KCB - ១ ធីម៉ូថេ ៥


១ ធីម៉ូថេ ៥

ដំបូន្មាន​ឲ្យមើល​ការ​ខុស​ត្រូវ​​ស្ដ្រី​មេម៉ាយ​ ចាស់ទុំ​ និង​បាវ​បម្រើ​

មិន​ត្រូវ​ ស្តី​បន្ទោស​ប្រុសចាស់‍ៗ ឡើយ ផ្ទុយ​ទៅ​វិញ ដាស់តឿន​គាត់​ដូច​ជា​ឪពុក ហើយ​ប្រុស​ក្មេងៗ​​ដូច​ជា​បងប្អូន​ប្រុស ​ស្រី​​​ចាស់ៗ​ដូច​ជា​ម្តាយ ហើយ​ស្រី​ក្មេង​ៗ​ដូច​ជា​បងប្អូន​ស្រី​ ដោយ​សេចក្ដី​បរិសុទ្ធ​ទាំងស្រុង។ ​ចូរ​គោរព​ស្រ្តី​មេម៉ាយ ​ដែលពិត​​ជា​ស្រ្តី​មេម៉ាយ​​មែន។ ​ប៉ុន្ដែ​បើ​ស្រ្តី​មេម៉ាយ​ណា​មាន​កូន​មាន​ចៅ ចូរ​ឲ្យកូន​ចៅ​ទាំង​នោះ​រៀន​​បង្ហាញ​ភាពកតញ្ញូ​​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​មុន​សិន ព្រមទាំង​សង​គុណ​ដល់​ឪពុក​ម្តាយ ដ្បិត​ធ្វើ​ដូច្នេះ ទើប​សព្វ​ព្រះ​ហឫទ័យ​ព្រះ​ជាម្ចាស់។

​រីឯ​​​ស្រ្តី​មេម៉ាយពិត​ប្រាកដ​ ​ ហើយ​រស់​នៅឯកោ​ ស្រ្ដី​នោះ​នឹង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ទាំង​ព្យាយាមទូល​អង្វរ ហើយ​​អធិស្ឋាន​ទាំង​យប់​ ទាំង​ថ្ងៃ​ ​ប៉ុន្ដែ​ស្រ្តី​មេម៉ាយ​ណា​ ដែល​រស់​នៅ​ក្នុង​សេចក្ដី​ស្រើប​ស្រាល ទោះ​បី​នៅរស់​​​ក៏​ដោយ ក៏​ឈ្មោះ​ថា​ ស្លាប់​ហើយ​ដែរ។

​ចូរ​ទូន្មាន​​​ពួកគេ​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​​ឲ្យពួកគេ​ឥត​​បន្ទោស​បាន​ ​ប៉ុន្ដែ​បើ​អ្នក​ណា​ មិន​ផ្គត់ផ្គង់​សាច់​ញាតិ​របស់​ខ្លួន ជា​ពិសេស​ ក្រុម​គ្រួសារ​របស់​ខ្លួននោះ​ឈ្មោះ​ថា​ បាន​បោះ​បង់​ចោល​ជំនឿ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។

ស្រ្តី​មេម៉ាយ​ ដែល​ត្រូវ​រាប់​ចូល​ក្នុង​បញ្ជី​ ត្រូវ​មាន​អាយុ​ចាប់ពី​ហុកសិប​ឆ្នាំ​ឡើង​ទៅ និង​ធ្លាប់​មាន​ប្តី​តែ​មួយ​​ប៉ុណ្ណោះ​ ១០ហើយ​គាត់​​មាន​កេរ្តិ៍ឈ្មោះ​ល្អ​​ដោយ​ព្រោះអំពើ​ល្អ​ទាំង​ឡាយ​ គឺ​បាន​ចិញ្ចឹម​កូន បាន​​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ បាន​លាង​ជើង​ឲ្យពួក​បរិសុទ្ធ​ បាន​ជួយ​អ្នក​រង​ទុក្ខ​លំបាក និង​បាន​​ខំ​ប្រព្រឹត្ដ​ល្អ​គ្រប់​បែប​យ៉ាង។

