KCB - ១ ធីម៉ូថេ ៦


១ ធីម៉ូថេ ៦

ចូរ​ឲ្យអស់​អ្នក ​ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បម្រើ​ ចាត់​ទុក​ចៅ​ហ្វាយ​ខ្លួន​ថា​ ជា​អ្នក​ដែល​ស័ក្ដិសម​ទទួល​កិត្ដិយស​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ព្រះនាម​ និង​សេចក្ដី​បង្រៀន​​របស់​ព្រះ​ជាម្ចាស់​ឡើយ។ ​អ្នក​ណា​ដែល​មាន​ចៅ​ហ្វាយ​ជា​អ្នក​ជឿ អ្នក​នោះ​មិន​ត្រូវ​បង្ហាញ ការមិនគោរពចៅ​ហ្វាយ​នោះ ដោយ​ព្រោះ​តែ​ជា​បង​ប្អូន​នឹង​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ​ ត្រូវ​បម្រើ​ចៅ​ហ្វាយ​នោះ​ឲ្យកាន់​តែ​ប្រសើរ ដោយ​ព្រោះ​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍ពី​ការ​បម្រើ​ដ៏​ល្អ​នោះ​ ជា​អ្នក​ជឿ ហើយ​ជា​អ្នក​ជា​ទី​ស្រឡាញ់​‍ទៀតផង‍។ ចូរ​បង្រៀន និង​ដាស់​តឿន​គេ​អំពីសេចក្ដី​ទាំងនេះ​ចុះ។​

សេចក្ដី​បង្រៀន​​ក្លែង​ក្លាយ​ និង​ការ​ស្រឡាញ់​លុយ

បើ​អ្នក​ណា​បង្រៀន​សេចក្ដី​ណា​ផ្សេង​ទៀត ហើយ​មិន​យល់​ស្រប​នឹង​​ព្រះបន្ទូល​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​​យើង និង​សេចក្ដី​បង្រៀន​ អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់ អ្នក​នោះ​កើត​មាន​ចិត្ត​ធំ​ហើយ គេ​មិនយល់​​អ្វី​ទាំង​អស់ គឺ​​វក់​តែ​នឹង​ការ​សួរ​ដេញ​ដោលគ្នា ហើយប្រកែក​គ្នា​អំពី​ពាក្យ​ដែល​នាំ​ឲ្យមាន​ការ​ឈ្នានីស ការ​បាក់​បែក ការ​ជេរ​ប្រមាថ ការ​សង្ស័យ​ដ៏​អាក្រក់ និង​ការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិត​ស្អុយ​រលួយ ហើយ​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ ព្រោះ​ពួកគេ​ស្មាន​ថា ការ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ ជា​មធ្យោបាយ​នាំ​ឲ្យបាន​កម្រៃ​ ប៉ុន្ដែ​ការ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ដោយ​ចិត្ត​ស្កប់​ស្កល់ នោះ​ជា​កម្រៃ​មួយធំ​បំផុត។​ ដ្បិត​យើង​មិន​បាន​យក​អ្វី​ ចូល​មក​ក្នុង​ពិភព​លោក​នេះ​ទេ ហើយ​ក៏​មិន​អាច​យក​អ្វី ​ចេញ​ពី​ពិភព​លោក​នេះ​បាន​ដែរ ដូច្នេះ​បើ​យើង​មាន​អាហារ និង​សម្លៀក​បំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ។ រីឯ​​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​មាន គេ​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ល្បួង និង​អន្ទាក់ ព្រមទាំង​សេចក្តី​ប៉ង​ប្រាថ្នាដ៏​ល្ងង់​ខ្លៅជា​ច្រើន ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ សេចក្តី​ទាំង​នេះ​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​វិនាស និង​សេចក្ដី​អន្តរាយ‍។​ ១០ដ្បិត​ការ​ស្រឡាញ់​លុយ​ ជា​ឫស​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​​​អ្នក​ខ្លះ​ ដោយ​លោភ​​ចង់​បានលុយ​ ​ក៏​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ ហើយ​បាន​ចាក់​ទម្លុះ​ខ្លួន​​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ជា​ច្រើន​ផង‍។​

