KCB - ២ កូរិនថូស ១១


២ កូរិនថូស ១១

លោកប៉ូលប្រឆាំងនឹងពួកសាវកក្លែងក្លាយ

១១ខ្ញុំ​ចង់​ឲ្យអ្នករាល់គ្នា​ទ្រាំ​ នឹង​សេចក្ដី​ចម្កួត​បន្ដិច​ បន្ដួច​​របស់​ខ្ញុំ​នេះ គឺ​អ្នករាល់គ្នា​កំពុង​ទ្រាំ​នឹង​ខ្ញុំ​​ស្រាប់​ហើយ ដ្បិត​​ខ្ញុំ​​ប្រច័ណ្ឌ​នឹង​អ្នករាល់គ្នា​ ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់ព្រះជាម្ចាស់ ព្រោះ​ខ្ញុំ​បាន​ឲ្យអ្នករាល់គ្នា​ភ្ជាប់ពាក្យ​នឹង​បុរស​តែ​ម្នាក់​​គត់ ទុកជា​​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​ ប៉ុន្ដែ​ ខ្ញុំ​ខ្លាច​ក្រែងលោ​​ គំនិត​របស់អ្នករាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះស្ម័គ្រ និង​ក្ដី​បរិសុទ្ធ​​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដូច​ជា​សត្វ​ពស់​​បញ្ឆោត​នាង​អេវ៉ា​ ដោយ​ល្បិច​កល​របស់​វា។​ ដ្បិត​បើ​​មាន​អ្នកណាម្នាក់​មក​ប្រកាស អំពីព្រះ​យេស៊ូ​មួយ​ទៀត​ដែល​យើង​មិន​បាន​ប្រកាស ឬ​ឲ្យអ្នករាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេង​ទៀត ​ដែល​អ្នករាល់គ្នា​មិន​បាន​​ទទួល​ ឬ​ឲ្យទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត ​ដែល​អ្នករាល់គ្នា​មិនបាន​ទទួល​ នោះ​​អ្នករាល់គ្នា​​​ទ្រាំបាន​​យ៉ាងងាយ។​ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​អ្វី​អន់​ជាង​ ពួក​កំពូល​សាវក​​ទាំងនោះ​​ទេ ​​ដ្បិត​ ទោះបី​ខ្ញុំមិន​ពូកែខាង​សំដីមែន​ ប៉ុន្ដែ​ មិន​មែន​​ខាង​ចំណេះ​ដឹង​ទេ ផ្ទុយទៅវិញ​ យើង​បាន​បង្ហាញ​ឲ្យអ្នករាល់គ្នា​ឃើញ​​គ្រប់បែបយ៉ាង​ នៅ​ក្នុងគ្រប់​ការទាំងអស់ ​ឬមួយ​ការដែល​​ខ្ញុំបន្ទាប​ខ្លួន​ ដើម្បី​ឲ្យអ្នករាល់គ្នា​ ត្រូវ​បាន​លើកតម្កើង​ ដោយ​ការ​​​ប្រកាស​ដំណឹង​ល្អ​ របស់​ព្រះ ជាម្ចាស់​ដល់​អ្នករាល់គ្នា​ ដោយ​ឥត​គិត ថ្លៃ​នោះ​ តើ​ខ្ញុំប្រព្រឹត្ត​បាប​ឬ? ខ្ញុំ​បាន​ប្លន់​ក្រុម​ជំនុំ‍ផ្សេងៗ​ ដោយ​​យក​​ថ្លៃ​ឈ្នួលដើម្បីឧបត្ថម្ភ​​អ្នករាល់គ្នា​ ពេល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា ហើយមាន​ភាព​ខ្វះខាត​ នោះ​ខ្ញុំ​មិន​បានធ្វើ​ជា​បន្ទុក​ដល់​ អ្នក​ណា​ម្នាក់​ទេ​ ព្រោះ​ពួក​បងប្អូន​ដែល​មក​ពី​ស្រុក​​ម៉ាសេដូន​ ​បាន​បំពេញ​ភាព​ខ្វះខាត​របស់​ខ្ញុំ នៅក្នុងគ្រប់​ការ​ទាំងអស់ ​ខ្ញុំ​បាន​រក្សា​ខ្លួន​ខ្ញុំ មិន​ឲ្យ​ត្រលប់​ជា​បន្ទុក​ដល់​អ្នករាល់គ្នាទេ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៀត។​ ​១០ដោយ​សេចក្ដីពិត​របស់ព្រះគ្រិស្ដ​ដែ​លនៅ​ក្នុងខ្ញុំ មោទនភាព​របស់ខ្ញុំនេះ​ នឹង​មិនត្រូវស្ងប់​នៅ​ក្នុងតំបន់​នៃ​ស្រុកអាខៃឡើយ។​ ១១ហេតុ​អ្វី​? ដោយព្រោះខ្ញុំ​មិន​ស្រឡាញ់អ្នករាល់គ្នា​​ឬ​? ព្រះជាម្ចាស់​ជ្រាប​ហើយ ១២ដូច្នេះខ្ញុំ​នឹង​បន្ដ​ធ្វើ​អ្វី​ ដែល​ខ្ញុំ​កំពុងធ្វើ​នេះ​ទៀត ដើម្បី​ ដក​ឱកាស​​ចេញ​ ពីពួក​អ្នក​ដែល​ចង់​បាន​ឱកាស ​ឲ្យ​គេគិត​ថា​​ ខ្លួនស្មើ​នឹង​យើង​ នៅ​ក្នុងចំណុច​ ដែល​ពួកគេ​​អួតនោះ។​ ១៣ដ្បិត​ពួក​មនុស្ស​បែប​នេះ​ ជា​ពួក​ សាវក​​ក្លែង​ក្លាយ ជា​ពួក​អ្នក​ធ្វើការ​ឆបោក​​ ដែល​ក្លែង​ខ្លួនជា​សាវក​​របស់​ព្រះគ្រិស្ដ​ ១៤ប៉ុន្ដែ​កុំ​ឆ្ងល់​ឡើយ​ ព្រោះអារក្ស​សាតាំង​​ ក៏​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ​ដែរ​ ១៥ដូច្នេះ មិនមែនជារឿងធំអ្វី​ទេ បើ​អ្នក​បម្រើ​របស់​វា ​ក្លែង​ខ្លួន​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​សុចរិតនោះ​ ឯ​ទីបញ្ចប់​​របស់​ពួកវា​នឹង​ទៅ​តាម​កិច្ចការ​របស់​ពួកវា។