១១​រីឯ​ស្រ្តី​មេម៉ាយ​​ក្មេងៗ​​វិញ មិន​ត្រូវ​ចុះ​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ពួក​នាង​ឃ្លាត​ចេញ​ពី​ព្រះ​គ្រិស្ដ​ ដោយ​មាន​ចិត្ដ​ស្រើប​ស្រាល​ ពួកនាង​ចង់​រៀបការ​ទៀត ១២ហើយ​បណ្ដាល​ឲ្យខ្លួន​មាន​ទោស​ ដោយ​ព្រោះ​បំពាន​សេចក្ដី​ដែល​ខ្លួន​បាន​សច្ចា​ពី​មុន‍។​ ១៣ម្យ៉ាង​ទៀតពួក​នាង​ចេះ​តែ​ដើរ​ចុះ​ឡើង ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ធ្វើការ​អ្វី​ទេ ហើយ​មិន​គ្រាន់​តែ​មិន​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​និយាយ​បេះបួយ និង​ជ្រៀត​ជ្រែត​កិច្ចការ​អ្នក​ដទៃ ព្រមទាំង​​និយាយ​ពី​ការ​ផ្សេងៗ​ ដែល​មិន​គួរ​និយាយ​ទៀត​ផង។ ១៤​ដូច្នេះខ្ញុំ​ចង់​ឲ្យ​ស្រ្តី​មេម៉ាយ​​ក្មេងៗ​​រៀប​ការ ​បង្កើត​កូន និង​គ្រប់​គ្រង​ផ្ទះ​សម្បែង​ទៅ​ ដើម្បី​កុំ​ឲ្យអ្នក​ប្រឆាំង​ មាន​ឱកាស​និយាយ​បង្ខូច​បាន​ឡើយ។ ១៥ដ្បិតមាន​ស្រ្ដី​មេម៉ាយ​មួយចំនួន ​​បាន​បែរ​ទៅ​តាមអារក្សសាតាំង​ហើយ។

១៦​បើ​មាន​ស្រ្ដី​អ្នក​ជឿ​ម្នាក់ មាន​សាច់​ញាតិ​ជា​ស្រ្តី​មេម៉ាយ ចូរ​ឲ្យស្ដ្រី​នោះ​ជួយ​ស្ដ្រីមេម៉ាយ​នោះ​​ចុះ មិន​ត្រូវ​ដាក់​បន្ទុក​លើ​ក្រុម​ជំនុំ​ទេ​ ដើម្បី​ឲ្យក្រុម​ជំនុំ​ជួយ​ពួក​​ស្រ្តី​មេម៉ាយ​​ពិត​ប្រាកដ។ ១៧​ចាស់​ទុំ​ទាំង​ឡាយ​ណា​ដែល​ដឹក​នាំ​បាន​ល្អ នោះ​​ត្រូវ​រាប់ជា​ ស័ក្ដិសម​នឹង​ទទួល​កិត្តិយស​ទ្វេ​ដង​ ជា​ពិសេស ​ពួក​ចាស់​ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល និង​ការ​បង្រៀន។ ១៨​ដ្បិត​បទ​គម្ពីរ​ចែង​ទុក​ថា មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ ពេល​បញ្ជាន់​ស្រូវ​ឡើយ​ ហើយ​ចែង​ទុក​ទៀត​ថា អ្នក​ធ្វើ​ការ​ស័ក្ដិសម​ នឹង​ទទួល​បាន​ឈ្នួល​របស់​ខ្លួន​។​

១៩មិន​ត្រូវ​ទទួល​យក ​ពាក្យ​ចោទ​ប្រកាន់​ទាស់​នឹង ​ចាស់​ទុំ​ណា​ម្នាក់​ឡើយ លើក​លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។ ២០រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​បាប ចូរ​ស្តី​បន្ទោស​អ្នក​នោះ​ នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យអ្នក​ផ្សេង​ទៀត​ខ្លាច​ដែរ។

២១​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ និង​ព្រះគ្រិស្ដ​យេស៊ូ ព្រមទាំង​ពួក​ទេវតា​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ខ្ញុំ​សូម​ដាស់តឿន​យ៉ាង​ម៉ឹង​ម៉ាត់​ថា អ្នក​ត្រូវ​កាន់​​​តាម​សេចក្ដី​ទាំងនេះ​ដោយ​មិន​រើស​មុខ​អ្នក​ណា ឬ​ធ្វើ​អ្វី​ដោយ​លំអៀងឡើយ។ ២២កុំ​ប្រញាប់​ដាក់​ដៃ​លើ​​អ្នក​ណា​ម្នាក់ ហើយ​មិន​ត្រូវ​​រួម​ចំណែក​ ក្នុង​​បាប​របស់​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ​ ចូរ​រក្សា​ខ្លួន​ឲ្យបរិសុទ្ធ។

២៣​កុំ​ផឹក​តែ​ទឹក​ឡើយ ចូរ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​បន្តិច​បន្ដួច​ផង ដោយព្រោះ​​ក្រពះ​ និង​ជំងឺ​ដែល​អ្នក​មាន​ជា​រឿយៗ។

២៤បាប​របស់​មនុស្ស​ខ្លះ ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅមុន​ការ​ជំនុំ​ជម្រះ​ ប៉ុន្តែ​​​បាប​របស់​មនុស្ស​ខ្លះ​នឹងបង្ហាញ​ឲ្យ​ឃើញ​​តាម​​ក្រោយ​ ២៥​រីឯ​​ការ​ល្អ​វិញ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ ​ហើយ​ទោះបី​មិន​​ឃើញ​ច្បាស់ ក៏​មិន​អាច​​លាក់​បាំង​បានដែរ។

១ ធីម៉ូថេ ៥