិនថូស ១៣

សេចក្ដីព្រមានចុងក្រោយ របស់លោកប៉ូល

១៣នេះ​ ជា​លើក​ទី​បី​ ហើយ​ ដែល​ខ្ញុំ​មក​ឯ​អ្នករាល់គ្នា គ្រប់​ពាក្យ​សំដី​ទាំងអស់ នឹង​ត្រូវ​រាប់​ជា​បាន​ការ ​​ដោយ​មាត់​សាក្សីពីរ​ ឬបីនាក់​​​ ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ កាល​​នៅ​ជាមួយ​អ្នករាល់គ្នា​ លើក​ទីពីរ ប៉ុន្ដែ​ឥឡូវ​នេះ​ ពេល​មិន​នៅ​ជាមួយ​​​ ខ្ញុំ​​ប្រាប់​ជាមុន​ទៀត​ ដល់​ពួក​អ្នក​ដែល​បានប្រព្រឹត្ដ​បាប​ពីមុន និង​ពួក​អ្នកទាំងអស់ផ្សេង​ទៀត​​ថា បើ​ខ្ញុំ​មក​ម្តង​ទៀត ខ្ញុំ​មិន​អត់ឱន​ឲ្យ​ទេ។ ​ដ្បិត​អ្នករាល់គ្នា​កំពុង​រក​ភស្តុតាង​ អំពី​ការដែល​ព្រះគ្រិស្ដ​មានបន្ទូល​តាមរយៈ​ខ្ញុំ ព្រះអង្គ​មិន​ខ្សោយទេចំពោះ​អ្នករាល់គ្នា គឺ​ព្រះអង្គ​មាន​អំណាច​នៅ​ក្នុង​អ្នករាល់គ្នា​ ទោះបី​ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ដោយសារ​ភាពកម្សោយ​​​ក៏ដោយ ក៏​ព្រះអង្គ​មាន​ព្រះជន្ម​រស់ ​ដោយសារ​អំណាច​របស់​ព្រះជាម្ចាស់​ដែរ ដូច្នេះ​ទោះបី​យើង​ខ្សោយ​ក្នុង​ព្រះអង្គ ​ក៏យើង​នឹង​រស់​​នៅជាមួយ​ព្រះអង្គ ​ដោយសារ​ព្រះចេស្ដា​​របស់​ព្រះជាម្ចាស់​ ដែល​មាន​ចំពោះ​អ្នករាល់គ្នា​ដែរ‍។​ ចូរ​អ្នករាល់គ្នា​ល្បងខ្លួន​ឯងទៅ​ ​តើ​អ្នករាល់គ្នា​មាន​ជំនឿ​​ដែរឬ​ទេ? ចូរពិសោធ​ខ្លួន​ឯង​ចុះ​ តើ​​អ្នករាល់គ្នា​មិន​ដឹង​​ថា​ ព្រះ​យេស៊ូ​គ្រិស្ដ​គង់​នៅ​ក្នុង​អ្នករាល់គ្នា‍​ទេឬ?​ លើកលែងតែ​អ្នករាល់គ្នា​ ត្រូវបាន​បដិសេធ​​ចោល​ប៉ុណ្ណោះ​ ប៉ុន្ដែ​ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹង​ដឹង​ថា​ យើង​មិន​​ត្រូវបាន​បដិសេធ​ចោល​ឡើយ។ ​ខ្ញុំ​អធិស្ឋាន​ដល់​​ព្រះ ជាម្ចាស់​ សូម​កុំ​ឲ្យអ្នករាល់គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណាមួយ​ឡើយ នេះ​មិន​មែន​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ​យើង​ត្រូវបាន​ទទួល​ស្គាល់​​នោះ​ទេ គឺដើម្បីឲ្យអ្នករាល់គ្នា​​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ​ ទោះបី​មើលទៅ​ យើង​​ដូចជា​​​ត្រូវ​បាន​បដិសេធ​ចោល​​ក៏ដោយ ​ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ គឺ​ធ្វើ​ដើម្បី​សេចក្ដី​ពិត​ ​ព្រោះ​យើង​ត្រេកអរ​ ​ពេល​ដែល​យើង​ខ្សោយ ហើយ​អ្នករាល់គ្នា​រឹងមាំ​ ប៉ុន្ដែ ​យើង​អធិស្ឋាន​សុំ​សេចក្ដី​នេះ​ទៀត គឺ​ឲ្យ​អ្នករាល់គ្នា បាន​គ្រប់​លក្ខណ៍។​ ១០ហេតុ​នេះ​ហើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នករាល់គ្នា​ កាល​នៅ​ឆ្ងាយ​នៅឡើយ​​ ដើម្បី​ពេល​​​​មកដល់ កុំឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នា​ ដោយ​​តឹងរ៉ឹង​ទៅតាម​សិទ្ធិអំណាច​ ដែល​ព្រះអម្ចាស់​បាន​ប្រទានឲ្យខ្ញុំសម្រាប់​ការ​ស្អាងចិត្ត គឺមិន​មែនសម្រាប់​ការ​បំផ្លាញ​ទេ។

ពាក្យជម្រាបសួរចុងក្រោយ របស់លោកប៉ូល

១១​ទី​បញ្ចប់​នេះ បងប្អូន​អើយ! ចូរ​មាន​អំណរ ចូរ​ឲ្យបាន​គ្រប់​លក្ខណ៍ ចូរ​ទទួល​ការលើកទឹកចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ នោះ​ព្រះជាម្ចាស់នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខសាន្ត​ នឹង​គង់​នៅ​ជាមួយ​អ្នករាល់គ្នា​ ១២ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ការ​ថើប​បរិសុទ្ធ​ រីឯ​ពួក​បរិសុទ្ធ​ទាំងអស់​ ក៏​ជម្រាប​សួរ​មក​អ្នករាល់គ្នា​ដែរ។​ ១៣សូម​ឲ្យអ្នកទាំងអស់គ្នាបាន​​ប្រកប​ដោយ​ព្រះគុណ ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ និង​សេចក្ដី​ស្រឡាញ់របស់​ព្រះជាម្ចាស់ ព្រមទាំង​សេចក្ដី​ប្រកប​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ​៕

២ កូរិនថូស ១៣