លោក​ប៉ូល​ណែនាំ​ធីម៉ូថេ​

១១រីឯ​អ្នក​វិញ ឱ​ អ្នក​សំណព្វ​របស់​​ព្រះ​ជាម្ចាស់​អើយ!​ ចូរគេច​ចេញ​​​ពី​សេចក្ដី​ទាំង​នេះ ហើយ​​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ជំនឿ សេចក្ដី​ស្រឡាញ់​ សេចក្ដី​អត់ធ្មត់ និង​សេចក្ដី​ស្លូត​បូត​ចុះ។ ១២​ចូរ​តយុទ្ធ​ខាង​ជំនឿ​ឲ្យ​បាន​ល្អ​ ចូរ​ឈោង​ចាប់​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​ឲ្យមក​ទទួលចុះ​ ហើយ​អ្នក​ក៏​បាន​ប្រកាស​​យ៉ាង​ល្អ​ នៅ​ចំពោះ​មុខ​សាក្សី​ជា​ច្រើន​​ដែរ‍។ ១៣​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ ​ដែល​បាន​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់ និង​នៅ​ចំពោះ​ព្រះ​គ្រិស្ដ​យេស៊ូ​ ដែល​បាន​ធ្វើ​បន្ទាល់​ដោយ​សេចក្ដី​ប្រកាស​ដ៏​ល្អ ​នៅ​ចំពោះ​មុខ​លោក​ប៉ុនទាស​ពីឡាត់​ ខ្ញុំ​បង្គាប់​អ្នក​ថា​ ១៤ចូរ​កាន់​តាម​បញ្ញត្តិ​ឲ្យបាន​ល្អ​ឥត​ខ្ចោះ ឥត​បន្ទោស​បាន​ រហូត​ដល់​ពេល​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​ព្រះ​អម្ចាស់​របស់​យើង​យាង​មក​ ១៥ដែល​ព្រះ​ជាម្ចាស់​នឹង​បង្ហាញ​​ឲ្យឃើញ​នៅ​ពេល​កំណត់។​ ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ពរ ហើយ​ជា​ព្រះ​តែ​មួយ​គត់​មាន​សិទ្ធិ​អំណាច​ធំ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់​ ១៦ជា​ព្រះ​តែ​មួយ​គត់​ដែល​មិន​​សោយទិវង្គត​ ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ ដែល​មិន​អាច​ចូល​ទៅ​ជិត​បាន​ឡើយ ហើយ​ជា​ព្រះ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ឃើញ ឬ​អាច​មើល​ឃើញ​បា​ន​​ដែរ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះកិត្តិយស និង​ព្រះចេស្តា​អស់កល្ប​ជានិច្ច អាម៉ែន។​

១៧ចូរ​បង្គាប់​ពួក​អ្នក​មាន ​នៅ​ក្នុង​ពិភពលោក​​នេះ កុំ​ឲ្យមាន​ឫក​ខ្ពស់ ឬទុក​ចិត្ដ​ទ្រព្យ​សម្បត្តិ​ ដែល​មិន​ទៀង​ទាត់​ឡើយ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ទុកចិត្ត​ព្រះ​ជាម្ចាស់​ ដែល​ប្រទាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូរ​ដល់​យើង ​ដើម្បី​ឲ្យយើង​មាន​អំណរ​​ ១៨​ចូរ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ល្អ ​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ មាន​ចិត្ដ​សប្បុរស ហើយ​មាន​ចិត្ដ​ចែក​រំលែក​ផង‍ ១៩ឲ្យ​ពួកគេ​សន្សំ​ទ្រព្យ​ ដែល​​ជា​គ្រឹះ​ដ៏​ល្អ​ទុក​សម្រាប់​ខ្លួន​នា​ពេល​​អនាគត​ ដើម្បី​ឈោង​ចាប់​​ជីវិត​ដ៏​ពិត​ប្រាកដ។​

២០ឱ​ ធីម៉ូថេ​​អើយ! ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ចូរ​ចៀស​ចេញ​ពី​ពាក្យ​សំដី​​ខាង​លោកិយ​ ដែល​គ្មាន​ខ្លឹម​សារ ព្រមទាំង​ពាក្យ​សំដី​​ជំទាស់​ដែលគេច្រឡំថាជាចំណេះ​ដឹង ២១ទាំង​​មាន​អ្នក​ខ្លះ​ ប្រកាស​អំ​ពី​ចំណេះ​បែប​នេះ ហើយ​វង្វេង​​​ចេញ​ពី​ជំនឿ។ សូម​ឲ្យអ្នករាល់គ្នា​បាន​ប្រកប​​ដោយ​ព្រះគុណ​៕

១ ធីម៉ូថេ ៦