លោកប៉ូលអួតអំពីការរងទុក្ខវេទនារបស់គាត់

១៦ខ្ញុំ​​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យអ្នក​ណា​ម្នាក់​គិត​ថា​ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ឡើយ ប៉ុន្ដែ​បើ​ដូច្នោះមែន​ ចូរ​ទទួល​ខ្ញុំ​ដូច​ជា​មនុស្ស​ល្ងង់​​ចុះ ដើម្បី​ឲ្យខ្ញុំ​បាន​អួត​​បន្តិច ១៧អ្វី​ដែល​ខ្ញុំ​និយាយ​នេះ មិន​មែន​និយាយ​ ស្រប​តាម​ព្រះអម្ចាស់​ទេ គឺ​តាម​សេចក្ដីចម្កួត​ ដែលទុកចិត្ត​លើ​ការ​អួតអាង​ ១៨ដ្បិត​មាន​មនុស្ស​ជា​ច្រើន ​អួត​ខ្លួន​ទៅ​តាម​សាច់​ឈាម ដូច្នេះ ខ្ញុំ​នឹង​អួត​ដែរ‍ ១៩ព្រោះអ្នករាល់គ្នាឆ្លាត​ដែល​​​ទ្រាំ​នឹង​ពួក​មនុស្ស​ល្ងង់​ដោយពេញចិត្ដ​ ២០ទោះបី​មាន​អ្នកណា​ម្នាក់​ យក​អ្នករាល់គ្នា​ទៅ​ធ្វើ​ជា​ទាសករ ឬ​មាន​អ្នកណាម្នាក់​ បំផ្លាញអ្នករាល់គ្នា ឬមាន​អ្នកណាម្នាក់​​ រឹបអូសអ្នករាល់គ្នា ឬមាន​អ្នកណាម្នាក់ ​លើក​​តម្កើងខ្លួន ឬ​មាន​អ្នកណាម្នាក់ ​វាយមុខ​អ្នករាល់គ្នា​ក៏ដោយ ក៏​អ្នករាល់គ្នា​ទ្រាំ​​ ដែរ​ ២១ខ្ញុំ​​និយាយ​ដោយ​សេចក្ដីអាម៉ាស់​ថា យើង​ខ្សោយ​ណាស់‍ ចំពោះ​សេចក្ដីទាំងនេះ​​ បើ​អ្នក​ណា​ហ៊ាន​អួតអំពីអ្វីមួយ​​ នោះខ្ញុំ​និយាយ​ដោយសេចក្ដីចម្កួត​ថា ខ្ញុំ​​ក៏ហ៊ាន​ដែរ‍។​ ២២តើ​ពួកគេ​ជា​ជនជាតិ​ ហេព្រើរ​ឬ? ខ្ញុំ​ក៏​ជនជាតិ​ហេព្រើរ​ដែរ។​ តើ​ពួកគេ​ជា​ជនជាតិ​អ៊ីស្រាអែល​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​អ៊ីស្រាអែល​ដែរ។​ តើ​ពួកគេ​ជា​ពូជពង្ស​លោក​អ័ប្រាហាំ​ឬ?​ ខ្ញុំ​ក៏​ពូជពង្ស​លោក​អ័ប្រាហាំ​ដែរ។​ ២៣តើ​ពួកគេ​ជា​អ្នក​បម្រើ​ព្រះគ្រិស្ដ​ឬ?​ ខ្ញុំ​​និយាយ​ដូច​ជា​មនុស្ស​ឆ្កួត​ថា ខ្ញុំ​លើស​ពួកគេ​ទៅ​ទៀត ខ្ញុំ​បាន​ធ្វើ​ការ​នឿយហត់​យ៉ាង​លើសលប់​ ជាប់​ឃុំឃាំង​ជា​​ញឹកញាប់​ ត្រូវ​គេ​វាយ​​ជា​ញឹកញាប់​ ហើយជិត​ស្លាប់​ជា​ច្រើន​លើក​ច្រើន​សា ២៤ជនជាតិ​យូដា​បាន​វាយខ្ញុំ​​សែសិបរំពាត់​ខ្វះ​​មួយ​​​​​ ចំនួន​ប្រាំ​ដង​ហើយ ២៥ខ្ញុំ​ត្រូវគេ​វាយ​នឹង​ដំបង​បី​ដង ត្រូវគេ​គប់នឹងដុំថ្ម​មួយ​ដង លិច​សំពៅ​បី​ដង រសាត់​នៅ​មហា​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់​ ២៦ខ្ញុំ​បាន​​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ ប្រថុយ​នឹង​គ្រោះថ្នាក់​នៅ​តាម​ទន្លេ គ្រោះថ្នាក់​ដោយសារ​ចោរប្លន់ គ្រោះថ្នាក់​ដោយ សារ​​ជនជាតិ​ឯង គ្រោះថ្នាក់​ដោយសារ​ សាសន៍​ដទៃ គ្រោះថ្នាក់​នៅ​តាម​ក្រុង គ្រោះថ្នាក់​នៅ​តាម​ទី​រហោឋាន គ្រោះថ្នាក់​នៅ​តាម​សមុទ្រ និង​គ្រោះថ្នាក់​ ដោយសារ​បងប្អូន​ក្លែងក្លាយ​ ២៧ទាំងមាន​ការនឿយ​ហត់ និងលំបាក​ អត់​ងងុយជា​​ញឹក​ញាប់ ស្រេកឃ្លាន​ តម​អាហារ​ជា​ញឹកញាប់ រងា​ និងនៅ​​អាក្រាត​ទៀត​ផង។ ២៨ក្រៅ​ពី​សេចក្ដី​ទាំងនេះ ខ្ញុំ​មាន​បន្ទុក​ជា​រៀងរាល់​ថ្ងៃ ដែល​ជា​ការ​ខ្វល់​ខ្វាយ ​ចំពោះ​​ក្រុម​ជំនុំ​ទាំងអស់ ២៩បើមាន​អ្នកណាម្នាក់​ខ្សោយ តើ​ខ្ញុំ​មិន​ខ្សោយ​​ទេ‍ឬ? បើ​មាន​អ្នក​ណា​ម្នាក់ ត្រូវ​​គេធ្វើ​ឲ្យជំពប់​ដួល​ តើ​ខ្ញុំ​មិន​ឆេះឆួល​ទេ‍ឬ? ៣០បើ​ខ្ញុំ​ត្រូវ​​អួត ខ្ញុំ​នឹងអួត​ពី​ភាព​កម្សោយ​​របស់​ខ្ញុំ​ ៣១ហើយ​​ព្រះជាម្ចាស់​ និង​ព្រះវរបិតា​របស់​ព្រះអម្ចាស់​យេស៊ូ​ ជា​ព្រះ​ដែលប្រកប​ដោយ​ព្រះពរ​​អស់កល្ប​ជានិច្ច ព្រះអង្គ​ជ្រាប​ថា ​ខ្ញុំ​មិន​កុហក​ទេ‍។ ​៣២នៅ​ក្រុង​​ដាម៉ាស់​ចៅហ្វាយ​ក្រុង​ របស់​ស្តេច​អើរេតាស​​បាន​យាម​នៅ​ទ្វារ​ក្រុង​ដាម៉ាស់​ ដើម្បីចាប់​ខ្ញុំ​ ៣៣ប៉ុន្ដែ​មាន​គេ​ដាក់​ខ្ញុំ​នៅក្នុង​កញ្ជើ រួចសម្រូត​ចុះ​តាម​បង្អួច​កំផែង ហើយ​ខ្ញុំ​ក៏បាន​រួច​ផុត​​ពី​ដៃ​របស់​គាត់។

២ កូរិនថូស ១១